ឧបករណ៍អគ្គិសនី

រដ្ឋាភិបាល ស្នើឱ្យពលរដ្ឋងាកមកប្រើឧបករណ៍អគ្គិសនីសម្រាប់ចម្អិនម្ហូបអាហារ ដើម្បីសន្សំហ្គាស តែអ្នកជំនាញថា អាចមានការលំបាកសម្រាប់អ្នកខ្វះខាត


វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ សូម្បីតែតម្លៃឧស្ម័នហ្គាស (LPG) ក៏បានហក់ឡើងខ្ពស់ផងដែរ ហើយអ្វីដែលកាន់តែគួរព្រួយបារម្ភឧស្ម័ននេះកំពុងប្រឈមនឹងការខ្វះខាត។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យពលរដ្ឋងាកមកប្រើប្រាស់ឧបករណ៍អគ្គិសនីជំនួសវិញ ដើម្បីសន្សំសំចៃការប្រើប្រាស់ហ្គាស។ យ៉ាងណាមិញអ្នកជំនាញស្នើឱ្យអាជ្ញាធរចុះត្រួតពិនិត្យតម្លៃឧបករណ៍អគ្គិសនីនៅតាមទីផ្សារ ក្រែងលមានជនឆ្លៀតឱកាសលក់ដំឡើងថ្លៃហួសហេតុក្នុងកាលៈទេសៈដ៏លំបាកនេះ។
ឧបករណ៍អគ្គិសនី
ដោយ

តាមរយៈការថ្លែងសារនៅលើបណ្តាញសង្គម ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពឧស្ម័នហ្គាស តាមរយៈការងាកប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងការចម្អិនម្ហូបអាហារផ្សេងៗ។ ឯកឧត្តមជឿជាក់ថា ប្រសិនបើពលរដ្ឋនាំគ្នាមកប្រើប្រាស់ឧបករណ៍អគ្គិសនី វានឹងជួយសន្សំសំចៃថាមពលហ្គាសបានយ៉ាងច្រើន សម្រាប់បម្រើឱ្យការប្រើប្រាស់ចាំបាច់ ជាពិសេសសម្រាប់អ្នករត់តាក់ស៊ី និងតុកតុកជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុងថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គមយល់ឃើញថា ការងាកមកប្រើប្រាស់ឧបករណ៍អគ្គិសនីជំនួសឱ្យការប្រើឧស្ម័នហ្គាសសម្រាប់ចម្អិនអាហារអាចជារឿងងាយស្រួលសម្រាប់ពលរដ្ឋ ដែលមានជីវភាពធូរធារ ប៉ុន្តែសម្រាប់ពលរដ្ឋ ដែលខ្វះខាតអាចជួបការលំបាក។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអាចឱ្យពលរដ្ឋងាកមកប្រើប្រាស់ឧបករណ៍អគ្គិសនីលុះត្រាតែរដ្ឋាភិបាលដាក់ចេញគោលនយោបាយកំណត់តម្លៃអគ្គិសនីឱ្យក្រោមតម្លៃឧស្ម័នហ្គាស។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតបានគាំទ្រការអំពាវនាវឱ្យពលរដ្ឋងាកទៅប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងអំឡុងពេលហ្គាសកំពុងឡើងថ្លៃ និងកំពុងប្រឈមនឹងការលំបាកក្នុងការនាំចូលនេះ។ តែយ៉ាងណា លោកស្នើឱ្យអាជ្ញាធរត្រួតពិនិត្យលើតម្លៃឧបករណ៍អគ្គិសនីនៅលើទីផ្សារផងដែរ ដើម្បីការពារកុំឱ្យមានការឆ្លៀតឱកាសឡើងថ្លៃនៅពេលតម្រូវការកើនឡើង។ ទន្ទឹមនឹងនេះ លោក ក៏បានស្នើឱ្យរដ្ឋាភិបាលរក្សាស្ថិរភាពតម្លៃអគ្គិសនី ជាពិសេសគួរមានយន្តការច្បាស់លាស់ជាងបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា នាពេលថ្មីនេះក្រុមហ៊ុនសូគីម៉ិច ដែលជាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ និងហ្គាសឈានមុខគេមួយនៅកម្ពុជា បានប្រកាសផ្អាកការផ្គត់ផ្គង់ ហ្គាស ជាបណ្តោះអាសន្ន ចាប់ពីខែមេសា តទៅ ដោយសារមិនអាចនាំចូលមកចែកចាយបានបន្តទៀត ក្រោយផ្លូវដឹកជញ្ជូនរងការគំរាមកំហែងធ្ងន់ធ្ងរពីជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម កែវ រតនៈ ស្នើឱ្យកុំឱ្យមានការភ័យស្លន់ស្លោ ព្រោះអត់ពីក្រុមហ៊ុននេះ កម្ពុជា នៅមានក្រុមហ៊ុនជាច្រើនទៀតដែលបាននាំចូលហ្គាសមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុន សូគីម៉ិច មានចំណែកត្រឹមតែ៣%ប៉ុណ្ណោះ នៃការផ្គត់ផ្គង់ហ្គាសសរុបនៅកម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើរដ្ឋាភិបាល គួរដាក់ចេញយន្តការអ្វីខ្លះ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីការកើនឡើងតម្លៃប្រេងឥន្ធនៈ?

ការហក់ឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលបណ្តាលមកពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កផលប៉ះពាល់ជាសកល រួមទាំងកម្ពុជា ផងដែរ។ វិបត្តិនេះបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ