
ដើម្បីស្វែងរកថាមពលមកបង្រ្គប់សេចក្តីត្រូវការ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គ្រោងនឹងបង្កើនការនាំចូលអគ្គិសនីពីប្រទេសចិន និងឡាវ ពី១,៦ ទៅ៥ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០។ តម្រូវការអគ្គិសនីរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករថា នឹងកើនឡើងចន្លោះពី១២% ទៅ១៤% ជារៀងរាល់ឆ្នាំ ខណៈដែលរដ្ឋាភិបាលកំណត់គោលដៅនៃអត្រាកំណើនពីរខ្ទង់ប្រចាំឆ្នាំ ដើម្បីសម្រេចបាននូវឋានៈជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
តាមការប៉ាន់ប្រមាណ ទំហំថាមពលដែលវៀតណាមនឹងប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ធំជាងបច្ចុប្បន្នប្រមាណ៣៥% ពោលគឺមានតម្រូវការថាមពលដល់ទៅ២១ម៉ឺនមេហ្គាវាត់។ ជាមួយនឹងផែនការនេះ វៀតណាម កំពុងរៀបចំផែនការទិញថាមពលពីចិន ប្រមាណ៣ពាន់៧រយមេហ្គាវ៉ាត់ និងពីឡាវ ប្រមាណ៦ពាន់៨រយមេហ្គាវ៉ាត់។
ក្រៅពីការប៉ុនប៉ងទិញអគ្គិសនីពីប្រទេសជិតខាងហើយនោះ ដើម្បីធានាសន្តិសុខថាមពលអគ្គិសនីដែលជាជន្ទល់នៃនិរន្តរភាពផលិតកម្ម ប្រទេសវៀតណាម ក៏កំពុងគិតគូរអភិវឌ្ឈរោងចក្រថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែផងដែរ។
មកដល់ពេលនេះ វៀតណាម មានគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែយ៉ាងហោចណាស់ពីរនៅខេត្តនិញ ធួន (Ninh Thuan) ដែលជាតំបន់ឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេស ឫភាគខាងកើតនៃសមុទ្រចិន ខាងត្បូង។ ដើម្បីដំណើរការកម្មវិធីអភិវឌ្ឈថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែនេះ វៀតណាម កំពុងរៀបចំជ្រើសរើសវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកផ្សេងទៀតប្រហែល២ពាន់៤រយនាក់៕
ដោយៈ សរ សុជាតិ