វិស័យ ថាមពល

កម្ពុជា ប្តេជ្ញាមិនដំឡើងថ្លៃអគ្គិសនី ទោះតម្លៃប្រេងហក់ឡើង ខណៈអ្នកជំនាញចាត់ទុកជាការលើកទឹកចិត្តដ៏សំខាន់ដល់វិនិយោគិន


ទោះបីតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងហក់ឡើងបំបែកកំណត់ត្រា ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា តែរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា វិបត្តិនេះនឹងមិនបង្កឱ្យមានការដំឡើងថ្លៃអគ្គិសនី ឬកង្វះខាតថាមពលនៅក្នុងប្រទេសកម្ពុជា នោះឡើយ។ ស្របពេលជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានចាត់ទុកជំហរដ៏រឹងមាំនេះថា ជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញទំនុកចិត្តពីអ្នកវិនិយោគអន្តរជាតិ។
វិស័យ ថាមពល
ដោយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានឹងមិនដំឡើងថ្លៃអគ្គិសនីនោះទេ ហើយកម្ពុជា ក៏មិនខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះដែរ បើទោះបីតម្លៃប្រេងអន្តរជាតិ ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ។ បើតាមថ្នាក់ដឹកនាំរូបនេះ មកដល់ពេលនេះ កម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីពីទំនប់វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រភពអគ្គិសនីដើរដោយថាមពលឧស្ម័ន និងការតភ្ជាប់អគ្គិសនីពីប្រទេសឡាវជាដើម។

ជាមួយគ្នានេះ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានចាត់ទុកការរក្សាស្ថិរភាពតម្លៃអគ្គិសនីរបស់កម្ពុជា នឹងផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកវិនិយោគ។ សម្រាប់លោក ខេស៊ី ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ទំនងជាមិនបង្កផលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងនៅកម្ពុជា នោះទេ ដោយសារមកដល់ពេលនេះ កម្ពុជា មានប្រភពផ្គត់ផ្គង់ប្រេងពីបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលកំពុងសម្រុកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគបៃតងកំពូលមួយនៅក្នុងតំបន់។ ផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះនឹងផ្តោតសំខាន់លើការប្តូរទៅប្រើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងហ្វូស៊ីល, ការបង្កើតការងារតាមរយៈការទាក់ទាញរោងចក្រ ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងការរក្សានិរន្តរភាពសេដ្ឋកិច្ច ដោយធានាថា ការរីកចម្រើនមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។ សរុបមកការរក្សាតម្លៃអគ្គិសនីឱ្យនៅថេរ មិនត្រឹមតែជាការសម្រាលបន្ទុកជីវភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបោះជំហានយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាតំបន់សុវត្ថិភាពសេដ្ឋកិច្ចក្នុងចំណោមពិភពលោក ដែលកំពុងមានភាពចលាចល៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ប្រកាសផ្អាកកិច្ចពិភាក្សាជុំវិញក្រុមប្រឹក្សាសន្តិភាព ក្រោយអាម៉េរិក បើកការវាយប្រហារអ៊ីរ៉ង់

ឥណ្ឌូនេស៊ី បានសម្រេចចិត្តបោះជំហានថយក្រោយគួរឱ្យភ្ញាក់ផ្អើល ដោយប្រកាសផ្អាកការពិភាក្សាជាផ្លូវការអំពីក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមរប…

អ្នកជំនាញយល់ថា រដ្ឋាភិបាលគួរបញ្ចេញថវិកាប្រមូលទិញកសិផលពីកសិករ ដើម្បីពង្រឹងសន្តិសុខស្បៀង ស្របពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ារាលដាលកាន់តែខ្លាំង

ស្របពេលដែលមហាអំណាចនុយក្លេអ៊ែ ដូចជា ចក្រភពអង់គ្លេស និងបារាំង ចាប់ផ្ដើមបញ្ជូននាវាចម្បាំង និងខែលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ