សណ្ដាប់ធ្នាប់សង្គម

អ្នកជំនាញស្នើឱ្យអាជ្ញាធរទប់ស្កាត់ និងលុបបំបាត់អ្នកសុំទាននៅទីក្រុងភ្នំពេញ និងតាមតំបន់ទេសចរណ៍នានា ដើម្បីការពារមុខមាត់ប្រទេស


វត្តមានកុមារ និងមនុស្សចាស់ដើរសុំប្រាក់គេនៅតាមតំបន់ទេសចរណ៍សំខាន់ៗ និងក្នុងរាជធានីភ្នំពេញ កំពុងចោទជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះកម្ពុជា។ ជុំវិញវិបត្តិនេះ ក្រុមអ្នកជំនាញបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវរកឫសគល់ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ជំនួយដល់អ្នកទីទ័លក្រពិតប្រាកដ និងទប់ស្កាត់ជាបន្ទាន់នូវអំពើកេងប្រវ័ញ្ចលើកុមារ ព្រមទាំងករណីយកការដើរសុំលុយគេធ្វើជាមុខរបរ។
សណ្ដាប់ធ្នាប់សង្គម
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានកត់សម្គាល់ឃើញថា វត្តមានកុមារ និងមនុស្សចាស់ដើរសុំទាននៅតែបន្តកើតមានជារឿយៗនៅតាមតំបន់រមណីយដ្ឋានដូចជាទន្លេបាទី ប្រាសាទនាងខ្មៅ និងតំបន់ភ្នំព្រះរាជទ្រព្យជាដើម ដែលធ្វើឱ្យរំខានដល់ភ្ញៀវទេសចរ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏សង្កេតឃើញបញ្ហានេះកើតមានឡើងនៅរាជធានីភ្នំពេញផងដែរ ដែលរូបភាពអវិជ្ជមានទាំងនេះអាចនឹងត្រូវក្រុមខិលខូចយកទៅប្រើប្រាស់ជាឧបករណ៍ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនិងតំបន់ទេសចរណ៍របស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិតស្នើឱ្យអាជ្ញាធរបង្កើនយុទ្ធសាស្ត្រដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបែងចែកឱ្យច្បាស់រវាងអ្នកដែលមានជីវភាពខ្សត់ខ្សោយពិតប្រាកដ ដើម្បីផ្ដល់ការងារ និងជំនួយសង្គមឱ្យចំគោលដៅ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ទោះបីជាបញ្ហាជនសុំទាននៅតាមតំបន់ទេសចរណ៍អាចកើតមាននៅប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែនៅកម្ពុជាករណីកុមារ និងមនុស្សចាស់ដើរសុំទានហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងក្នុងក្រុង និងតាមតំបន់ទេសចរណ៍។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែស៊ើបអង្កេតឱ្យបានដិតដល់បំផុត ព្រោះក្រៅពីអ្នកខ្វះខាតពិតប្រាកដ ក៏អាចមានបុគ្គលខិលខូចមួយចំនួនដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ តែបែរជាយកការសុំទានធ្វើជាមុខរបរ ឬធ្ងន់ធ្ងរជាងនេះ គឺមានការបង្ខំ និងយកកុមារឱ្យទៅសុំទានជំនួស ដែលជាអំពើកេងប្រវ័ញ្ចសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅគោលនយោបាយ ស្ដីពី ការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងរាជធានី-ខេត្ត ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យរួមមួយប្រកបដោយសុក្រឹតភាព និងសង្គតិភាព។ នេះជាបោះជំហានប្រវត្តិសាស្ត្រជាលើកដំបូងរបស់រាជរដ្ឋាភិបាលក្នុងការកំណត់មុខសញ្ញា ចាត់វិធានការឆ្លើយតបឱ្យចំសេចក្តីត្រូវការជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពជនអនាថានៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញសង្ស័យមានការនាំចូលអំបិលរ៉ែពីថៃ តាមច្រកឡាវ ចូលមកទីផ្សារកម្ពុជា រួចបន្លំជាអំបិលផលិតក្នុងស្រុក

ក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា មានការ​នាំចូលអំបិលរ៉ែពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកទីផ្សារកម្ពុជា ដោយដាក់លក់ក្នុងតម្លៃថោកៗ ធ្វើ…

ថៃព្យាយាមឱ្យទូតប្រទេសទី៣ បញ្ចុះបញ្ចូលកម្ពុជាកុំលើកឡើងពីបញ្ហាជម្លោះព្រំដែន នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី ប៉ុន្ដែកម្ពុជាបដិសេធ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដេវីត អះអាងថា ភាគីថៃបាន​ព្យាយាមពឹងពាក់ឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទី៣មួយ មកបញ្ចុះបញ្ចូលរូបលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ