សារព័ត៌មាន South China Morning Post បានរាយការណ៍ថា អ្នកវិភាគកាន់តែច្រើនឡើងមកពីបណ្ដាធនាគារវិនិយោគ និងភ្នាក់ងារអចលនទ្រព្យទូទាំងពិភលោកបានលើកឡើងថា ក្រោយដាំក្បាលចុះប្រមាណ៥ឆ្នាំកន្លងមកនេះ ទីផ្សារលំនៅឋានរបស់ចិន ចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗហើយ។ ជាក់ស្ដែង ធនាគារអាម៉េរិក Bank of America បានលើកឡើងថា ទីផ្សារលំនៅឋានក្នុងប្រទេសចិន ចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗហើយ ជាមួយស្ថិរភាពតម្លៃ លទ្ធភាពទិញផុ្ទះកាន់តែប្រសើរឡើងជាពិសេសនៅក្នុងទីក្រុងធំៗដូចជា ក្រុងសៀងហៃ និងក្រុងស៊ិនជិន(Shenzhen) ជាដើម បន្ទាប់ពីបានដាំក្បាលចុះរហូតដល់ទៅជាង៣០% ចាប់តាំងពីឆ្នាំ២០២១។ ទន្ទឹមនេះ ទីផ្សារជួលនៅក្នុងទីក្រុងទាំងនេះក៏មានស្ថិរភាពផងដែរ ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យដូចជាឧស្សាហកម្ម និងបច្ចេកវិទ្យា AI ជាដើម។
ទិន្នន័យលក់នៅក្នុងខែមេសា កន្លងទៅបង្ហាញថា ការលក់ផ្ទះថ្មីនៅក្នុងទីក្រុងធំៗចំនួន៣០បានកើនឡើងបន្តិច ដែលការកើនឡើងនេះជំរុញដោយការងើបឡើងវិញយ៉ាងរឹងមាំនៅក្នុងបណ្ដាទីក្រុងលំដាប់កំពូល ខណៈដែលប្រតិបត្តិការទិញលក់ផ្ទះ ដែលមានស្រាប់ក៏កើនឡើងដែរ។ ចំណាប់អារម្មណ៍របស់អ្នកទិញ និងការទៅមើលផ្ទះបានកើនឡើង ទោះបីជាការទិញនៅតែមានការប្រុងប្រយ័ត្នក៏ដោយ។
ជាមួយគ្នានេះ ធនាគារមួយទៀតរបស់អាម៉េរិក Citi Bank ក៏មើលឃើញទីផ្សារលំនៅឋានចិន ប្រសើរឡើងផងដែរ ដោយការលក់ផ្ទះថ្មី និងផ្ទះចាស់ប្រើរួចបានកើនឡើងតិចតួច ខណៈដែលអចលនទ្រព្យប្រណីតៗនៅក្នុងទីក្រុងធំៗមានដំណើរការល្អ ដោយបង្ហាញពីភាពធន់សូម្បីតែអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។
ការគាំទ្រពីរដ្ឋាភិបាលចិន កំពុងដើរតួនាទីយ៉ាងសំខាន់។ រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនភីង កំពុងជំរុញគោលនយោបាយ ដើម្បីរក្សាស្ថិរភាពតម្លៃ បន្ធូរបន្ថយច្បាប់ទិញផ្ទះ និងកាត់បន្ថយស្តុកលំនៅឋានដែលសល់ចាល់លក់មិនចេញ។ ទីក្រុងនានាដូចជា ទីក្រុងស៊ិនជិន (Shenzhen) ជាដើម បានបន្ធូរបន្ថយការរឹតបន្តឹងរួចហើយ ដើម្បីជំរុញតម្រូវការ។
ទោះជាយ៉ាងណា ហានិភ័យនៅតែមាន ដោយក្រុមអ្នកវិភាគព្រមានថាការងើបឡើងវិញក្នុងពេលកន្លងមកមានរយៈពេលខ្លីប៉ុណ្ណោះ ហើយការងើបឡើងវិញប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុងធំៗរបស់ចិន គឺមានសារៈសំខាន់ មុនពេលការងើបឡើងវិញអាចរីករាលដាលទូទាំងប្រទេស៕
ដោយ: តែម សុខុម