អ្វីដែលជាការកត់សម្គាល់ ក្នុងនោះទីក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ខណៈទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុងប្រាក នៃសាធារណរដ្ឋឆែក សៀងហៃ ប្រទេសចិន និងអាហ្គ្រា ប្រទេសឥណ្ឌា ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលអ្នកដំណើរត្រូវប្រុងប្រយ័ត្នបំផុតផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងទេសចរណ៍ Compare the Market។
ការស្រាវជ្រាវរបស់ក្រុមហ៊ុនធានារ៉ាប់រងទេសចរណ៍ Compare the Market បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់លេខ១ ក្នុងចំណោមទីក្រុងល្បីៗ៥ នៅលើពិភពលោកមានហានិភ័យឆបោក និងចោរលូកហោប៉ៅលួចទ្រព្យខ្ពស់បំផុត។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការវិភាគទិន្នន័យពីការវាយតម្លៃលើគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor និងទិន្នន័យអំពីបទល្មើសពី ដាតាបេស មានឈ្មោះថា ណាំប៊ីអូ (Numbeo) ដើម្បីវាស់ស្ទង់ហានិភ័យនៃការឆបោក និងការលូកហោប៉ៅលួចទ្រព្យនៅទីក្រុងទេសចរណ៍នានា។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ទីក្រុងបាងកករបស់ថៃ ទទួលបានពិន្ទុខ្ពស់បំផុតដោយសារករណីឆបោកភ្ញៀវទេសចរត្រូវបានរាយការណ៍កើតឡើងញឹកញាប់ ជាពិសេសនៅតំបន់ព្រះបរមរាជវាំង ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយម។ ចំណាត់ថ្នាក់លេខ២ គឺទីក្រុងប៉ារីស ប្រទេសបារាំង ដែលល្បីខាងករណីលួចកាបូប និងលួចទ្រព្យពីភ្ញៀវទេសចរ។ រីឯទីក្រុងប្រាក នៃសាធារណរដ្ឋឆែក ជាប់លេខ៣ ក្រុងសៀងហៃ ប្រទេសចិន ជាប់លេខ៤ ហើយទីក្រុងអាហ្គ្រា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៥។
ទោះជាយ៉ាងណារបាយការណ៍នេះបានបញ្ជាក់ថា ការជាប់ក្នុងបញ្ជីនេះមិនមែនមានន័យថា អ្នកមិនគួរធ្វើដំណើរទៅកាន់ទីក្រុងទាំងនេះនោះឡើយ ប៉ុន្តែជាការក្រើនរំឭកដាស់តឿនឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្សេងៗ និងសិក្សាពីល្បិចឆបោកដែលកើតមានជាញឹកញាប់មុនធ្វើដំណើរ៕
ដោយ: តែម សុខុម