លោកបណ្ឌិត ប៉ា ចាន់រឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការបើកប្រាក់បៀត្សរ៍តាមប្រព័ន្ធធនាគារ គឺជាស្តង់ដានៃអភិបាលកិច្ចល្អ ដែលត្រូវបានប្រទេសជាច្រើនបានអនុវត្ត ដើម្បីទប់ស្កាត់ទាហានខ្មោច និងធានាថា ប្រាក់បៀវត្សរ៍បានទៅដល់ដៃយោធិនដោយសុវត្ថិភាព។ បន្ថែមលើនេះការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ វាចំណេញពេលវេលា និងជួយធានាតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ។ ទន្ទឹមនឹងការស្នើឱ្យបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ អ្នកជំនាញ ក៏ទទូចឱ្យរដ្ឋាភិបាលគួរផ្ដល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់យោធិន ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ព្យាបាល និងសេវាផ្សេងៗស្មើភាពគ្នានឹងមន្ត្រីរាជការដទៃទៀតផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ឃើញថា ក្នុងសម័យកាលបច្ចេកវិទ្យានេះ រដ្ឋាភិបាលគួរតែពិចារណាជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីអនុវត្តការបើកប្រាក់ខែដល់កងទ័ពតាមប្រព័ន្ធធនាគារ។ លោកសង្កត់ធ្ងន់ថា នេះជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីដោះស្រាយមន្ទិលសង្ស័យរបស់មហាជនជុំវិញបញ្ហាទាហានខ្មោច ហើយរដ្ឋាភិបាលក៏គួរផ្តល់បណ្ណគាំពារសង្គមពិសេសដល់កងទ័ព ដើម្បីលើកកម្ពស់សុខមាលភាពយោធិនតាមរយៈប្រព័ន្ធគាំពារសង្គមផងដែរ។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ ថា ទោះបីបច្ចុប្បន្នកងទ័ពមិនទាន់មានបណ្ណ ប.ស.ស ក៏ពិតមែន ប៉ុន្តែយោធិនអាចចូលព្យាបាលជំងឺនៅតាមមន្ទីរពេទ្យយោធាដោយឥតគិតថ្លៃ។ ឯកឧត្តមបន្ថែមថា រដ្ឋាភិបាល កំពុងបន្តពង្រឹងសមត្ថភាពមន្ទីរពេទ្យយោធាឱ្យកាន់តែប្រសើរ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនកងកម្លាំងប្រដាប់អាវុធឱ្យបានគ្រប់ជ្រុងជ្រោយ៕
អត្ថបទ៖ ជា ម៉ារ៉ា