ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានបង្ហើបឱ្យដឹងថា លោកមានផែនការកែទម្រង់ថ្មីនូវមាតិកានៅលើ Twitter កម្ចាត់ព័ត៌មានក្លែងក្លាយ និងការពារមិនឱ្យវាក្លាយជាកន្លែងនៃការបង្ហោះដែលពោរពេញដោយការស្អប់ខ្ពើម និងបែងចែកបក្សពួកគ្នានោះទេ ព្រមទាំងកំណត់នូវមាតិការឿងរ៉ាវដែលរសើបៗផងដែរ។
លោកអះអាងថា លោកទិញ Twitter មិនមែនដើម្បីបង្កើតលុយឱ្យកាន់តែច្រើនទេ តែដើម្បីព្យាយាមជួយដល់មនុស្ស។
បន្ទាប់ពីបានក្លាយអ្នកដឹកនាំកំពូលថ្មីរបស់បណ្តាញសង្គមយក្សមួយនេះ លោក Elon Musk បានបណ្តេញនាយកប្រតិបត្តិ Twitter លោក Parag Agrawal និងប្រធានមន្ត្រីហិរញ្ញវត្ថុ លោក Ned Segal ព្រមទាំងប្រធានផ្នែកកិច្ចការច្បាប់ និងគោលនយោបាយ លោក Vijaya Gadde ផងដែរ ក្រោមការចោទប្រកាន់ថា ប្រធានធំៗទាំងនេះបានផ្តល់តួលេខឲ្យលោក ខុសទាក់ទងនឹងចំនួនគណនីក្លែងក្លាយលើ Twitter។ នៅពេលកិច្ចព្រមព្រៀងត្រូវបានសម្រេចភ្លាមៗ ពេលនោះគេបានឃើញលោក Agrawal និង Segal ត្រូវបានអមនាំចេញពីទីស្នាក់ការកណ្តាលក្រុមហ៊ុន Twitter ក្នុងរដ្ឋ San Francisco។
មហាសេដ្ឋីលំដាប់ទីមួយក្នុងលោករូបនេះ ក៏គ្រោងកាត់បន្ថយបុគ្គលិកក្នុងក្រុមហ៊ុននេះដែរ ដែលធ្វើឱ្យនិយោជិកប្រមាណ ៧៥០០នាក់ ត្រូវខ្វល់ខ្វាយពីអនាគតការងាររបស់ពួកគេ។
គួររំលឹកថា កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Twitter បានទទួលយកសំណើរបស់លោក Elon Musk ក្នុងការទិញបណ្តាញសង្គមនេះ។ ប៉ុន្តែក្រោយមក លោកមានការសង្ស័យចំពោះទិន្នន័យមិនគ្រប់គ្រាន់ពីចំនួនអ្នកប្រើគណនីក្លែងក្លាយ ដែលបានដាក់នៅក្នុងកិច្ចព្រមព្រៀង។ ពេលនោះលោកបានបង្ហើបថា លោកនឹងលុបចោលកិច្ចព្រមព្រៀងនេះវិញ ប៉ុន្តែត្រូវបានប្តឹងដោយក្រុមហ៊ុន Twitter ដោយចោទលោកថា មិនគោរពកាតព្វកិច្ចរបស់លោកចំពោះក្រុមហ៊ុន Twitter និងម្ចាស់ភាគហ៊ុន។
ការប្តឹងផ្តល់គ្នានេះបានឡើងដល់តុលាការអស់រយៈពេលជាច្រើនខែ រហូតដល់ថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ទើបលោក Elon Musk បានប្តូរចិត្ត ហើយចង់បន្តទិញ Twitter ដដែល ប្រសិនបើ Twitter ព្រមបញ្ចប់រឿងក្តីនេះ។ មួយថ្ងៃក្រោយមក តុលាការរដ្ឋ Delaware បានសម្រេចពន្យារពេលកាត់ក្តីទៅដល់ខែវិច្ឆិកា និងបង្គាប់ឱ្យភាគីទាំងពីរ ត្រូវសម្រេចកិច្ចព្រមព្រៀងឱ្យបាននៅត្រឹមថ្ងៃទី២៨ ខែតុលា។
ចំពោះកត្តាមួយផ្សេងទៀតដែលជំរុញឱ្យលោក Elon Musk ទិញយក Twitter នោះគឺពាក់ព័ន្ធនឹងកម្មវិធីដ៏អាថ៌កំបាំងមួយ។ លោកបានបង្ហោះឱ្យដឹងកាលពីដើមខែតុលាថា ការទិញ Twitter គឺជាសន្ទុះនៃការបង្កើតអ្វីមួយ ដែលជាកម្មវិធី App មានអ្វីៗគ្រប់យ៉ាងនៅក្នុងនេះទាំងអស់។
គេមិនទាន់ដឹងទេថា App នេះជាអ្វីឱ្យពិតប្រាកដនោះទេ។ ប៉ុន្តែលោក Elon Musk បានចាប់អារម្មណ៍នៅក្នុងការបង្កើតបណ្តាញសង្គមមួយ ដែលយកគំរូតាមបណ្តាញសង្គមចិន WeChat របស់ក្រុមហ៊ុន Tencent។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times ឱ្យដឹងថា នៅក្នុងប្រទេសចិន WeChat ត្រូវបានប្រើប្រាស់ដោយមនុស្សជាង ១ពាន់លាននាក់ ដោយវាជា App បណ្តាញសង្គម ផ្ញើសារ និងទូទាត់លុយ។ វាក៏ជា App ដែលអ្នកប្រើប្រាស់អាចកម្មង់អាហារ កក់តាក់ស៊ី និងស្វែងរកព័ត៌មាន ដែលជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្ស។ លោក Elon Musk និយាយថា ប្រសិនបើមានមនុស្សគ្រប់គ្រាន់ប្រើប្រាស់ App ស្រដៀងគ្នានេះ វាក៏អាចបង្កើតនូវប្រព័ន្ធទូទាត់លុយដូចគ្នាផងដែរ៕អត្ថបទ៖ នៅ សំភី