
លទ្ធផលបឋមដែលគេបានបង្ហោះលើគេហទំព័របោះឆ្នោតថ្នាក់ស្រុក បានបង្ហាញថា ពលរដ្ឋចំនួន១៧៣នាក់ ទល់នឹង៤នាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញកន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែត និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX បានបោះឆ្នោតគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំក្នុងការដាក់បញ្ចូលតំបន់ Starbase ជាទីក្រុងផ្ទាល់របស់លោក អេឡិន ម៉ាស់។
តំបន់ Starbase ជាកន្លែងរោងចក្រផលិតកម្មដ៏ធំបំផុតរបស់លោក ម៉ាស់ ដែលមានទំហំផ្ទៃដីជាង២គីឡូម៉ែត្រការ៉េ ដែលគ្របដណ្ដប់ទីក្រុងមាត់សមុទ្រ ហើយបុគ្គលិករបស់ក្រុមហ៊ុន SpaceX ស្ទើរតែទាំងស្រុងកំពុងរស់នៅក្នុងតំបន់នេះ។
ការបង្កើតទីក្រុង Starbase នេះមិនមែនជាការអនុញ្ញាតឱ្យលោក ម៉ាស់ អាចធ្វើអ្វីៗតាមចិត្តរបស់ខ្លួនដោយមិនគិតថ្លៃនោះទេ ប៉ុន្តែវាគ្រាន់តែអនុញ្ញាតឱ្យក្រុមហ៊ុននេះមានសិទ្ធិអំណាចដើម្បីកំណត់ល្បឿននៃការអភិវឌ្ឍរបស់ខ្លួននៅក្នុងតំបន់នេះតែប៉ុណ្ណោះ។ គណៈកម្មការក្រុងថ្មីនេះនឹងមានសិទ្ធិអំណាចលើការកំណត់តំបន់គម្រោងសាងសង់ និងតំបន់សម្រាប់អ្នកថ្មើរជើង។
នៅក្នុងរយៈពេល៧ឆ្នាំកន្លងនេះ ក្រុមហ៊ុន SpaceX របស់លោក ម៉ាស់ បានកែប្រែតំបន់ Boca Chica របស់សហគមន៍អ្នកចូលនិវត្តន៍ ដែលមិនសូវរីកចម្រើនឱ្យទៅជាកន្លែងផលិតកម្មដ៏រីកចម្រើនមួយសម្រាប់ការអភិវឌ្ឍរ៉ុក្កែត Starship ដ៏មានអានុភាពរបស់ក្រុមហ៊ុន SpaceX ជាប្រភេទយានអវកាសមួយ ដែលលោក ម៉ាស់ នឹកសង្ឃឹមជាយូរមកហើយថា នឹងដឹកនាំមនុស្សលោកទៅតាំងទីលំនៅលើភពព្រះអង្គារ នាពេលអនាគត៕
ដោយ៖ សុខ មង្គល