អត្ថបទក្រុមហ៊ុន

ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart


សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០។
ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart
ដោយ

ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ អ្នក​នាង សឿង សុថារី គឺ​ជា​បេក្ខនារី​ម្នាក់​​​​ក្នុង​ចំណោម​បេក្ខជន​បេក្ខនារី​​​​វគ្គ​ផ្ដាច់​​ព្រ័ត្រ​ទាំង ១០នាក់ ដែលសុទ្ធ​តែមាន​ឱកាស​ក្លាយជា​​​​ជ័យលាភី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ស្មាត​​ជា​មួយ​​នឹង​ទឹក​ប្រាក់​រង្វាន់ ១ម៉ឺនដុល្លារ។

គាត់​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​លោក ចក់ វុទ្ធី ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់​​​​កាល​​នៅ​សាកល​វិទ្យា​ល័យ​ ដោយសារ​សកម្មភាព​ការ​ការពារ​បរិស្ថាន​​ដ៏​លេច​ធ្លោ​របស់​គាត់​។

លោក ចក់ វុទ្ធី បាន​ថ្លែង​ថា៖ “ខ្ញុំ​ស្រលាញ់​កម្មវិធី​របស់​ស្មាត​ហ្នឹង ដែល​គាត់​បំផុស​គំនិត​ពលរដ្ឋ​គំរូ​​ហ្នឹង​មក។ អ៊ីចឹង​ខ្ញុំ​ក៏​គិត​ថា សម្រេច​ចិត្ត​ជ្រើស​តាំង​ ថារី ទៅ​ឱ្យ​ Smart ​មួយ​ទៅ ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​មើល​ទៅ ក្រែង​លោ​គេ​ធ្វើ​គំរូ​តាម​បាន​ច្រើន​អ៊ីចឹង ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ស្រលាញ់​បរិស្ថាន​ច្រើន ព្រោះ​អី​ភាគ​ច្រើន ខ្ញុំ​ឃើញ​គាត់​ឱ្យ​តែ​និយាយ​អី​បន្តិច គឺ​គាត់​ផ្ដោត​លើ​បរិស្ថាន​អ៊ីចឹងណា”។

អ្នកនាង សុថារី គឺ​​ជា​ម្ចាស់​សិប្បកម្ម​តូច​មួយ​ឈ្មោះ​ថា “ធុង​បរិស្ថាន” នៅ​ខេត្ត​កំពង់​ចាម ជា​ទី​ដែល​បុគ្គលិក​ជាង ១០នាក់ កែច្នៃ​សំបក​កង់​ចាស់ៗ ឱ្យ​ទៅ​ជា​ធុង​សំរាម និង​គ្រឿង​សង្ហារឹម​ផ្សេងៗ ចាប់​ពី​ឆ្នាំ២០0៨ មក​ម្ល៉េះ។

អ្នក​នាង​បាន​ថ្លែង​ថា ការ​យក​សំបក​កង់រថយន្ត​ចាស់​មកកែច្នៃបែបនេះជួយ​ដល់បរិស្ថានបានច្រើន​ ហើយអាច​ជួយ​បង្កើត​ការងារ​ជូនដល់​ពលរដ្ឋ​ក្នុងមូលដ្ឋានទៀតផង។

អ្នក​នាង​បានថ្លែងថា៖ “​កំណើន​នៃ​ការ​ផ្គត់​ផ្គង់​ទៅ​កាន់​អតិថិជន​បាន​កាន់​តែ​ច្រើន គឺ​ស្មើ​នឹង​ការ​ដែល​យើង​បាន​រួម​ចំណែក​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​កាក​សំណល់​ដែល​កើត​ចេញ​ពី​សំបក​កង់​រថយន្ដ​ចាស់ៗ​ដែល​យើង​លែង​ប្រើ​ប្រាស់​ហ្នឹង បាន​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ”។

កន្លងមក គាត់​ក៏បានដឹកនាំ​យុវជន​មួយ​ក្រុម​ទៅប្រមូលសំរាមនៅ​សហគមន៍​កំពង់ឃ្លាំង​ក្នុងខេត្ត​សៀមរាប​ផង​ដែរ ដើម្បី​ផ្ញើសារ​ទៅកាន់​មនុស្សទូទៅ​ដែលរស់នៅទីនោះ​ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។

ការងារ​ការពារ​បរិស្ថាន​របស់​គាត់ពិត​ជា​មាន​ការ​ទទួល​ស្គាល់​ច្រើន​​រហូត​ដល់​​ក្រសួង​បរិស្ថាន​បាន​ផ្ដល់​ប័ណ្ណ​សរសើមេត្រីភាពបរិស្ថានប្រតិបត្តិករគំរូ​​ដល់​គាត់នៅ​ចុង​ឆ្នាំ​២០២០។

ការ​ផ្តល់​​​ប័ណ្ណ​សរសើរ​នេះគឺ​ដោយសារការមើលឃើញរបស់ក្រសួង​ចំពោះ​​ការ​ចូល​រួម​ចំណែក​របស់​ធុង​បរិស្ថាន​ក្នុង​សង្គមតាមរយៈ​សារអប់រំអំពី​បរិស្ថាន ការបរិច្ចាគ​ធុងសំរាម​សម្រាប់​​​ប្រើប្រាស់​តាម​ទី​សាធារណៈ  វត្ត​អារាម សាលា​រៀន និង​គ្រួសារ​ដែលគ្មានលទ្ធភាព​នានា ក៏ដូចជា​ការ​លើកទឹកចិត្ត​ដល់​រូបគាត់​ពី​សំណាក់​ក្រសួង។

ពេលទទួលប័ណ្ណ​សរសើរ

ក្រៅ​ពី​នោះ អ្នកនាង សុថារី ក៏​ធ្វើ​សកម្មភាព​ជួយ​សង្គម​ជា​ច្រើន​ទៀតផង​ដែរ​ ​ដូច​ជារៃ​អង្គាស​ថវិកា​ដើម្បី​ជូន​​ចាស់​ជរា​ក្រី​ក្រ​ជាង ២០​នាក់​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ចែក​រំលែក​បទពិសោធ​ជា​កម្លាំង​ចិត្ត​ដល់​យុវជន បរិច្ចាគ​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គុន្ធបុប្ផា និង​ចែកសម្ភារ​សិក្សា​ដល់​កុមារ​កំព្រា​ក្រីក្រ​ជា​ដើម។

លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀន​​នៅ​វិទ្យាល័យ​ ហ៊ុន សែន ព្រៃទទឹង បានរៀប​រាប់​​ថា វិទ្យាល័យ​របស់​លោក​ធ្លាប់​បានទទួល​អំណោយជា​ធុង​សំរាម​ចំនួន ២០ធុង​​ពី​អ្នកនាង សុថារី កាល​ពីឆ្នាំ​២០១៨ ដើម្បី​ប្រើប្រាស់​រក្សា​បរិស្ថាន និង​អនាម័យ​នៅ​ក្នុង​សាលា​ររបស់​លោក ហើយ​តាំង​ពី​បានធុង​សំរាម​ទាំង​នេះ​មក​បរិស្ថានសាលា​បានល្អ​ប្រសើរ​ជា​ង​មុន។ ​

លោកគ្រូថ្លែងថា៖ “លោកគ្រូអ្នកគ្រូ​បុគ្គលិកសាលា​មានការ​ត្រេកអរ ព្រោះ​នៅក្នុងសាលា​យើងត្រូវការបរិស្ថាន​ស្អាត ហើយ​ធុង​ហ្នឹង​សម្រាប់ដាក់​តាមថ្នាក់​ឱ្យសិស្សដាក់សំរាម។ យើង​បានធុង​ហ្នឹងហើយ​គ្រាន់​បាន​ដាក់​សំរាម”។

អ្នកនាង សុថារី ក៏​ចូល​រួម​ជួយ​ដោះ​ស្រាយ​បញ្ហា​បំពុល​បរិស្ថាន​របស់​ថង់​ប្លាស្ទិច​ផង​ដែរ ដោយ​គាត់​នាំចូល​និង​លើ​កកម្ពស់​ការ​ប្រើ​ប្រាស់​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ចេញ​ពី​រុក្ខជាតិ។

ចំពោះ​អ្នក​នាង សុថារី ការ​ធ្វើ​ទង្វើ​ល្អ​​មិន​មែន​ដើម្បី​ឈ្នះ​ពាន​រង្វាន់​អ្វី​នោះ​ទេ តែ​វា​គឺ​ជា​ការ​ស្វែង​រក​សេចក្ដី​ស្ងប់​សុខ​ពិត​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ក៏​ដូច​ជា​ការ​ជួយ​ផ្លាស់​ប្ដូរ​ពិភព​លោក​ផង​ដែរ។

អ្នកនាង​បន្ថែមថា៖ “នៅ​ពេល​ដែល​យើង​សាប​ព្រោះ​​នូវ​ទង្វើ​ល្អ​ទៅ​ដល់​សង្គម យើង​នឹង​ទទួល​បាន​ផ្លែ​ផ្កា​មក​វិញ ជា​គុណ​ធម៌ ជា​ភាព​ស្មោះត្រង់ ជា​គុណ​តម្លៃ​នៅ​ក្នុង​ជីវិត​របស់​យើង។ ហើយ​ទាំង​អស់​នេះ វា​ជា​អ្វី​ដែល​ផ្ដល់​ក្ដី​សុខ​ពិត​ប្រាកដ ចំពោះ​ផ្លូវ​ចិត្ត​របស់​យើង”។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart។

ដើម្បី​ចូលមើល​វីដេអូអំពី​អ្នកនាង សឿង សុថារី ​សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖  https://fb.watch/5KHgXy_kmy/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំ​ក្រុមហ៊ុន Amazon លោក Jeff Bezos នឹង​លាលែងពីតំណែង​នៅ​ខែកក្កដា​ខាងមុខនេះ ! តើលោក​​នឹង​ទៅធ្វើអ្វីវិញ?

ព័ត៌មាន
ទីបំផុត លោក ចេហ្វ បេហ្សូស (Jeff Bezos) អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ អាម៉ាហ្សូន និងជា​កំពូល​មហាសេដ្ឋី​នៅ​សហរដ្ឋ​អាមេរិក បាន​កំណត់​...

អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ

ព័ត៌មាន
ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយ Khmum-eShop ដែលជាទីផ្សារអនឡាញដ៏ធំមួយនៅកម្ពុជា ដើម្បីធ្វើឲ្យអ្នកនិយមទិញទំន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ