បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN លោក ដូណាល់ ត្រាំ បានបង្ហាញពីការព្រួយបារម្ភចំពោះចំនួនស្តុកអាវុធនាពេលបច្ចុប្បន្នដែលបានស្រកចុះយ៉ាងខ្លាំងដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ក្នុងការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិ និងការត្រៀមលក្ខណៈការពារជាតិរបស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ បានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក ដោយបង្ហាញក្តីបារម្ភថា ការរឹតបន្តឹងឧស្សាហកម្មគ្រាប់រំសេវ ដូចជាការកម្រិតសមត្ថភាពផលិត ការពឹងផ្អែកលើការបញ្ជាទិញដែលប្រើពេលយូរ និងបញ្ហាកកស្ទះនៅក្នុងសង្វាក់ផលិតកម្ម អាចនឹងរំខានដល់សមត្ថភាពរបស់អាម៉េរិកក្នុងការផលិត ការរក្សាទុក និងការបង្កើនចំនួនគ្រាប់រំសេវ គ្រាប់មីស៊ីល និងឧបករណ៍យោធាដទៃទៀត ដែលចាំបាច់បំផុតសម្រាប់កិច្ចការពារជាតិ។
កត្តានេះបានបង្ខំឱ្យមេដឹកនាំរូបនេះ ប្រើច្បាប់ស្ដីពីការផលិតយុទ្ធោបករណ៍ការពារជាតិ ដើម្បីបង្ខំឱ្យក្រុមហ៊ុនផលិតអាវុធឯកជននានា បង្កើនល្បឿន និងពង្រីកទំហំខ្សែច្រវាក់ផលិតកម្មជាបន្ទាន់។ ការដាក់ចេញចំណាត់ការផ្លូវច្បាប់ពិសេសនេះ ត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយក្នុងការប្រើអំណាចរដ្ឋ ដើម្បីជំរុញវិស័យឯកជន ហើយវាក៏បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់រដ្ឋបាលលោក ត្រាំ អំពីស្ថានភាពស្តុកអាវុធរបស់មន្ទីរបញ្ចកោណនាពេលបច្ចុប្បន្ន។ មូលហេតុ គឺដោយសារតែ ក្រៅពីការចំណាយក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ សហរដ្ឋអាម៉េរិក ក៏បានខាតបង់អាវុធអស់យ៉ាងសន្ធឹកសន្ធាប់ក្នុងការបញ្ជូនទៅជួយជ្រោមជ្រែងដល់ប្រទេសអ៊ីស្រាអែល ក្នុងជម្លោះនៅតំបន់ហ្គាហ្សា និងសមរភូមិក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ទោះជាយ៉ាងណា ក្រោយព័ត៌មាននេះ ត្រូវបានបែកធ្លាយ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានចេញមុខអះអាងជាសាធារណៈ ដើម្បីសម្រួលសភាពការណ៍ថា អាម៉េរិក នៅតែមានអាវុធគ្រប់គ្រាន់ក្នុងការការពារខ្លួន។ ថ្នាក់ដឹកនាំរូបនេះបានប្រាប់ទូរទស្សន៍ CBS News ថា អាម៉េរិក មិនមានវិបត្តិខ្វះខាតស្តុកអាវុធនោះទេ ហើយរឿងរ៉ាវ ដែលបានលេចឮទាំងនេះ គ្រាន់តែជារឿងដែលប្រព័ន្ធផ្សព្វផ្សាយប្រឌិតឡើង ដើម្បីលក់ព័ត៌មានតែប៉ុណ្ណោះ។
តែយ៉ាងណាបើតាមការវិភាគ និងស្រាវជ្រាវថ្មីមួយពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ បានរកឃើញទិន្នន័យគួរឱ្យភ្ញាក់ផ្អើលថា អាម៉េរិក បានប្រើប្រាស់អស់យ៉ាងហោចណាស់៤៥% នៃស្តុកមីស៊ីលវាយប្រហារគោលដៅចំៗ ព្រមទាំងបានចំណាយអស់ប្រហែលពាក់កណ្តាលនៃស្តុកមីស៊ីលការពារដែនអាកាស។ រហូតមកដល់ពេលនេះ មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយ ជុំវិញបទបញ្ជាផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ដោយបានបង្វែសំណួរទាំងឡាយទៅកាន់សេតវិមានជាអ្នកឆ្លើយតបវិញ៕
អត្ថបទៈ សួន ឡង់ទី