វិបត្តិប្រេងឥន្ធនៈ

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា ក្រោយសង្គ្រាមអ៊ីរ៉ង់ ពិភពលោកអាចប្រឈមវិបត្តិប្រេងលើសតម្រូវការជាង៥លានបារ៉ែលក្នុងមួយថ្ងៃ


សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក មិនត្រឹមតែធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោករាំងស្ទះ ឬ ក្រឡាប់ចាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យមានតម្រូវការប្រើប្រាស់ប្រេងនៅទូទាំងពិភពលោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅពេលសង្គ្រាមអ៊ីរ៉ង់បញ្ចប់ ហើយច្រកសមុទ្រហ័រម៉ូស បើកដំណើរការឡើងវិញ ពិភពលោកអាចប្រឈមនឹងបញ្ហាផ្ទុយស្រឡះមួយទៀត នោះគឺវិបត្តិប្រេងលើសតម្រូវការក្នុងទំហំដ៏ធំសម្បើម។
វិបត្តិប្រេងឥន្ធនៈ
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ បានទម្លាក់ការព្យាករកំណើនតម្រូវការប្រេងពិភពលោកសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹមជាង១លាន១សែនបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងការព្យាករ​កាលពីខែមុន រហូតដល់៧០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ ស្ថាប័ន​អន្តរជាតិមួយ​នេះបានបញ្ជាក់ថា ការហក់ឡើង នៃតម្លៃប្រេង និងកង្វះផលិតផលចម្រាញ់ពីប្រេងបានធ្វើឱ្យការប្រើប្រាស់ប្រេងនៅជុំវិញពិភពលោកធ្លាក់ចុះយ៉ាងគំហុក។

ទន្ទឹមនេះការផ្គត់ផ្គង់ប្រេងពិភពលោក ក៏បានធ្លាក់ចុះផងដែរ។ ជាក់ស្ដែងកាលពីអំឡុងខែឧសភា ការផលិតប្រេងសរុបរបស់ពិភពលោកបានថយចុះមកនៅត្រឹមជាង៩៤លានបារ៉ែលក្នុង១ថ្ងៃ ដែលទាបជាងកម្រិតមុនសង្គ្រាមយ៉ាងច្រើន។ ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ រំពឹងថា បន្ទាប់ពីសន្តិភាពត្រូវបានអនុវត្តពេញលេញ ការផលិតប្រេងនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។ តាមការព្យាករ ការផ្គត់ផ្គង់ប្រេងពិភពលោកអាចកើនឡើងដល់ជាង១១០លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៧ ខណៈតម្រូវការប្រើប្រាស់ប្រេងអាចកើនឡើងត្រឹម១០៥លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះមានន័យថា ទីផ្សារប្រេងពិភពលោកអាចប្រឈមវិបត្តិប្រេងលើសតម្រូវការជាង៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលទីភ្នាក់ងារថាមពលអន្តរជាតិចាត់ទុកថា ជាសម្ពាធប្រេងលើសទីផ្សារដ៏ធំសម្បើម។

របាយការណ៍នេះចេញផ្សាយ ស្របពេលដែលវិនិយោគិនទូទាំងពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងលទ្ធភាព នៃការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ជាក់ស្តែង តម្លៃប្រេងពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ខែចុងក្រោយនេះ មុនពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រ ទី១៩​ ខែមិថុនា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា ការស្តារការដឹកជញ្ជូនប្រេងឱ្យត្រលប់ទៅរកសភាពធម្មតាវិញមិនអាចកើតឡើងភ្លាមៗនោះទេ។ គ្រាប់មីនដែលអ៊ីរ៉ង់​បានដាក់​បង្កៃនៅតាមផ្លូវនាវាចរណ៍ ស្ថានភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងការរៀបចំប្រព័ន្ធដឹកជញ្ជូនឡើងវិញ សុទ្ធតែត្រូវការពេលវេលារាប់ខែ។ ជាមួយគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ ក៏បានសម្តែងក្តីបារម្ភចំពោះស្តុកប្រេងពិភពលោកដែលកំពុងថយចុះយ៉ាងឆាប់រហ័សផងដែរ។ គ្រាន់​តែក្នុងខែឧសភា ស្តុកប្រេងពិភពលោកបានធ្លាក់ចុះរហូតដល់១៤៣លានបារ៉ែល បន្ទាប់ពីបានថយចុះ៧៤លានបារ៉ែលរួចមកហើយកាលពីខែមេសា។ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ មក ស្តុកប្រេងពិភពលោកបានថយចុះជាមធ្យមប្រមាណ៣,៨លានបារ៉ែលក្នុងមួយថ្ងៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែម១៣លានដុល្លារដល់កម្ពុជា ដើម្បីលើកកម្ពស់វិស័យសុខាភិបាល

ធនាគារពិភពលោកបានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន១៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដា នៃសេវាសុខភាពនៅកម្ពុជា តាមរយៈការធ្វើឱ្យ…

អ្នកជំនាញស្នើឱ្យរដ្ឋត្រៀមបម្រុងពូជដំណាំ និងចាត់វិធានការស្តុកទឹកទុក ដើម្បីបង្ការការខ្វះខាត ដែលអាចកើតឡើងដោយបាតុភូត អែលនីណូ

អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម និងអ្នកជំនាញក្នុងវិស័យកសិកម្មស្នើដល់អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាកសិករឱ្យរួសរាន់ត្រៀមបម្រុងពូជដំណាំ និងរក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ