Advertisement
ជលផល​កម្ពុជា-​ផ្សារ​អឺរ៉ុប

កម្ពុជា​ស្នើ​សភាព​អឺរ៉ុប​ដក​កាត​ក្រហម​ហាម​ឃាត់​ការ​នាំ​ចូល​ផល​នេសាទ​សមុទ្រ​កម្ពុជា


មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដក​កាត​ក្រហម​ចេញ​ពី​កម្ពុជា ដើម្បី​បើក​ចំហ​ទ្វារ​ទីផ្សារ​ជល​ផល​សមុទ្រ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប ខណៈ​ដែល​ការ​ពិន័យ​នេះ ដោយសារ​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ទូក​នេសាទ​របស់​កម្ពុជា​បាន​ធ្វើការ​នេសាទ​មិន​ស្រប​ច្បាប់ កាល​ពី​ពេល​កន្លង​ទៅ។
កម្ពុជា​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ការ​ហាមប្រាម​លើ​ការ​នាំ​ចូល​​ជល​ផល​សមុទ្រ​កម្ពុជា ទៅ​ផ្សារ​សហភាព​អឺរ៉ុប។
ដោយ
Advertisement

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សិលា​ផ្សព្វផ្សាយ និង​បិទ​គម្រោង​ស្ដីពី​កម្មវិធី​ពិពិធកម្ម និង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា ជំហាន​ទី២ ផ្នែក​ជល​ផល​សមុទ្រ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ដាក់​កាត​ក្រហម ពិន័យ​កម្ពុជា​មិន​ឲ្យ​នាំចេញ​ផល​នេសាទ​សមុទ្រ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប នៅតែ​ជា​ក្ដី​កង្វល់​មួយ​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ក៏​ជា​បញ្ហា​មួយ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ដុតដៃ​ដុត​ជើង ដើម្បី​សម្រប​សម្រួល​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យ​ដក​កាត​ក្រហម​នេះ​ចេញ​ពី​កម្ពុជា​ឲ្យ​បាន​ឆាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រីក​ទីផ្សារ​អន្តរជាតិ​សម្រាប់​ជល​ផល​សមុទ្រ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​ធំទូលាយ​ជាង​មុន។

ស្រដៀង​គ្នា​នេះ​ដែរ មិន​ត្រឹម​តែ​កម្ពុជា​នោះ​ទេ ដែល​ទទួល​បាន​កាត​ក្រហម​ហាម​ឃាត់​មិន​ឲ្យ​នាំ​ជលផល​សមុទ្រ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប កាល​ពី​ពេល​កន្លង​ទៅ​នេះ ប្រទេស​ថៃ​ក៏​ទើបតែ​ទទួល​បាន​កាត​លឿង ព្រមាន​ពី​សហភាព​អឺរ៉ុប​ផង​ដែរ ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្និញ​លើ​កម្មករ​នេសាទ។ 

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​ធ្វើ​យ៉ាង​ណា ទើប​កម្ពុជា​អាច​ដក​កាត​ក្រហម​នេះ​ចេញ​បាន? រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើក​ឡើង​ថា ក្រសួង​ធ្លាប់​បាន​ទៅ​ពិភាក្សា​ផ្ទាល់​ជាមួយ​សហភាព​អឺរ៉ុប នៅ​ទីក្រុង ប្រ៊ុចសែល​ម្ដង​រួច​មក​ហើយ ដែល​បាន​ឆ្លើយ​នឹង​សំណួរ​ចោទ​សួរ​ជាច្រើន​ពី​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​បញ្ហា​នេះ។ 

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម​ជឿ​ជាក់​ថា មិន​យូរ​មិន​ឆាប់​នោះ​ទេ យើង​នឹង​អាច​ចរចា​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​យើង​មិន​បណ្ដោយ​ឲ្យ​បទ​ល្មើស​ជលផល​ផ្សេង​ទៀត​កើត​មាន។ ឯកឧត្តម​បន្ថែម​ថា រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​សហភាព​អឺរ៉ុប និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ខុស​ច្បាប់ នៅ​លើ​ផ្ទៃ​សមុទ្រ ដូចជា ការ​ចូល​មក​នេសាទ​ខុស​ច្បាប់​ពី​ប្រទេស​ជិត​ខាង​ជាដើម។ 

បើតាម​ប្រសាសន៍​របស់​ឯកឧត្តម វេង សាខុន គិត​មក​ទល់​ពេល​នេះ ជលផល​នេសាទ​សមុទ្រ​របស់​កម្ពុជា​មិន​ទាន់​បាន​នាំចេញ​ក្នុង​ទំហំ​ធំ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ច្រើន​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​មាន​នាំចេញ​មួយ​ចំនួន​ទៅ​កាន់​ថៃ និង​ខ្លះ​ទៀត​នាំ​ចេញ​ទៅ​កាន់​ហុងកុង​បណ្ណោះ។ 

យ៉ាង​ណា​ក៏​ដោយ វិស័យ​ជលផល​សរុប​របស់​កម្ពុជា ក៏​បាន​ចូលរួម​ចំណែក​ប្រមាណ​៣០% នៃ​ផលិតផល​សរុប​នៃ​វិស័យ​កសិកម្ម​ទាំងមូល​ផង​ដែរ និង​បាន​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ ដោយ​ផ្ទាល់ និង​ប្រយោល ជាង​៦​លាន​នាក់។ 

របាយការណ៍​ក្នុង​ឆ្នាំ​២០១៦ បង្ហាញ​ថា ផលិតផល​ត្រី​សរុប​មាន​ប្រមាណ​ជាង ៨​សែន​តោន ដែល​ក្នុង​នោះ ផល​ត្រី​ទឹក​សាប​មាន​ចំនួន ជាង​៥​សែន​តោន រីឯ​ផល​នេសាទ​សមុទ្រ​មាន​ជាង​១​សែន​តោន និង​វារី​វប្បកម្ម​មាន​ជិត ២​សែន​តោន៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កុងស៊ី​បញ្ចាំ​ជាង​៥០​ទីតាំង​នៅ​ភ្នំពេញ ត្រូវ​អាជ្ញាធរ​បិទ​ចោល

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ខេមបូណូមីស ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​អាជីវកម្ម​កុងស៊ី...

ឧកញ៉ា ជី អូ៖ មុន​ធ្វើ​អាជីវកម្ម គួរតែ​​ស្ទង់​លើ​៤​​ចំណុច

ព័ត៌មាន
លោក​ឧកញ៉ា ជា ដែន ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ឧកញ៉ា ជី អូ ជា​អនុប្រធាន​សមាគម អ្នក​ទីផ្សារ​កម្ពុជា (MAC) និង​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ