សេដ្ឋកិច្ច​កម្ពុជា ​២០២០

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកនៅត្រឹម ២,៥% ប៉ុណ្ណោះនៅឆ្នាំ២០២០


សេដ្ឋកិច្ច​កម្ពុជា ដែលធ្លាប់តែមាន​កំណើន​ក្នុង​រង្វង់ ៧% ជារៀងរាល់ឆ្នាំ អស់រយៈពេលជាច្រើន​ឆ្នាំមកហើយនោះ នៅពេល​ថ្មីៗនេះ ត្រូវបាន ធនាគារពិភពលោក ព្យាករថា ថាកំណើន​សេដ្ឋកិច្ច​របស់ប្រទេស​តំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងមានមកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ ដោយ​ការព្យាករនេះ គឺផ្អែកលើ​ហេតុផល​ចម្បង​ គឺការ​ផ្ទុះរាលដាល​នៃ​​បញ្ហា​មេរោគ Covid-19 ដែលបាននិងកំពុង​វាយប្រហារ​យ៉ាងដំណំ​មកលើសេដ្ឋកិច្ច​កម្ពុជា។ នេះបើយោងតាម​របាយការណ៍​ចុងក្រោយមួយ​របស់ធនាគារ​ពិភពលោក ដែលបាន​ចេញផ្សាយ​កាលពីចុងខែមីនានេះ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ

ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ២០២០ របស់ធនាគារ​ពិភពលោកនៅចុងក្រោយនេះ គឺហាក់មានទាប​ជាង​ឆ្ងាយ ពីការព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពី​ចុងខែ​មករា​ ដែល​ព្យាករមាន​ក្នុងរង្វង់ ​៦%។

របាយការណ៍​របស់​ធនាគារ​ពិភពលោក បាន​គូសបញ្ជាក់ថា សេដ្ឋកិច្ច​កម្ពុជា បាន​រងការប៉ះទង្គិច យ៉ាងដំណំពីការផ្ទុះវីរុសកូវីឌ-១៩ទូទាំងសាកលលោក។ ការផ្ទុះនេះ បានធ្វើឱ្យម៉ាស៊ីន​កំណើនសេដ្ឋកិច្ច​ធំៗរបស់កម្ពុជា ធ្លាក់ល្បឿនយ៉ាងគំហុកនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ដោយធ្វើឱ្យ​សកម្មភាព​ឧស្សាហកម្មទេសចរណ៍ និងសំណង់ ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។

យោងតាមសេណារីយោ​បន្ទាត់គោលកំណើនក្នុងឆ្នាំ២០២០ ត្រូវបានព្យាករទុកថា​នឹងថយល្បឿន មកនៅត្រឹម ២,៥ភាគរយ។ ជាមួយគ្នានេះ ហានិភ័យនានា ដែលអាច​កើតមាន​មកលើ​សេដ្ឋកិច្ច​កម្ពុជានោះ រួមមាន ការផ្ទុះនៃការឆ្លងជំងឺកូវីឌ-១៩នៅក្នុងប្រទេស, ការអូសបន្លាយ​នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងការកែសម្រួលស្ថានភាពឡើងវិញរបស់ទីផ្សារអចលនទ្រព្យ។  

ជុំវិញ នឹង​បញ្ហា​ Covid-19 ដែលកំពុងធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដាំក្បាលចុះនេះដែរ ​​ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បាន​គូសបញ្ជាក់ថា កម្ពុជាត្រូវតែ​ពង្រឹង​សេដ្ឋកិច្ច​នៅតាមទីជនបទ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​យើង​មាន​ភាពរឹងមាំ។ ក្នុងបរិកាណ៍នេះ ឯកឧត្តមគូសបញ្ជាក់ថា ផលិតផលសូត្រ អាចជា​ធាតុចូល​មួយដ៏សំខាន់ ហើយ​រដ្ឋាភិបាល​អាច​ស្វែងរក ការពង្រីក​បន្ថែមទៀត ទៅលើ​គ្រប់ស្វាយចន្ទី និងបន្លែផ្លែឈើផ្សេងទៀត ដែលនេះគឺជា​ត្រៀមខ្លួន​សម្រាប់​រយៈពេលមធ្យម ឆ្ពោះទៅកាន់រយៈពេលវែង។ ហើយឥឡូវនេះទៀតសោត មាន​ពលរដ្ឋ​ជាច្រើន​បានវិលត្រឡប់ពីការ​ធ្វើការងារ​នៅក្រៅប្រទេស​ចូលមកកម្ពុជា​វិញ ដែលនេះ គឺជា​ពេលវេលា​សម្រាប់​រដ្ឋាភិបាលគិតគូរ​ប្រកបដោយ​ភាពច្នៃប្រឌិតខ្ពស់។

ទោះយ៉ាងណា ធនាគារពិភពលោក បានព្យាករទុកថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នឹង​ត្រូវស្តារឡើងវិញមកនៅ ៥,៩ភាគរយ ក្នុង​ឆ្នាំ​២០២១។ ការ​ស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​នៅ​ទីផ្សារធំៗផ្សេងទៀត​ក្នុង​ឆ្នាំ​២០២១ នឹង​ធ្វើ​ឱ្យ​ចក្ខុវិស័យសេដ្ឋកិច្ច​របស់​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​វិញ​ នៅ​ឆ្នាំ​ក្រោយ។ 

បច្ចុប្បន្ន ឧស្សាហកម្ម​កាត់ដែរកម្ពុជា ​កំពុង​ប្រឈម​នឹង​វិបត្តិនៃការធ្លាក់ចុះ​តម្រូវការ​ទូទាំងសាកលលោក ព្រមទាំង​សម្ពាធ​បណ្តាល​មក​ពី​ការ​ដកចេញដោយអន្លើ នូវ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ក្រោម​ប្រព័ន្ធ «ទំនិញគ្រប់មុខ​លើកលែងតែអាវុធ» (EBA) របស់​សហភាពអឺរ៉ុប។ ប្រសិនបើ​ផលប៉ះទង្គិចនេះ​ហៀរទៅដល់​វិស័យសំណង់ និង​អចលនទ្រព្យ  ដែលជាផ្នែក​សំខាន់ៗ​នាំមកនូវកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា  ក្នុង​ខណៈដែល​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ចលា​ចល នោះវា​អាចនឹង​ជះឥទ្ធិពលអាក្រក់មែនទែន ​ដល់​កំណើន​របស់​កម្ពុជា។

ធនាគារ​ពិភពលោក​បន្តថា កាលពីឆ្នាំ ២០១៩ កំណើនរបស់ការនាំចេញសរុបនៃសម្លៀកបំពាក់ ស្បែកជើង និង ទំនិញ​សម្រាប់ការធ្វើដំណើរ បានថយចុះមកនៅ ១៣,៦ភាគរយ ប្រៀបធៀបទៅនឹង ១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។ ការស្រុតចុះនេះ បណ្តាលមកពីការនាំចេញសរុបនៃសម្លៀកបំពាក់ ស្បែកជើង និង ទំនិញសម្រាប់ការធ្វើដំណើរទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានធ្លាក់ចុះ ០,៥ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូង តាំងពីមានវិបត្តិហិរញ្ញវត្ថុសាកលលោក ឆ្នាំ២០០៨/២០០៩ មកម្ល៉េះ។ ប៉ុន្ដែ ការនាំចេញ​ទំនិញ​រួចផុតពន្ធគយ និងមិនជាប់កូតា ទៅទីផ្សារអាមេរិក សម្រាប់​ផលិតផល​សម្រាប់ការធ្វើដំណើរ ត្រូវបាន​ពង្រីកថែមទៀត កើនឡើងរហូតដល់ទៅ ជិត ១ពាន់៣០០ លានដុល្លារ មានកំណើន៩៦% ក្នុងឆ្នាំ២០១៩។

សម្រាប់​ឆ្នាំ ២០១៩​កន្លងទៅនេះដែរ កំណើន​នៃការមកដល់​របស់​ភ្ញៀវអន្តរជាតិ មាន​សភាព​ថម​ថយ​បន្តិច គឺកើន​បាន​តែ​ ៦,៦ភាគរយទេ ប្រៀបធៀប​ទៅ​នឹង ១០,៧ភាគរយ ក្នុង​ឆ្នាំ​២០១៨។ ចំនួន​ភ្ញៀវទេសចរ​ទៅទស្សនា​រមណីយដ្ឋាន​ប្រាសាទអង្គរ ដែល​ជា​ទីដៅទេសចរណ៍ដ៏សំខាន់​ក្នុងប្រទេស បាន​ថយ​ចុះ​ ១៤,១ភាគរយ​ ក្នុង​ឆ្នាំ​២០១៩ ដែល​ ជា​ថ្មីម្តងទៀត ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូងហើយ តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​ឆ្នាំ​២០០៨/២០០៩ ហើយ​វា​បន្ត​ធ្លាក់​ ៣៧,២ភាគរយ នៅ​ក្នុង​រង្វង់ពីរខែដំបូងនៃឆ្នាំ​២០២០នេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សេដ្ឋកិច្ច​កម្ពុជា​សម្រេចបានកំណើន ៧,៥% និងឆ្នាំ២០១៩ សម្រេចបាន​កំណើន ៧,១% ហើយសម្រាប់ការព្យាករកំណើន​នៅឆ្នាំ២០២០ ដែលថា មាន​២,៥% គឺជាកំណើនមួយទាបបំផុត​មិនធ្លាប់មានឡើយ​តាំងពីមាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ២០០៨-២០០៩ មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ចំពេលពិភពលោកកើតវិបត្តិ Covid-19

ព័ត៌មាន
បើទោះបីជាពិភពលោក រួមទាំងកម្ពុជា ខ្លួនឯងផង កំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញផលិ…

រដ្ឋាភិបាលវៀតណាមឧបត្ថម្ភ ៧៧ ដុល្លារក្នុងមួយខែ សម្រាប់អ្នកបាត់បង់ការងារ ដោយសារបញ្ហា Covid-19

ព័ត៌មាន
នៅក្នុងសំណើររបស់រដ្ឋាភិបាលវៀតណាម នឹងផ្ដល់ការអនុញ្ញាតឲ្យពលរដ្ឋមានការងារធ្វើ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយវិបត្តិ Covid-19 ទាំងអស់ នឹងទទួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ