ប្រទេសឥណ្ឌូនេស៊ី

ក្រុមហ៊ុនផលិតដែកនៅឥណ្ឌូនេស៊ីសម្លឹងឃើញឱកាស នៅក្នុងផែនការផ្លាស់ប្តូររដ្ឋធានីដ៏ពោរពេញដោយមហិច្ឆតារបស់រដ្ឋាភិបាល


ក្រុមហ៊ុនផលិតដែកឯកជនដ៏ធំបំផុតនៅឥណ្ឌូនេស៊ីនឹងចំណាយប្រាក់ប្រហែលជិត៦៧លាន ដុល្លារដើម្បីបង្កើនផលិតកម្មដែក ខណៈដែលតម្រូវការដែកកើនឡើងមួយផ្នែកដោយសារគម្រោងសាងសង់ទាក់ទងនឹងការផ្លាស់ប្តូរមុខងារដូចជាអគាររដ្ឋាភិបាលសំខាន់ៗទៅកាន់ប្រជុំកោះបូណេអូ (Borneo)។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Gunung Raja Paksi (GRP) ។
ផែនការផ្លាស់ប្តូររដ្ឋធានីឥណ្ឌូនេស៊ី ក្រុមហ៊ុនផលិតដែកសម្លឹងឃើញឱកាស

លោក Abednedju ប្រធានក្រុមហ៊ុនផលិតដែកថែប GRP របស់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei ថ្មីៗនេះថា ក្រុមហ៊ុនលោករំពឹងថា នឹងមានតម្រូវការដែកកាន់តែច្រើន ពីការផ្លាស់ប្តូរទីតាំងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីក្រុង Nusantara ហើយក្រុមហ៊ុននេះបានសម្លឹងឃើញ ឱកាសពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទីនោះផងដែរ។

ទោះបីជាក្រុមហ៊ុន GRP មិនទាន់ទទួលបានកិច្ចសន្យាណាមួយសម្រាប់គម្រោងនេះក៏ដោយ ប៉ុន្តែប្រធានក្រុមហ៊ុននេះ រំពឹងថាការផ្លាស់ប្តូររដ្ឋធានី Jakarta ទៅកាន់ទីក្រុង Nusantara នេះនឹងរួមចំណែកដល់ការកើនឡើងនៃតម្រូវការក្នុងស្រុកទាំងមូល។

ក្រុមហ៊ុន GRP ដែលក្លាយជាក្រុមហ៊ុនសាធារណៈនៅឆ្នាំ២០១៩នោះ ភាគច្រើនផលិតដែកសម្រាប់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ហើយដើម្បីឆ្លើយតបនឹងតម្រូវការដែលចេះតែកើនឡើងនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុននេះ គ្រោងនឹងបង្កើនសមត្ថភាពផលិតដែករបស់ខ្លួនជិត ៤០% គឺឡើងដល់ ៣ លានតោននៅដំណាច់ឆ្នាំក្រោយ នៅរោងចក្រតែមួយគត់របស់ខ្លួននៅទីក្រុង Cikarang ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុងហ្សាកាតា។

សូមរម្លឹកថា រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូរទីតាំងរដ្ឋធានីនៅឆ្នាំ២០២៤ ព្រោះរដ្ឋាភិបាលមានបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ក្រុមមន្ត្រីក៏បានមើលឃើញការផ្លាស់ប្តូរនេះថា ជាការកាត់បន្ថយការកកស្ទះនៅក្នុងរដ្ឋធានីហ្សាកាតា ដែលជាតំបន់តែងតែលិចទឹក និងមានប្រជាជនប្រមាណ ១០ លាននាក់រស់នៅ និងរងការបំពុលបរិស្ថានយ៉ាងខ្លាំងផងដែរ។

ទីក្រុង Nusantara នេះត្រូវគេនឹកស្រមៃឃើញថាជា«ទីក្រុងសកលលោកពណ៌បៃតង និងឆ្លាតវៃស្រស់ស្អាតបំផុត» ដែលនឹងធ្វើការអភិវឌ្ឍជាដំណាក់កាលៗបន្តរហូតដល់ឆ្នាំ២០៤៥ ហើយប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុនបានសន្យាថា នឹងសម្រេចបាន គោលដៅគ្មានការបំភាយឧស្ម័នទាំងស្រុងនៅត្រឹមឆ្នាំ២០៦០។

ការសាងសង់រដ្ឋធានីថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានបើកទូលាយឲ្យប្រទេសនានា ក៏ដូចជាវិស័យឯកជន អាចចូលរួម ដើម្បីវិនិយោគ អភិវឌ្ឍន៍រដ្ឋធានីនេះផងដែរ ដោយកន្លងមក ប្រទេសអារ៉ាប់រួម ក៏បានសន្យានឹងចូលរួមវិនិយោគ២០ពាន់លានដុល្លារ លើការអភិវឌ្ឍរដ្ឋធានីថ្មីនេះដែរ។

សមាគមឧស្សាហកម្មដែកថែប និងដែកនៅឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា តម្រូវការដែកថែបនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងកើនឡើង ៧,៦% នៅក្នុងសារពើពន្ធ២០២២ ធៀបនឹងឆ្នាំមុន ហើយក្រុមហ៊ុន GRP រំពឹងថា ការអភិវឌ្ឍទីក្រុង Nusantara នេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លា។

ប្រសិនបើគិតនៅទូទាំងពិភពលោកវិញ គឺថាស្ថានភាពដែកមិនសូវជាមានសន្ទុះប៉ុន្មាននោះទេ ហើយបើតាមសមាគមដែកថែបពិភពលោកបានឱ្យដឹងថា ការផលិតដែក ក្នុងខែឧសភាបានធ្លាក់ចុះ ៣,៥% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះជាប់គ្នារយៈពេល ១០ ។ ការធ្លាក់ចុះនេះគឺដោយសារការរាតត្បាតជំងឺខូវីដ១៩ ការខ្វះខាតបន្ទះឈីប និងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រុមហ៊ុន GRP បានធ្វើការលក់ផលិតផលដែករបស់ខ្លួនស្ទើរតែអស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏ឆាប់រហ័យមួយនេះ ខណៈដែលប្រទេសនេះមានចំនួនប្រជាជនសរុបជាង ២៧០ លាននាក់ជាចំនួនមួយច្រើនជាងគេបំផុតទី៤នៅក្នុងពិភពលោក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកជំរុញឲ្យឥណ្ឌាកំណត់តម្លៃប្រេងរបស់រុស្ស៊ី ប៉ុន្ដែ អ្នកជំនាញថា វានឹងរុញឲ្យតម្លៃប្រេងពិភពលោកកើនកាន់តែខ្ពស់

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយជំរុញឱ្យមានកិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌា អំពីការកំណត់តម្លៃប្រេងរបស់រុស្ស…

សិស្សានុសិស្សជាង ១,០០០នាក់បានទទួលវគ្គបណ្តុះបណ្តាលលើវិស័យសហគ្រិនភាព តាមរយៈកម្មវិធីសហគ្រិនជំនាន់ថ្មីរបស់សហគ្រិនខ្មែរ

ព័ត៌មាន
សហគ្រិនខ្មែរក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា បានរៀបចំឡើងនូវកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGe…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ