ប្រធានាធិបតីអាល្លឺម៉ង់នឹងចុះបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ

ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅកម្ពុជា នៅសប្តាហ៍ក្រោយ


បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (H.E.Mr.Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Mrs. Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីរឹតចំណងទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីអាល្លឺម៉ង់នឹងចុះបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ នឹងមានជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាផងដែរ។

យោងតាមកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានឲ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (H.E.Mr.Frank-Walter Steinmeier) និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Mrs. Elke Büdenbender ) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងនៅមុន មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតមួយនៃសហភាពអឺរ៉ុប ហើយកន្លងមករដ្ឋាភិបាលប្រទេសនេះ ក៏បានផ្ដល់ជំនួយ និងការគាំទ្រមួយចំនួនសម្រាប់កម្ពុជាផងដែរ ដូចជាការផ្ដល់ជំនួយគាំទ្រលើការសម្អាតមីន និងការងារជួសជុលប្រាសាទបុរាណនៅខេត្តសៀមរាបជាដើម។

ប្រទេសអាល្លឺម៉ង់ ក៏ជាដៃគូពាណិជ្ជកម្មធំមួយដែរសម្រាប់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។ ជាក់ស្ដែង តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់នៅឆ្នាំ២០២២ សម្រេចបានជាង ១ពាន់២រយលានដុល្លារ កើនឡើងជាង១៩% ធៀបនឹងឆ្នាំ២០២១ ដោយបានធ្វើឲ្យអាល្លឺម៉ង់ឈរលេខរៀងលំដាប់ទី៨ នៃប្រទេសជាដៃគូពាណិជ្ជកម្មកំពូលទាំង១០របស់កម្ពុជា។ ក្នុងនោះ កម្ពុជានាំចេញទៅអាល្លឺម៉ង់មានមានជាង១ពាន់លានដុល្លារ កើន ២៣% ខណៈនាំចូលពីអាល្លឺម៉ង់មកវិញមានជាង១៦០លានដុល្លារ ធ្លាក់ចុះជិត១%។

គួរជម្រាបថា ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងវ័យ ៦៧ ឆ្នាំ ធ្លាប់មានបទពិសោធន៍ និងឆ្លងកាត់ការបំពេញការងារជាច្រើននៅក្នុងជួររដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ ក្នុងនោះអ្វីដែលគួរឱ្យកត់សម្គាល់នោះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេស ប្រទេសអាល្លឺម៉ង់ ចំនួន ២ដង គឺអំឡុងឆ្នាំ ២០០៥-២០០៩ និងអំឡុងឆ្នាំ ២០២៣-២០១៧ ផងដែរ។

សូមជម្រាបថា ឯកឧត្តម ហ្វ្រាំង វ៉ល់ធ័រ ឆ្កែនម៉យ័រ ត្រូវបានជ្រើសរើសជាប្រធានាធិបតីទី១២ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ សម្រាប់អាណត្តិទី១ និងត្រូវបានជ្រើសរើសជាថ្មីសម្រាប់អាណត្តិទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ឯកសារសំខាន់ៗចំនួន ១២ នឹងត្រូវចុះហត្ថលេខានៅអំឡុងដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្ដេចតេជោ ហ៊ុន សែននៅទីក្រុងប៉េកាំង

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមហើយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈសម្ដេចនិងប្រតិភូជ…

ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័ននៅកន្លែងគោលដៅទេសចរណ៍ ប៉ុន្ដែមិនកំណត់ជាគោលនយោបាយនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានកំណត់ជាគោលនយោបាយតម្រូវឲ្យអ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ត្រូវតែទទួលលុយយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ