មែនទែនទៅ ការសម្រេចចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មរបស់សហភាពអឺរ៉ុបនេះ គឺជាការបោះជំហានគួរឱ្យកត់សម្គាល់មួយ បន្ទាប់ពីប្លុកនេះបានដាក់ទណ្ឌកម្មស្ទើរតែគ្រប់បែបយ៉ាងទៅលើរុស្ស៊ី។ ភ្លាមៗ ទីក្រុងម៉ូស្គូបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងលើការសម្រេចរបស់សភាអឺរ៉ុប។
តាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើសារថេឡេក្រាមថា៖ «រុស្ស៊ីសូមចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបថា ជាគំនិតឆ្គួតលីលា»។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចរបស់សភាអឺរ៉ុបនេះ។ លោក Zelenskiy ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតប្រកាសចាត់ទុកប្រទេសរុស្ស៊ីថាជារដ្ឋឧបត្ថម្ភអំពើភេរវកម្មដែរ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបដិសេធមិនព្រមចាត់ទុករុស្ស៊ីជារដ្ឋឧបត្ថម្ភអំពើភេរវកម្មនោះទេ បើទោះបីជាមានដំណោះស្រាយនៅក្នុងសភាអាមេរិកជំរុញឱ្យលោកធ្វើដូច្នោះក៏ដោយ។
ជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបច្ចុប្បន្នបានដាក់ឈ្មោះប្រទេសចំនួនបួន គឺប្រទេសគុយបា កូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរីជាប្រទេសឧបត្ថម្ភអំពើភេរវកម្ម មានន័យថាពួកគេស្ថិតនៅក្រោមការហាមឃាត់ការនាំចេញផ្នែកសព្វាវុធ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ។
ទន្ទឹមនឹងគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសរុស្ស៊ីផងដែរ ជុំវិញការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងធំៗរបស់អ៊ុយក្រែនបានធ្លាក់ចូលទៅក្នុងភាពងងឹត គ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលរដូវរងាបានឈានចូលមកដល់នោះ។
គួរជម្រាបថា កាលពីថ្ងៃទី ២៣វិច្ឆិកា មីស៊ីលរុស្ស៊ីបានវាយប្រហារបាញ់ស្រោចលើទីក្រុងធំៗនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ១០ នាក់ និងបង្ខំឱ្យរោងចក្រថាមពលនុយក្លេអ៊ែរបិទប្រតិបត្តការ ក៏ដូចជាកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅកន្លែងជាច្រើនផងដែរ។
នៅឯអង្គការសហប្រជាជាតិវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីមហ្វៀល (Linda Thomas-Greenfield) បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កំពុង «ប្រើប្រាស់សព្វាវុធក្នុងរដូវរងា ដើម្បីបង្កការឈឺចាប់យ៉ាងសម្បើមមកលើប្រជាជនអ៊ុយក្រែន «និងព្យាយាមធ្វើយ៉ាងណាឱ្យអ៊ុយក្រែនសុំចុះចាញ់តែម្តង»។
ផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vasily Nebenzya បានឆ្លើយតបដោយប្រឆាំងយ៉ាងដាច់ខាតទៅនឹងសារប្រកដដោយ «ការគំរាមកំហែង និងការដាក់ឱសានវាទ» មិនចេះគិតពិចារណារបស់អ៊ុយក្រែន ដែលមានប្រទេសលោកខាងលិចនៅពីក្រោយ។ លោក ណេបេនហ្សយ៉ា អះអាងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន គឺបណ្តាលមកពីមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដែលបានធ្លាក់ចូលទៅក្នុងតំបន់ស៊ីវិល បន្ទាប់ពីបានបាញ់ទៅលើមីស៊ីលរបស់រុស្ស៊ី ហើយលោកបានអំពាវនាវឱ្យលោកខាងលិចបញ្ឈប់ការផ្តល់មីស៊ីលការពារដែនអាកាសដល់ទីក្រុងកៀវផងដែរ៕