រុស្ស៊ីកាត់បន្ថយនាំចេញឧស្ម័នទៅអឺរ៉ុប

រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបបើកកិច្ចពិភាក្សាបន្ទាន់ បន្ទាប់ពីរុស្ស៊ីកាត់បន្ថយនាំចេញឧស្ម័នទៅសហភាពអឺរ៉ុប


រដ្ឋមន្ត្រីថាមពលមកពីបណ្តាប្រទេសនៃសហភាពអឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដើម្បីស្វែងរកវិធីសាស្ត្រឆ្លើយតបទៅនឹងការទាមទាររបស់ទីក្រុងម៉ូស្គូ ដែលឲ្យប្រទេសនៅសហភាពអឺរ៉ុបទាំងអស់ត្រូវបង់ប្រាក់ទិញឧស្ម័នរបស់ខ្លួនជាប្រាក់រូប្ល ប្រសិនបើមិនធ្វើតាមការទាមទារនេះទេ នោះប្រទេសអឺរ៉ុបទាំងអស់នឹងត្រូវប្រឈមមុខនឹងការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីជាក់ជាមិនខានឡើយ។
បណ្តាប្រទេសនៃសហភាពអឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដើម្បីស្វែងរកវិធីសាស្ត្រឆ្លើយតបទៅនឹងការកាត់បន្ថយនាំចេញឧស្ម័នរបស់រុស្ស៊ី។

ជាក់ស្ដែង មិន​ត្រឹមតែ​ព្រមាន​តែ​មាត់​ទេ កាលពី​ពេល​ថ្មី​ៗ​នេះ រុ​ស្ស៊ី​ក៏​បាន​សម្រេច​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​ប្រទេស​អឺរ៉ុប​ចំនួន​២​រួច​ហើយ​ដែរ គឺ​ប្រទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuters​។

ប្រទេស​រុ​ស្ស៊ី កាលពី​ស​ប្ដា​ហ៍​មុន​នេះ បាន​ប្រើ​ធម៌​ក្ដៅ ដោយ​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ប្រទេស​ប៉ូ​ឡូញ និង ប៊ុល​ហ្គា​រី បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​នេះ រឹងទទឹង មិន​ព្រម​បំពេញ​តាម​ការ​ទាមទារ​របស់​ទីក្រុង​ម៉ូ​ស្គួ ក្នុង​ការ​ទូទាត់​ថ្លៃ​ឧស្ម័ន​ជា​ប្រាក់​រូ​ប្ល​ដែល​ជា​រូបិយ​បណ្ណ​រុ​ស្ស៊ី​។ ទោះ​យ៉ាងណា​ប្រទេស​អឺរ៉ុប​ទាំង​ពីរ​នេះ បាន​ត្រៀមខ្លួន​រួច​ហើយ​ថា ពួក​គេ​នឹង​ឈប់​ប្រើប្រាស់​ឧស្ម័ន​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ ហើយ​ពួក​គេ​បាន​អះអាង​ថា ខ្លួន​អាច​ទប់ទល់​នឹង​ការ​បញ្ឈប់​ការ​ផ្គត់ផ្គង់​របស់​រុ​ស្ស៊ី​នេះ​បាន​។

ក៏​ប៉ុន្តែ​ការ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​នេះ បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថា បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​ឧស្ម័ន​របស់​រុ​ស្ស៊ី​ជាង ៥០% គឺ ប្រទេស​អា​ល្លឺ​ម៉​ង់​អាច​ក្លាយជា​ប្រទេស​បន្ទាប់ ហើយ​បើ​វា​កើតឡើង​មែន នោះ​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​ទំនងជា​រង​ទុក្ខ​មិន​តិច​នោះ​ទេ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ទាំងមូល​ដែរ ដ្បិតថា​អា​ល្លឺ​ម៉​ង់​នេះ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​ប្លុក​នេះ​។

យ៉ាងណាមិញ ខណៈ​ពេល​ដែល​ប៊ុល​ហ្គា​រី និង​ប៉ូ​ឡូញ​បដិសេធ​ចូលរួម​ជាមួយ​គម្រោង​របស់​ទីក្រុង​មូ​ស្គូ ហើយ​មានការ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ភ្លាម​ពី​ទីក្រុង​មូ​ស្គូ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ស្នើរ​សុំ​គណៈកម្មការ​សហភាព​អឺរ៉ុប ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទិញ​ឧស្ម័ន​របស់​ខ្លួន​បង់ប្រាក់​ជា​ប្រាក់​រូ​ប្ល តាម​ការ​ទាមទារ​របស់​រុ​ស្ស៊ី​ផង​ដែរ​។

ក្រុមហ៊ុន​អ៊ឺ​រ៉ុ​ប​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​ផុតកំណត់ នៃ​ការ​ទូទាត់​ឧស្ម័ន​របស់​រុ​ស្ស៊ី​នៅ​ចុងខែ​នេះ សហភាព​អឺរ៉ុប កំពុង​ខិតខំ​បញ្ជាក់​អំពី​វិធីសាស្ត្រ​មួយ​ចំនួន​ទៅ​កាន់​ក្រុមហ៊ុន​ទិញ​ប្រេង​ពី​រុ​ស្ស៊ី ដែល​ពួក​គេ​អាច​បន្ដ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​បាន ដោយ​មិន​មានការ​បំពាន​ទណ្ឌកម្ម​ដែល​បាន​ដាក់​ដោយ​សហភាព​អឺរ៉ុប​ទៅ​លើ​រុ​ស្ស៊ី​។

ទីក្រុង​មូ​ស្គូ​និយាយ​ដោយ​សង្កត់ធ្ងន់​ៗ​ថា អ្នកទិញ​ឧស្ម័ន​បរទេស​ធ្លាប់តែ​ទូទាត់​ប្រាក់​អឺ​រ៉ូ ឬ​ដុល្លារ​ទៅ​ក្នុង​គណនី​នៅ​ធនាគារឯកជន​រុ​ស្ស៊ី Gazprombank ត្រូវ​តែ​ផ្លាស់​ប្តូរ​ការ​ទូទាត់​ទៅ​ជា​ប្រាក់​រូ​ប្ល​។

គណៈកម្មកា​អឺរ៉ុប​បាន​ប្រាប់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ថា ការ​អនុវត្ត​ទៅ​តាម​ការ​ទាមទារ​របស់​រុ​ស្ស៊ី​នេះ គឺជា​ការ​បំពាន​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​លើ​ប្រទេស​មួយ​នេះ​។ គណៈកម្មការ​អឺរ៉ុប បាន​ស្នើ​ដែរ​ថា ប្រទេស​សហភាព​អឺរ៉ុប អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ប្រេង​បាន ប្រសិនបើ​ពួក​គេ​អាច​បញ្ជាក់​បាន​ថា ការ​ទូ​ទូទាត់​បាន​រួចរាល់​នោះ គឺ​ធ្វើ​ឡើងជា​ប្រាក់​អឺ​រ៉ូ ហើយ​មុន​នឹង​វា​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​រូបិយ​បណ្ណ​រូ​ប្ល​របស់​រុ​ស្ស៊ី​។

នៅ​ពេល​នេះ គណៈកម្មការ​អឺរ៉ុប​កំពុង​រៀបចំសេចក្ដី​ព្រៀង​ណែនាំ​លើ​ការ​ទូទាត់​នេះ បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​បាន​ស្នើ​ឲ្យ​មានការ​បញ្ជាក់​ឲ្យ​បាន​លម្អិត​ពី​វិធីសាស្ត្រ​នេះ​។

គួរ​ជម្រាប​ថា ការ​ទូទាត់​ជា​ប្រាក់​រូ​ប្ល​អាច​ជួយ​ដល់​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​ពី​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​បាន ខណៈ​ដែល​ចំណូល​ពី​ប្រេងឥន្ធនៈ​អាច​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​យោធា​លុកលុយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បន្ថែម​មួយ​កម្រិត​ទៀត​។

បើ​គិត​តាំងពី​ថ្ងៃ​ដែល​រុ​ស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ មក​ទល់​ពេល​នេះ ប្រទេស​សហភាព​អឺរ៉ុប បាន​ទូទាត់​ថ្លៃ​ប្រេង និង​ឧស្ម័ន​ទៅ​ឲ្យ​រុ​ស្ស៊ី​ក្នុង​តម្លៃ​សរុប​ជាង​៤៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​រុ​ស្ស៊ី​មាន​ចំណែក​ផ្គត់ផ្គង់​ឧស្ម័ន ៤០% និង ប្រេង ២៦% ទៅ​សហភាព​អឺរ៉ុប​។

យ៉ាងណាមិញ គណៈ​ក​ម្មា​ការ​អឺរ៉ុប នៅ​ចុងខែ​នេះ​នឹង​បង្ហាញ​ពី​ផែនការ ដើម្បី​បញ្ចប់​ការ​ពឹងផ្អែក​របស់​អឺរ៉ុប​លើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ពី​រុ​ស្ស៊ី​នៅ​ត្រឹម​ឆ្នាំ ២០២៧ រួម​ទាំង ការ​ពង្រីក​ថាមពល​កកើត​ឡើង​វិញ​។​ក្នុង​នោះ ក្រសួង​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​អះអាង​ដែរ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​ចង់​សាងសង់​កន្លែង​ចំនួន ៤ សម្រាប់​ជំនួស​កន្លែង​ស្តុក​ឧស្ម័ន​ទាំង​បី (FSRUs)​របស់​ខ្លួន ខណៈ​ដែល​ខ្លួន​ព្យាយាម​កាត់​បន្ថយ​ឧស្ម័ន​រុ​ស្ស៊ី​មក​នៅ​ត្រឹម​សូន្យ​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ ជាមួយនឹង​ការ​ជំនួស​ដោយ​ប្រើ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដែល​អាច​មាន​ប្រភព​មក​ពី​ប្រទេស​ជា​ច្រើន​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា ត្រូវបានពន្យារពេល ក្រោយឆ្លងកូវីដ១៩

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់លោក ដាញែល គ្រីថេនប្រ៊ីង (Daniel J. Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្…

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះក្នុងរង្វង់១ដុល្លារ នៅដើមសប្ដាហ៍នេះ?

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ចុះតម្លៃប្រហែល១ដុល្លារ ដោយសារតែមានក្ដីបារម្ភកំពុងកើតឡើងកាន់តែខ្លាំងជុំវិញនឹងកំណើនសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ