តាមរយៈគម្រោងនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុបមកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព "Twinning"។ កម្ពុជាជាប្រទេសដំបូងគេនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាបានលើកឡើងថា គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា កិច្ចសហការនេះនឹងអនុញ្ញាតឱ្យកម្ពុជាអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់ជាតិឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនឹងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើភាពជាដៃគូរវាងរដ្ឋ និងឯកជន។ បើតាមថ្នាក់ដឹកនាំក្រសួងអប់រំ កិច្ចសហការនេះ ក៏នឹងជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់ការវិនិយោគបរទេសនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ២០២៧ មានរយៈពេលសរុប៣៦ខែ។ គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួន៥ និងសាកលវិទ្យាល័យចំនួនពីរនៅកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច៕