សហភាពអឺរ៉ុប

សហភាពអឺរ៉ុបនឹងព្យាយាមម្តងទៀតសម្រាប់កិច្ចព្រមព្រៀងថាមពលកកើតឡើងវិញ បន្ទាប់ពីខ្វែងគំនិតគ្នាចំពោះថាមពលនុយក្លេអ៊ែរ


បណ្តាប្រទេសសហភាពអឺរ៉ុបនឹងព្យាយាមម្តងទៀតនៅក្នុងសប្តាហ៍នេះដើម្បីអនុម័តកិច្ចព្រមព្រៀងមួយស្តីពីគោលដៅថ្មីៗនៃថាមពលកកើតឡើងវិញ ក្រោយពីបានជាប់គាំងជាច្រើនខែដោយសារតែមានការព្រួយបារម្ភពីប្រទេសបារាំង និងបណ្ដារដ្ឋដទៃទៀត ដោយហេតុថា កិច្ចព្រមព្រៀងនេះនឹងផាត់ចោលការប្រើថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្សាកាតាប៉ុស្តិ៍ ដែលផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
សហភាពអឺរ៉ុបខ្វែងគំនិតគ្នារឿងថាមពលនុយក្លេអ៊ែរនិងថាមពលកកើតឡើងវិញ
ដោយ

ប្រទេសមួយចំនួន រួមទាំងប្រទេសបារាំងផងដែរ បានធ្វើការជំទាស់នៅនាទីចុងក្រោយចំពោះច្បាប់កាលពីខែមុនរបស់សហភាពអឺរ៉ុបស្តីពីគោលដៅថាមពលកកើតឡើងវិញ ដែលប្រកបដោយមហិច្ឆតាកាន់តែខ្លាំង។ ការប្រឆាំងនេះនឹងព្យួរសសរស្តម្ភដ៏សំខាន់មួយនៃផែនការរបស់សហភាពអឺរ៉ុបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

ក្រុមអ្នកការទូតនៃប្រទេសសហភាពអឺរ៉ុបនឹងព្យាយាមអនុម័តច្បាប់នេះនៅថ្ងៃពុធ ទី១៤។ នេះបើយោងតាមរបៀបវារៈកិច្ចប្រជុំដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ទី០៩ ខែមិថុនា។

ទីក្រុងប៉ារីសបានរកវិធីកែប្រែច្បាប់នេះដើម្បីផ្ដល់ភាពអំណោយផលចំពោះការផលិតថាមពលដើរដោយនុយក្លេអ៊ែររបស់ខ្លួន ហើយបាននិយាយថា កិច្ចព្រមព្រៀងចុងក្រោយនេះបានធ្វើឱ្យប្រទេសមួយចំនួនជួបគុណវិបត្តិ រួមទាំងបារាំងផងដែរ ដោយសារពួកគេមានចំណែកធំនៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ។ តាមពិត ថាមពលនុយក្លេអ៊ែរមានកម្រិតសារធាតុកាបូនិកទាបទេ ប៉ុន្តែបញ្ហាចោទនោះគឺថា វាមិនមែនជាថាមពលកកើតឡើងវិញ។

ច្បាប់សហភាពអឺរ៉ុបនេះត្រូវបានបង្កើតឡើងដើម្បីជំរុញការពង្រីកឱ្យបានឆាប់នូវប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលបានមកពីខ្យល់ និងពន្លឺព្រះអាទិត្យជាដើម។ កិច្ចព្រមព្រៀងដែលបានចរចាគ្នានៅឆ្នាំនេះបានផ្តល់នូវការសម្របសម្រួលមួយចំនួន សម្រាប់ឱ្យប្រទេសនានា ដែលបានប្រើប្រាស់ថាមពលនុយក្លេអ៊ែររួចហើយ កាត់បន្ថយការប្រើឥន្ធនៈហ្វូស៊ីលរបស់ពួកគេ។ ការសម្របសម្រួលនោះគឺរួមមានការបន្ទាបគោលដៅឆ្ពោះទៅប្រើប្រាស់ឥន្ធនៈកកើតឡើងវិញក្នុងវិស័យឧស្សាហកម្មផង។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ព្រុយណូ ឡឺម៉ែរ (Bruno Le Maire) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ថា បារាំងនឹងមិនព្រមបោះបង់គុណសម្បត្តិពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរឡើយ ដោយលោកកត់សម្គាល់ថា ប្រទេសសហភាពអឺរ៉ុបមានសិទ្ធិជ្រើសរើសថាមពលចម្រុះផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណែកសមាជិកសហភាពអឺរ៉ុបដែលគាំទ្រថាមពលនុយក្លេអ៊ែរផ្សេងទៀត ដូចជាប្រទេសប៊ុលហ្គារី ប៉ូឡូញ ហុងគ្រី និងសាធារណរដ្ឋឆេក ក៏បានបង្ហាញសញ្ញាមិនគាំទ្រច្បាប់ថ្មីនេះដែរ ដោយពួកគេបានលើកឡើងអំពីកង្វល់ថា គោលដៅមួយចំនួនគឺខ្ពស់ខ្លាំងពេកដែលមិនអាចអនុវត្តតាមបាន។

ទន្ទឹមនឹងនេះ រដ្ឋនានា រួមមានអាល្លឺម៉ង់ និងលុចសំបួរ ដែលជាប្រទេសប្រឆាំងថាមពលនុយក្លេអ៊ែរ ព្រមទាំងប្រទេសដាណឺម៉ាក និងអៀរឡង់ បានជំរុញឱ្យ សហភាពអឺរ៉ុប ដោះស្រាយជម្លោះនេះឱ្យបានឆាប់រហ័ស ដោយពួកគេព្រមានថា ការពន្យារពេលនេះបង្កគ្រោះថ្នាក់ដល់ការវិនិយោគលើថាមពលកកើតឡើងវិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក ស៊ី ជីនពីងអ្វីខ្លះ អំពីផែនការសន្តិភាពអាហ្វ្រិកសម្រាប់រុស្ស៊ី-អ៊ុយក្រែន?

ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានប្រកាសកាលពីថ្ងៃទី១០ មិថុនា ថា លោកប្រធានាធិបតី ស៊ីរីល រ៉ាម៉ាហ្វូសា បានជូនដំណឹងមេដឹកនាំកំពូលច…

ហេតុអ្វីអូស្ត្រាលីខំប្រឹងបង្កើនទំនាក់ទំនងជាមួយវៀតណាមកាន់តែខ្លាំងក្លា?

ទស្សនកិច្ចនាចុងសប្ដាហ៍មុនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បាណេស (Anthony Albanese) នៅវៀតណាម ជាការទទួលស្គាល់ថា ទំនាក់ទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ