Advertisement
ទស្សនៈជំនួញ​អ្នកឧកញ៉ លី យ៉ុងផាត់

ទស្សនៈជំនួញ នៅពីក្រោយការវិនិយោគរាប់ពាន់លានដុល្លារ របស់មហាសេដ្ឋី លី យ៉ុងផាត់


នៅពេលនិយាយដល់ឈ្មោះ លី យ៉ុងផាត់ មានមនុស្សជាច្រើនណាស់ បានស្គាល់យ៉ាងច្បាស់ថា ជាឈ្មោះមហាសេដ្ឋីជើងចាស់មួយរូបនៅកម្ពុជា ដែលមានឥទ្ធិពលក្ដោបក្ដាប់លើមុខជំនួញធំៗនៅក្នុងវិស័យផ្សេងៗគ្នាមិនតិចជាង ២០ នោះឡើយ។ តើកំពូលមហាសេដ្ឋី អ្នកឧកញ៉ា លី យ៉ុងផាត់ មានការគិតបែបណា ក្នុងការសម្រេចចិត្ត ពិសេសលើការវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា? នេះ គឺជាសំណួរ មួយ ដែលមនុស្សជាច្រើនពិតជាចង់ដឹង។ ដើម្បីស្រាយចម្ងល់នេះ ខេមបូណូមីស សូមលើកយកនូវទស្សនៈជំនួញ សំខាន់ៗមួយចំនួន របស់អ្នកឧកញ៉ា លី យ៉ុងផាត់ មកចែកជូនលោកអ្នកបានស្វែងយល់។
អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន LYP Group
ដោយ

១, រើស​ដៃ​គូរកស៊ី ត្រូវរើស​លើចិត្ត កុំមើល​ឃើញ​តែលុយ

​អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានគេ​ស្គាល់​ថា គឺវិនិយោគិន​​ក្នុង​ស្រុកមួយ​រូប ​ដែលមាន​ទំនាក់​ទំនង​ធុរកិច្ច​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​​វិនិយោទុន​ធំៗ​មកពី​ប្រទេសថៃ តួយ៉ាង មាន​ផលិត​​ផល​ពីប្រទេសថៃជាច្រើន ត្រូវបាន​ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី​ យ៉ុងផាត់​បាន​នាំ​មក​លក់​នៅ​កម្ពុជា ដូចជា គោ​ជល់​ជាដើម។​ ​ផ្សារ​ទំនើប​​លក់​ទំនិញ​បោះដុំ Makro និង ផ្សារទំនើប​​​លក់​​ផលិតផល​​គ្រឿង​​សំណង់ និងសម្ភារលំនៅដ្ឋាន Global House ដែលបាន​ដំណើរការ​​ថ្មីៗនេះ ក៏សុទ្ធតែ ជា​ការ​ចាប់ដៃ​គូ​ជាមួយ​នឹង​វិនិយោគិន​មកពី​ប្រទេស​ថៃ​ដែរ។

Advertisement

នៅពេលដែល​ត្រូវបាន​សួរថា ហេតុអ្វីក៏ អ្នកឧកញ៉ា ចូលចិត្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ថៃ​ម្លេះ? អ្នកឧកញ៉ា លី យ៉ុងផាត់ បាន​បញ្ជាក់​ប្រាប់​​ខេមបូណូមីស​​ថា ការវិនិយោគ​ គឺមិនរើស​អើង​ជាតិសាសន៍​នោះ​ឡើយ ប៉ុន្ដែ យើងត្រូវ​ជ្រើស​មើល​ដែរ ពីសមត្ថភាព​ និងលទ្ធភាព​​របស់​ដៃគូ​​នោះ មុននឹង​វិនិយោគ​ជាមួយ មិនមែន​ចេះតែ​យកមក​ឲ្យតែ​បានៗ​នោះទេ ព្រោះ​ពេល​ខាត​​ឡុង​ចុង ​​វាមិន​ត្រឹមតែ​ខាត​ដើមទុន​លុយកាក់​​តែ​១មុខ​​នោះទេ តែវាក៏​ខាត​បង់​​នូវ​កេរ្ដិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ផងដែរ។ 

លោកបន្ថែមថា ការវិនិយោគ​ជាមួយ​ថៃ គឺដោយ​សារ​តែ​​លោក​​មាន​ទំនាក់ទំនង និង​ចេញចូល​ប្រទេស​នេះញឹក​ញាប់ ហើយខាង​ក្រុមហ៊ុន​ថៃ​ទាំងនោះ មាន​ទំនុកចិត្ត​លើក្រុម​ហ៊ុន​លោក​ណាស់។

Advertisement

មហា​សេដ្ឋីរូបនេះ បានគូស​បញ្ជាក់ថា «គេច្រើនរកដៃគូ មើល​លើលុយ​កាក់​ច្រើន តែខ្ញុំ​​រកមើល​ដៃគូមើល​លើ​ទឹកចិត្ត មុត ឬមិនមុត ស៊ូ ឬមិនស៊ូ។ ឧទាហរណ៍ មុនខ្ញុំ​បើក​​ផ្សារ Global House នេះ មានផ្សារ​នៅថៃ​ច្រើនណាស់​​មក​ទាក់ទង​ខ្ញុំ​ធ្វើ​ជា​ដៃគូ តែខ្ញុំ​អត់​ព្រម។ ប៉ុន្ដែ ជួប​ជាមួយ Global House នេះ ឃើញ​ថា មាន​ចិត្តស៊ូ​ ហ៊ាន​​ចូល​មកងាប់ៗ​ជាមួយ​គ្នា រស់ៗ​ជាមួយ​គ្នា»។ 

២, រកស៊ីក្នុង​សង្គម​​ត្រូវចែក​គ្នា​រស់ កុំចង់រស់​តែឯង

«រកស៊ីក្នុងសង្គមនេះ ត្រូវចែក​គ្នារស់ កុំចង់​រស់​តែឯង។ ខ្ញុំសួរថា នរណា​​​ល្ងង់ជាង​នរណា? ខ្ញុំឆ្លាត យើងក៏​ឆ្លាតដែរ មនុស្ស​យើង​ដូចតែ​គ្នាតើ ឆ្លាតដូច​តែគ្នា​តើ។ ដូច្នេះ រកស៊ី កុំចង់​ច្រើន​ពេក មនុស្ស​យើង​កាល​ណា​គិតច្រើនពេក ចង់ច្រើន​ពេក​ទៅ​មិន​រួចទេ។» នេះគឺជា​ប្រសាសន៍​លើក​ឡើង​របស់​ អ្នកឧកញ៉ា លី យ៉ុងផាត់​បាន​​ថ្លែង​ប្រាប់​ខេម​បូណូមីស។

នៅពេលដែល​ខេមបូណូមីស សួរថា ល្បីគេ​ច្រើន​និយាយថា អ្នក​ឧកញ៉ា ក្ដោប​យក​មុខ​របរស្ទើរ​តែអស់​ហើយ​​នៅ​ស្រុក​ខ្មែរ តើឧកញ៉ា​​ឆ្លើយ​តបយ៉ាង​ម៉េចដែរ? ឧកញ៉ា​ដែលមាន​ដើម​កំណើត​ពីខេត្ត​កោះកុង​រូបនេះ បាន​លើក​ឡើងថា «អត់ទេ! ខ្ញុំយក តែត្រង់​ណា​ខ្ញុំយក​មកបាន​ខ្ញុំយក (ការវិនិយោគ) តែបើ​​យក​​មិនបាន​ខ្ញុំមិន​យកទេ! បើមិន​ចឹង​ធ្វើ​ម៉េច​ឈ្នះ មួយថ្ងៃៗ​រក​ពេល​អង្គុយ​បាយ​ទឹក​សឹងតែ​គ្មាន​ផង​ហ្នឹង! ហើយសួរ​យកធ្វើអី? ខ្ញុំសួរថា យើង​ប្រើលុយ ឬឲ្យ​លុយ​ប្រើយើង? យើងត្រូវគិត​ឲ្យស្រួល​បួល​ត្រង់ហ្នឹង? បើឲ្យ​លុយ​មកប្រើ​យើង យើង​កុន​ហើយ! យើងមិន​បាន​១០០ឆ្នាំ​ណា! សុំទោស ៤០ ឆ្នាំ បើមិន​ងាប់ ក៏វាល​ដែរ មិនអញ្ចឹង​?»។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានគូស​បញ្ជាក់​ទៀត​ថា បើតាម​គោលការណ៍​ក្នុងការ​វិនិយោគ ដូចជា​ការ​វិនិយោគ​ផ្សារ Global House នេះអញ្ចឹង គឺ​ពិបាក​​ធ្វើ​ណាស់ ព្រោះ​ដីឡើង​ថ្លៃ ព្រោះ​ដីតំបន់​ខ្លះ ១ម៉ែត្រការ៉េ ១ពាន់ ទៅ២ពាន់​​ដុល្លារ​ទៅហើយ ហើយបើលោក រវល់​តែគិត​ពីរឿង​ប្រាក់​ចំណេញ ពិតណាស់​​គឺធ្វើទៅ​មិនរួចទេ។ ប៉ុន្ដែ ដើម្បីឲ្យ​ក្រុង​ភ្នំពេញ​​ និងតំបន់សែនសុខ ​មានការ​អភិវឌ្ឍ​ស្របទៅ​តាម​ទិសដៅ​អភិវឌ្ឍ​ន៍​របស់​រាជ​រដ្ឋាភិបាល យើងជា​​វិនិយោគ​​ទុន ត្រូវតែ​ហ៊ាន​ធ្វើ។

៣, ជានិច្ចកាល​តែងឈរ​នៅ​ពីក្រោយ

នៅក្នុង​​អាណាចក្រ​​ជំនួញ​​របស់​​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ត្បិតថា ជំនួញ​​ក្នុងដៃ​​មាន​​រាប់​សិប ក៏ដោយ ប៉ុន្ដែ លោកថា រាល់ការងារ​​ផ្ទៃក្នុង​​ក្រុមហ៊ុន​ទាំងអស់ គឺលោក​មិនបាន​ប្រតិបត្តិ​ដោយផ្ទាល់​នោះ​ឡើយ ពោលគឺ​​បាន​ផ្ទេរ​ឲ្យកូន​គ្រប់គ្រង​អស់​ហើយ។ ប៉ុន្ដែ លោក​​នៅតែ​ឈរ​នៅពី​ក្រោយ​​កូនៗ​របស់​លោក​ជានិច្ច ពិសេស​គឺ រាល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ។ 

អ្នកឧកញ៉ា លី យ៉ុងផាត់ បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះថា «អាយុប៉ុណ្ណេះ តាម​ពិតដល់​ពេល​វេលា​ ​ដែល​ខ្ញុំត្រុវដើរ​លេង​ហើយ តែក្មេងៗ ការចេះ​ដឹង​វា​នៅ​ស្ទើរ។ យើងនេះ មិនទៅ​ពូកែ​មក​ពី​ណាទេ! ប៉ុន្ដែ យើងវា​បាន​រៀនសូត្រ​មក​ច្រើន​ឆ្នាំ​ហើយ​អ្វីដែល ក្មេងៗ​មិនដឹង យើងដឹង! បទ​ពិសោធន៍​ច្រើន នេះ​សំខាន់​ណាស់! កន្លងមក ខ្ញុំនិយាយ​ជាមួយ កូនៗ​ខ្ញុំថា ឯង​កុំអាង​ពួកឯង​​ដុកទ័រអី សញ្ញាបត្រ​បណ្ឌិត​អី សុំទោស! ព្រោះយើង​នេះ វាធ្លាប់​​ហែល​ឆ្លងអស់​ហើយ​ទាំង​ក្ដៅរងា ស៊ីទឹក​ត្រី ស៊ី​អំបិល យើង​ធ្លាប់ជួប​អស់​ហើយ ចឹង​យើងដឹង។

បើតាមការ​គូស​បញ្ជាក់ ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ រាលថ្ងៃ ការងារ​​គ្រប់គ្រង​​ក្រុមហ៊ុន​ គឺ​ទុក​ឲ្យកូនៗ​ជាអ្នក​មើលការ​ខុសត្រូវ ចំណែក​លោក គឺនៅ​ជួយ​មើល​ពីខាង​ក្រៅ ពិសេស គឺតាម​ដាន​​ជាមួយ​នឹង​​ស្ថានភាព​នយោបាយ ថាតើ វាអំណោយ​ផល​សម្រាប់​វិនិយោគ ឬក៏អត់ គឺ​លោកជា​អ្នក​សម្រេច​ចិត្ត។ 

សូម​ជម្រាបថា អ្នកឧកញ៉ា លី យ៉ុងផាត់ ថ្មីៗនេះ បានបើក​ដំណើរ​​ការ​​អាជីវកម្មធំៗ​ជាច្រើន ដូចជា សួនសត្វ​ភ្នំពេញ​សាហ្វារី ផ្សារ​ទំនើបម៉ាក្រូ ផ្សារ Global House សាល​មហា​សន្និបាត និងពិព័រណ៍​សែនសុខ​និងកន្លែង​កម្សាន្ដ ដាយណូស័រ​ Jurassic Kingdom ជាដើម ខណៈដែល​មាន​គម្រោងធំៗ​ជាច្រើន​​​​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​​សាងសង់៕ 

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកគំរាមតម្លើងពន្ធបន្ថែមលើ ទំនិញចិន តម្លៃជាង ២៦៧ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសារជាថ្មីម្តងទៀត ទៅលើរឿងដំឡើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃជិត ២៧០ពាន់លាន...

សន្និបាត​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភព​លោក​បាន​ធ្វើ​ឲ្យ​ទីផ្សារ​កាន់​តែមាន​ទំនុក​ចិត្ត

ព័ត៌មាន
សន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia និងក្រុមគ្រួសារ21 office មានសេចក្តីរីករាយ និងមោទនភាព ដែលបានរៀបចំសន្និប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ