រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា មានការជ្រៀតជ្រែកឥទ្ធិពលដោយប្រទេសឈូងសមុទ្រមួយនៅឯសភាអឺរ៉ុបដែលគេមិនបានបញ្ជាក់ឈ្មោះនោះឡើយ ក្នុងសកម្មភាពបង្ក្រាបនេះ ក៏មានការចោទប្រកាន់មនុស្ស ៤ នាក់ ពីបទពុករលួយ ការចូលរួមជាក្រុមក្នុងអំពើឧក្រិដកម្ម និងការលាងលុយកខ្វក់ជាដើម។ ក្នុងនោះ ក៏មានដែរអនុប្រធានសភាអឺរ៉ុប លោកស្រី អ៊ីវ៉ា កៃលី (Eva Kaili) ដែលត្រូវបានលាលែងពីតួនាទីភ្លាមៗក្រោយមានរឿងអាស្រូវពុករលួយនេះ។
យ៉ាងណាមិញ រដ្ឋអាជ្ញាអឺរ៉ុបបានបដិសេធមិនបង្ហាញអត្តសញ្ញាណប្រទេសដែលគេសង្ស័យថា បានផ្តល់សាច់ប្រាក់ ឬអំណោយដល់មន្ត្រីសភាជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយនោះទេ។ ទោះយ៉ាងណាមានសមាជិកមួយចំនួននៃសភាអឺរ៉ុប និងប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកមួយចំនួនបានភ្ជាប់ការស៊ើបអង្កេតនេះទៅប្រទេសកាតា ដែលបច្ចុប្បន្នកំពុងរៀបចំព្រឹត្តិការណ៍បាល់ទាត់កម្រិតពិភពលោកនោះ។ ទន្ទឹមនឹងគ្នានេះ ក្រសួងការបរទេសកាតាបានបដិសេធមិនទទួលយកការចោទទាំងអម្បាលម៉ាននោះទេ។
គួរជម្រាបដែរថា បើតាមការបញ្ជាក់របស់រដ្ឋអាជ្ញាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១២ ធ្នូ ប៉ូលិសបានធ្វើការឆ្មក់ចូលនៅឯការិយាល័យសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែល ដើម្បីរឹបអូសទិន្នន័យកុំព្យូទ័រ ដែលជាកម្មសិទ្ធិរបស់ជំនួយការសភាចំនួន ១០ នាក់។ បើគិតក្នុងរយៈពេលបួនខែមកនេះ ក្រុមមន្ត្រីប៉ូលិសបានធ្វើការឆ្មក់ចូលឆែកឆេរចំនួន២០រួចមកហើយ។
យោងតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលជាប្រធានផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានសភាអឺរ៉ុបលោកស្រី Kaili បានគំរាមកំហែងដល់ទំនុកចិត្តពលរដ្ឋអឺរ៉ុប ដែលបានដាក់ការជឿទុកចិត្តនៅក្នុងស្ថាប័នរបស់ប្លុកដែលមានសមាជិកទាំង២៧ប្រទេសនេះ។
លោកស្រីបាននិយាយថា ស្ថាប័នក្រមសីលធម៌ឯករាជ្យ ដែលលោកស្រីស្នើឱ្យបង្កើតនឹងគ្របដណ្តប់លើសកម្មភាពបញ្ចុះបញ្ចូលនៅគណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ក៏ដូចជានៅធនាគារកណ្តាលអឺរ៉ុប តុលាការយុត្តិធម៌អឺរ៉ុប និងតុលាការសវនកម្មអឺរ៉ុបផងដែរ។
ដោយឡែក កាលពីថ្ងៃសុក្រទី ៩ខែធ្នូកន្លងទៅ ប៉ូលិសក្នុងរដ្ឋធានីបែលហ្ស៊ិកក៏បានធ្វើការវាយឆ្មក់ជាច្រើនផ្នែកដែលជាការស៊ើបអង្កេត ដោយបានរឹបអូសយកលុយ ឧបករណ៍កុំព្យូទ័រ និងទូរសព្ទដៃជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអឺរ៉ុប មិនបានកំណត់អត្តសញ្ញាណបុគ្គលណាមួយនោះទេ ដោយនិយាយថា មនុស្សទាំងបួននាក់ក្នុងចំណោមប្រាំមួយនាក់ដែលត្រូវបានឃុំខ្លួននៅថ្ងៃនោះ ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ ដោយមនុស្សពីរនាក់ត្រូវបានដោះលែងវិញ។ ហើយកាលពីថ្ងៃអាទិត្យ ទី១១ ក៏មានការស៊ើបអង្កេតធ្វើឡើងក្នុងប្រទេសអ៊ីតាលីផងដែរ។
លោក Hendrik Vos សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ghent និងជាអ្នកជំនាញសហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន AP ថា ករណីនេះអាចមានផលប៉ះពាល់ជាបន្តបន្ទាប់លើរូបភាពវិជ្ជមានជាទូទៅនៃសភាអឺរ៉ុប។ លោកបានមានប្រសាសន៍ថា «មិនដែលមានរឿងអាស្រូវពុករលួយធំបែបនេះក្នុងសភាអឺ់រ៉ុបនោះទេ ដោយវាមានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះវាបានជះឥទ្ធិពលជាមូលដ្ឋានលើសភា។