ប៉ូលិសស៊ើបអង្កេតអំពើពុករលួយក្នុងសភាអឺរ៉ុប

ការិយាល័យសភាសហភាពអឺរ៉ុបត្រូវបានអាជ្ញាធរស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលិកមួយចំនួន ជុំវិញសំណុំរឿងពុករលួយ


អាជ្ញាធរប៉ូលិសបែលហ្ស៊ិកបានធ្វើការស៊ើបអង្កេត និងចាប់បានជាបន្តបន្ទាប់នូវជនសង្ស័យកាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ក្នុងការិយាល័យសភាអឺរ៉ុប ស្របពេលដែលប្រធានសភាសហភាពអឺរ៉ុបបានសន្យាថា នឹងបើកការស៊ើបអង្កេតផ្ទៃក្នុងថែមទៀត ដើម្បីបោសសម្អាតអំពើពុករលួយ និងបានអំពាវនាវឱ្យមានការបង្កើតស្ថាប័នក្រមសីលធម៌ឯករាជ្យទូទាំងសហភាពអឺរ៉ុបផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប៉ូលិសស៊ើបអង្កេតអំពើពុករលួយក្នុងសភាអឺរ៉ុប
ដោយ

រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា មានការជ្រៀតជ្រែកឥទ្ធិពលដោយប្រទេសឈូងសមុទ្រមួយនៅឯសភាអឺរ៉ុបដែលគេមិនបានបញ្ជាក់ឈ្មោះនោះឡើយ​ ក្នុងសកម្មភាពបង្ក្រាបនេះ​ ក៏មានការចោទប្រកាន់មនុស្ស ៤ នាក់ ពីបទពុករលួយ ការចូលរួមជាក្រុមក្នុងអំពើឧក្រិដកម្ម និងការលាងលុយកខ្វក់ជាដើម។ ក្នុងនោះ ក៏មានដែរអនុប្រធានសភាអឺរ៉ុប លោកស្រី អ៊ីវ៉ា កៃលី (Eva Kaili) ដែលត្រូវបានលាលែងពីតួនាទីភ្លាមៗក្រោយមានរឿងអាស្រូវពុករលួយនេះ។

យ៉ាងណាមិញ រដ្ឋអាជ្ញាអឺរ៉ុប​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​ប្រទេស​ដែល​គេ​សង្ស័យ​ថា ​បាន​ផ្តល់​សាច់ប្រាក់ ឬ​អំណោយ​ដល់​មន្ត្រី​សភា​ជា​ថ្នូរ​នឹង​ការ​អនុគ្រោះ​ផ្នែក​នយោបាយនោះទេ។ ទោះយ៉ាងណាមានសមាជិកមួយចំនួននៃសភាអឺរ៉ុប និងប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកមួយចំនួនបានភ្ជាប់ការស៊ើបអង្កេតនេះទៅប្រទេសកាតា ដែលបច្ចុប្បន្នកំពុងរៀបចំព្រឹត្តិការណ៍បាល់ទាត់កម្រិត​ពិភពលោកនោះ។ ទន្ទឹមនឹងគ្នានេះ ក្រសួងការបរទេស​កាតា​​បាន​បដិសេធមិនទទួលយកការចោទទាំងអម្បាលម៉ាននោះទេ។

គួរជម្រាបដែរថា បើតាមការបញ្ជាក់របស់រដ្ឋអាជ្ញាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១២ ធ្នូ ប៉ូលិសបានធ្វើការឆ្មក់ចូលនៅឯការិយាល័យសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែល ដើម្បីរឹបអូសទិន្នន័យ​កុំព្យូទ័រ ដែលជាកម្មសិទ្ធិរបស់ជំនួយការសភាចំនួន ១០ នាក់។ បើគិតក្នុងរយៈពេលបួនខែមកនេះ ក្រុមមន្ត្រីប៉ូលិសបាន​ធ្វើការឆ្មក់ចូលឆែកឆេរ​ចំនួន២០រួចមកហើយ។

យោងតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលជាប្រធានផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប​បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានសភាអឺរ៉ុបលោកស្រី Kaili បានគំរាមកំហែងដល់ទំនុកចិត្តពលរដ្ឋអឺរ៉ុប ដែលបានដាក់ការជឿទុកចិត្ត​នៅក្នុងស្ថាប័នរបស់ប្លុកដែលមានសមាជិកទាំង២៧ប្រទេសនេះ។

លោកស្រីបាននិយាយថា ស្ថាប័នក្រមសីលធម៌ឯករាជ្យ ដែលលោកស្រីស្នើឱ្យបង្កើតនឹងគ្របដណ្តប់លើសកម្មភាពបញ្ចុះបញ្ចូលនៅ​គណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ក៏ដូចជានៅធនាគារកណ្តាលអឺរ៉ុប តុលាការយុត្តិធម៌អឺរ៉ុប និងតុលាការសវនកម្មអឺរ៉ុបផងដែរ។

ដោយឡែក កាល​ពី​ថ្ងៃ​សុក្រទី ៩ខែធ្នូកន្លងទៅ ប៉ូលិស​ក្នុង​រដ្ឋធានី​បែលហ្ស៊ិកក៏​បាន​ធ្វើ​ការ​វាយឆ្មក់​ជា​ច្រើន​ផ្នែក​ដែល​ជា​ការ​ស៊ើប​អង្កេត ដោយបាន​​រឹប​អូស​យក​លុយ ឧបករណ៍​កុំព្យូទ័រ និង​ទូរសព្ទ​ដៃជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអឺរ៉ុប មិនបានកំណត់អត្តសញ្ញាណបុគ្គលណាមួយនោះទេ ដោយនិយាយថា មនុស្សទាំងបួននាក់ក្នុងចំណោមប្រាំមួយនាក់ដែលត្រូវបានឃុំខ្លួននៅថ្ងៃនោះ ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ ដោយមនុស្សពីរនាក់ត្រូវបានដោះលែងវិញ។ ហើយកាលពីថ្ងៃអាទិត្យ ទី​១១ ក៏មានការស៊ើបអង្កេតធ្វើឡើងក្នុងប្រទេសអ៊ីតាលីផងដែរ។

លោក Hendrik Vos សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ghent និងជាអ្នកជំនាញសហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន AP ថា ករណីនេះអាចមានផលប៉ះពាល់ជាបន្តបន្ទាប់លើរូបភាពវិជ្ជមានជាទូទៅនៃសភាអឺរ៉ុប។ លោក​បាន​មាន​ប្រសាសន៍​ថា «មិន​ដែល​មាន​រឿង​អាស្រូវ​ពុក​រលួយ​ធំ​បែប​នេះ​ក្នុងសភាអឺ់រ៉ុបនោះទេ ដោយវា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ព្រោះវាបានជះឥទ្ធិពលជាមូលដ្ឋានលើសភា។




អត្ថបទបន្ទាប់


អាមេរិកសម្រេចផ្តល់កម្ចី ២,៥ពាន់លានដុល្លារឱ្យក្រុមហ៊ុន GM និង LGសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
ក្រសួងថាមពលអាមេរិក បានប្រកាសនៅកាលពី១២ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានធ្វើការសម្រេចចុងក្រោយ ដោយយល់ព្រមផ្តល់កម្ចីការប្រាក់ទាបប្រមាណ ២ពាន់៥រយលាន…

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តពួតដៃគ្នាបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងអ្វីខ្លះ?

ព័ត៌មាន
ប្រេសិតទីក្រុងសេអ៊ូលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្ការ ទី១៣ ខែធ្នូ ថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ