សហភាពអឺរ៉ុបបង្ហាញយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ»

EU បង្ហាញយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ»ដែលពឹងចិនតិចជាងមុន ប៉ុន្តែសមាជិកខ្វែងមតិគ្នា


គណៈកម្មាធិការអឺរ៉ុបកាលពីថ្ងៃអង្គារទី២០មិថុនា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ» ដែលបង្កើតឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរឹងមាំ ដោយមិនចាំបាច់ពឹងផ្អែកលើបច្ចេកវិទ្យាសំខាន់ៗរបស់ប្រទេសចិនខ្លាំងពេក។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ សមាជិកសហភាពអឺរ៉ុបហាក់ខ្វែងគំនិតគ្នាអំពីយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
EU បង្ហាញយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ»ដែលពឹងចិនតិចជាងមុន ប៉ុន្តែសមាជិកខ្វែងមតិគ្នា

យុទ្ធសាស្ត្ររបស់គណៈកម្មាធិការអឺរ៉ុបដែលទើបផ្សាយចេញកាលពីថ្ងៃអង្គារ មានបំណងបង្កើនការត្រួតពិនិត្យការវិនិយោគផ្ទាល់ពីបរទេស, អនុវត្តការត្រួតពិនិត្យការនាំចេញដើម្បីការពារ«ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច», និងដោះស្រាយហានិភ័យក្នុងឧស្សាហកម្មពាក់ព័ន្ធនឹងកម្មវិធីយោធា ដូចជាប្រព័ន្ធកុំព្យូទ័រ បន្ទះគ្រឿងអេឡិចត្រូនិកទំនើប និងបញ្ញាសិប្បនិម្មិត។

ទោះជាយុទ្ធសាស្ត្រនេះមិនបានបញ្ជាក់ខ្លឹមសារចំឈ្មោះប្រទេសចិនក៏ពិតមែន ក៏ប៉ុន្តែអត្ថន័យរបស់វា គឺចង់សំដៅទៅលើប្រទេសចិនដែលតែងតែរងការរិះគន់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។

សំណើនេះបានដាក់បន្ថែមយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ»ដែលដាក់ចេញដំបូងដោយប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី អឺសូឡា វ៉ុន ឌឺឡេយិន (Ursula von der Leyen) កាលពីថ្ងៃទី៣០ ខែមីនា។ លោកស្រី វ៉ុន ឌឺឡេយិន បាននិយាយកាលពីថ្ងៃអង្គារថា អឺរ៉ុបត្រូវតែ«បើកភ្នែកមើលឱ្យច្បាស់ពិភពលោកមួយដែលមានការប្រកួតប្រជែងគ្នារឹតតែខ្លាំង និងដែលមានការដណ្ដើមភូមិសាស្ត្រនយោបាយគ្នាកាន់តែខ្លាំងសព្វថ្ងៃនេះ»។

ទោះយ៉ាងណា មានសញ្ញាខ្លះបង្ហាញថា សមាជិកសហភាពអឺរ៉ុបមួយចំនួនហាក់នៅយល់ឃើញពីភាពត្រឹមត្រូវរបស់ពួកគេ ក្នុងការបន្តទំនាក់ទំនងពាណិជ្ជកម្មមួយប្រទេសចិន។ អាល្លឺម៉ង់នៅតែចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយកាលពីឆ្នាំមុន ទីក្រុងប៊ែកឡាំងមានឱនភាពពាណិជ្ជកម្មប្រហែល ៨៧ ពាន់លានដុល្លារ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន។ នេះជាតួលេខមួយដ៏ធំបំផុត បើគិតចាប់តាំងពីឆ្នាំ១៩៩០មក។

ឥឡូវនេះ ទីក្រុងប៊ែកឡាំងកំពុងទទួលនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដែលបានជួបអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) កាលពីថ្ងៃអង្គារ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក លី នេះ គេក៏ដឹងដែរថា ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១០ ក្នុងវិស័យនានា ដូចជាការបង្កើតបច្ចេកវិទ្យាទំនើប និងការការពារបរិស្ថានជាដើម។

ចំណែកលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងវិញក៏ទំនងជាគាំទ្រទំនាក់ទំនងជាមួយចិនដែរ ដោយហេតុថាក្រោយពីលោកបានធ្វើទស្សនកិច្ចនៅចិនកាលពីខែមេសា លោកបាននិយាយថា បារាំងនឹងមិនដើរតាមអាមេរិកទេ ពាក់ព័ន្ធនឹងគោលនយោបាយរបស់ក្រុងប៉េកាំងនៅច្រកសមុទ្រតៃវ៉ាន់ ព្រោះវាមិនផ្ដល់ប្រយោជន៍ដល់អឺរ៉ុបឡើយ។

សូមរំលេចថា បន្ទាប់ពីទៅអាល្លឺម៉ង់ នាយកដ្ឋមន្ត្រីចិន លោក លី ឈាង ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីហិរញ្ញប្បទានអាកាសធាតុនៅទីក្រុងប៉ារីសចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រនាសប្ដាហ៍នេះដែរ។ គេរំពឹងថា លោកនឹងជួបជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែរ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីបញ្ជាក់ជាថ្មីថា អាស៊ាននឹងធ្វើតាមផែនការ ដោយបន្ដធ្វើសមយុទ្ធក្បែរកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង

ព័ត៌មាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុងដើរឆ្ពោះទៅអនុវត្តផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការអះអា…

ថៃទទួលបានទុនវិនិយោគពីបរទេសជិត ១,៣ពាន់លានដុល្លារ ធ្លាក់ចុះ១៨% នៅ៥ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបានប្រកាសថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគទុនបរទេសសរុបកើនឡើង១៦ភាគរយ ប៉ុន្តែទំហំទុនវិនិយោគបានធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ