សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ចិន ៤រូប នៅតំបន់ស៊ិនជាំង ។ ទណ្ឌកម្មទាំងនោះរួមមានការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ និងការដាក់បម្រាមលើការធ្វើដំណើរចូលសហភាពអឺរ៉ុប ។ ពលរដ្ឋនិងក្រុមហ៊ុនអឺរ៉ុបមិនត្រូវបានអនុញ្ញាតឲ្យផ្ដល់ជំនួយហិរញ្ញវត្ថុដល់មន្ត្រីដែលត្រូវរងទណ្ឌកម្មទាំងនេះឡើយ ។
សហភាពអឺរ៉ុបដែលមានរដ្ឋសមាជិក ២៧ប្រទេស ក៏បានបង្កកទ្រព្យសម្បត្តិរបស់ការិយាល័យសន្តិសុខសាធារណៈសាជីវកម្មផលិតកម្មនិងសំណង់ស៊ិនជាំង ដែលខ្លួនបានពណ៌នាថាជា«អង្គការសេដ្ឋកិច្ចនិងយោធាដែលកាន់កាប់ដោយរដ្ឋចិន» ដែលគ្រប់គ្រងស៊ិនជាំង និងត្រួតត្រាសេដ្ឋកិច្ចតំបន់នេះ ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប (Dominic Raab) បាននិយាយថា វិធានការទាំងនេះគឺជាផ្នែកនៃ«យុទ្ធនាការការទូតដ៏ចាស់ដៃ»ពីសំណាក់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបដែលមាន ២៧ប្រទេស ដើម្បីបង្ខំឲ្យមានការចាត់វិធានការនៅចំពេលដែលមានភ័ស្តុតាងកាន់តែច្រើនឡើងអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំងនឹងប្រជាជនអ៊ុយហ្គ័រដែលកាន់សាសនាមូស្លីម ។
រដ្ឋមន្ត្រីការបរទេសអាមេរិក អ៊ែនថូនី ប្ល៊ិងខិន (Anthony Blinken) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «ការឆ្លើយតបរួមគ្នានេះបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅកាន់អ្នកទាំងឡាយដែលរំលោភសិទ្ធិមនុស្សអន្តរជាតិ ហើយយើងនឹងចាត់វិធានការច្រើនជាងនេះថែមទៀត ដោយសហការជាមួយដៃគូរបស់យើងដែលមានចិត្តគំនិតដូចគ្នា ។»
ប្រទេសចិនបានឆ្លើយតបវិញភ្លាមៗទៅនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ដោយដាក់ទណ្ឌកម្មតបតវិញទៅលើបុគ្គលអឺរ៉ុប ១០រូប និងស្ថាប័នអឺរ៉ុបចំនួន ៤ ដែលខ្លួនបាននិយាយថា បានធ្វើឲ្យខូចដល់ផលប្រយោជន៍របស់ចិន និងបានផ្សព្វផ្សាយការភូតកុហកនិងព័ត៌មានមិនពិតក្នុងចេទនាទុច្ចរិត ។
ដំបូងឡើយ ចិនបានបដិសេធថា ពុំមានជំរំឃុំឃាំងជនជាតិអ៊ុយហ្គ័រនៅក្នុងតំបន់ស៊ិនជាំងទេ ប៉ុន្តែ ក្រោយមក បានពណ៌នាថាជំរំទាំងនោះគឺជាមជ្ឈមណ្ឌលផ្ដល់ការបណ្ដុះបណ្ដាលការងារនិងការអប់រំឡើងវិញ ដល់ជនទាំងឡាយដែលមានគំនិតជ្រុលនិយម ។ មន្ត្រីចិនតែងតែច្រានចោលនូវរាល់ការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ិនជាំង ។
ស៊ិនជាំងធ្លាប់ជាទីកន្លែងដ៏ក្ដៅគគុកនៃសកម្មភាពហិង្សាប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងអះអាងថា ការបង្ក្រាបទ្រង់ទ្រាយធំរបស់ខ្លួនបាននាំឲ្យមានសន្តិភាពនៅក្នុងតំបន់នេះ ។
ក្រសួងការបរទេសចិនបានថ្កោលទោសចំពោះទណ្ឌកម្មរបស់សហភាពអឺរ៉ុប ថា«ផ្អែកមូលដ្ឋានលើការកុហកនិងព័ត៌មានមិនពិត» ខណៈដែលខ្លួនបានដាក់ចេញនូវវិធានការសងសឹកវិញ ។
ក្រសួងការបរទេសចិនបានប្រកាសទណ្ឌកម្មប្រឆាំងបុគ្គល ១០រូប និងស្ថាប័នចំនួន ៤ របស់សហភាពអឺរ៉ុប ដោយនិយាយថា ពួកគេនិងសមាជិកគ្រួសារនឹងត្រូវហាមឃាត់មិនឲ្យចូលទឹកដីចិនដីគោក ហុងកុង ឬម៉ាកាវឡើយ និងកាត់ផ្ដាច់នូវរាល់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់ទាំងនោះ ៕