តួយ៉ាង សហភាពអឺរ៉ុបត្រូវបានគេមើលឃើញថា នឹងស្វែងរកការបង្កើនការលក់សម្ភាៈយោធា ទៅឱ្យឥណ្ឌាបន្ថែមទៀត និង ចាប់ផ្តើមការចរចាឡើងវិញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌាផងដែរ នៅក្នុងជំនួបរវាងប្រមុខដឹកនាំសហភាពអឺរ៉ុប ជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌានៅទីក្រុងញូវដេលី នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីលើកទឹកចិត្តឥណ្ឌាឱ្យកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ហើយការធ្វើដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំគណៈកម្មការអឺរ៉ុបនេះ គឺធ្វើឡើងនៅក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅលើទឹកដីឥណ្ឌា។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលបានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ បាននិយាយចំៗថា នាពេលថ្មីៗនេះ មានមេដឹកនាំលោកខាងលិចជាច្រើនបានទៅកាន់ប្រទេសឥណ្ឌា ដើម្បីមើលថា តើជម្រើសអ្វីខ្លះដែលអាចផ្តល់ឱ្យឥណ្ឌាបាន ក្នុងការកាត់បន្ថយការពឹងផ្អែកពីរុស្ស៊ី។ មន្ត្រីរូបនេះបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកខាងលិច មានគោលដៅដ៏ធំបំផុត គឺចង់រក្សាទំនាក់ទំនងជាមួយឥណ្ឌាឲ្យមានភាពល្អប្រសើរ និងនាំប្រទេសឥណ្ឌាចូលមកកាន់ចក្ខុវិស័យតែមួយជាមួយលោកខាងលិចវិញ។
គួររំលឹកផងដែរថា ឥណ្ឌាមិនបានថ្កោលទោសយ៉ាងច្បាស់លាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេនាពេលកន្លងមកនេះ ខណៈដែលរុស្ស៊ី ត្រូវបានគេដឹងថា គឺជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាធំបំផុតរបស់ឥណ្ឌា។
លោកស្រី Von der Leyen បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃដែលជាលើកទី១របស់លោកស្រីក្នុងនាមជាប្រធានគណៈកម្មការអឺរ៉ុប។ នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រី Von der Leyen មានគោលបំណងយល់ព្រមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដើម្បីបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មីស្រដៀងនឹងអ្វីដែល សហភាពអឺរ៉ុបបានធ្វើជាមួយនឹងអាមេរិកដែរ។
គួរបញ្ចាក់ថា ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី២លើពិភពលោកដែលមានប្រជាជនជិត ១ពាន់៤ រយលាននាក់ ត្រូវបានសហភាពអឺរ៉ុបមើលឃើញថា ជាសម្ព័ន្ធមិត្តដ៏សំខាន់ ដើម្បីជួយគ្រប់គ្រងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន។ ការសិក្សាឆ្នាំ ២០២០ ដោយសភាអឺរ៉ុបបានដាក់អត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ សហភាពអឺរ៉ុបជាមួយឥណ្ឌា រហូតដល់ប្រមាណ ៩,១៧ ពាន់លានដុល្លារ ខណៈដែលការប៉ាន់ស្មាននេះ គឺនៅគ្រាដែលអង់គ្លេសមិនទាន់ចាកចេញពីសហភាពអឺរ៉ុបនៅឡើយ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន