សហភាពអឺរ៉ុប គ្រោងបោះទុនវិនិយោគប្រមាណ៧ពាន់៥រយលានដុល្លារអាម៉េរិក តាមរយៈការកៀរគរប្រមូលមូលនិធិ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីយ៉ាងធំសម្បើម ហើយនេះគឺជាគម្រោងកៀរគរប្រមូលមូលនិធិដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីរបស់អឺរ៉ុប ហើយគេរំពឹងថា គម្រោងដ៏ធំនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន។
ក្រុមហ៊ុនផលិតរថយន្តធំបំផុត២របស់អឺរ៉ុប គឺក្រុមហ៊ុនស្ទេលែនទីស (Stellantis) និងក្រុមហ៊ុនមឺសឺដេស បេនស៍ (Mercedes-Benz) កៀរគរប្រមូលនិធិបានដល់ទៅប្រមាណ៤ពាន់៧រយលានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ធំសម្បើមថ្មីៗចំនួន៣នៅក្នុងសហភាពអឺរ៉ុប (EU) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ក្រុមហ៊ុនទាំងនេះបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា មូលនិធិសរុបដែលត្រូវការសម្រាប់ការសាងសង់រោងចក្រធំៗទាំងនេះ គឺមានទំហំដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារអាម៉េរិកឯណោះ។ រោងចក្រទាំងនេះនឹងត្រូវសាងសង់ឡើងនៅក្នុងប្រទេសចំនួន៣ រួមមាន ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី និងប្រទេសបារាំង ដែលនឹងផ្ដល់ការងារសរុបប្រមាណ៦ពាន់កន្លែង។
ធនាគារ ប៊ីអិនភី ប៉ារីបាស់ (BNP Paribas) របស់បារាំង ធនាគារ ING Bank របស់ហូឡង់ ធនាគារដូតឈ័រ (Deutsche Bank) របស់អាល្លឺម៉ង់ និងធនាគារ អ៊ីនតេសា សានប៉ាវឡូ (Intesa Sanpaolo) របស់អ៊ីតាលី ស្ថិតក្នុងចំណោមធនាគារដែលបានផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ។ ហើយទន្ទឹមនេះ រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលបារាំង ក៏បានផ្តល់វិភាគទានប្រមាណ១ពាន់៤រយលានដុល្លារអាម៉េរិកផងដែរ ប៉ុន្តែរដ្ឋាភិបាលអ៊ីតាលី មិនទាន់ចេញមុខផ្ដល់ថវិកានៅឡើយទេ។ ចំណាត់ការនេះកើតមានឡើងស្របពេលដែលវិស័យរថយន្តនៅអឺរ៉ុប មានការព្រួយបារម្ភកាន់តែខ្លាំងជាងពេលណាៗទាំងអស់ចំពោះឥទ្ធិពលគ្របដណ្ដប់របស់មហាយក្សចិន ជាពិសេសមកលើវិស័យរថយន្តអគ្គិសនី។
គេហទំព័រព័ត៌មានអាល្លឺម៉ង់ ស្ទេធីស្តា (Statista) បានគូសបញ្ជាក់ថា ប្រទេសចិន ផលិតរថយន្តអគ្គិសនី (EV) បានដល់ទៅប្រមាណជាង៥លានគ្រឿងក្នុងឆ្នាំ២០២២ ដែលគ្របដណ្ដប់ជាងពាក់កណ្តាលនៃចំនួនរថយន្តអគ្គិសនីសរុបទូទាំងពិភពលោក។ ជាងនេះទៅទៀត ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តចិន BYD ក៏បានវ៉ាដាច់ការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla ផងដែរ នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដោយ BYD លក់បានដល់ទៅជិត៥៣ម៉ឺនគ្រឿងបើធៀបនឹង Tesla ដែលលក់បានជាង៤៨ម៉ឺនគ្រឿង៕
ដោយ: តែម សុខុម