
សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តដ៏ស្អិតរមួតបានឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាកាលពីថ្ងៃទី២៧ ខែកក្កដា ដោយលោក ដូណាល់ ត្រាំ បានព្រមបញ្ចុះពន្ធគយលើសហភាពអឺរ៉ុបពី៣០% មកនៅត្រឹម១៥% ដោយបានបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងសម្ពន្ធមិត្តយក្សទាំងពីរ ដែលមានទំហំគ្របដណ្ដប់ស្ទើរតែ១ភាគ៣ នៃពាណិជ្ជកម្មពិភពលោក។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វុន ឌឺ ឡេយេន (Ursula von der Leyen) បានប្រកាសកិច្ចព្រមព្រៀងដ៏ធំសម្បើមនេះនៅទីលានវាយកូនហ្គោលដ៏ប្រណីតរបស់លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសស្កុតលែន បន្ទាប់ពីជំនួបចរចាអស់រយៈពេលមួយម៉ោង។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកគិតថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក ជាមួយសហភាពអឺរ៉ុបនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មាន ដោយលោកបានកោតសរសើរយ៉ាងខ្លាំង ដែលសហភាពអឺរ៉ុប បានសន្យាបោះទុនវិនិយោគរហូតដល់ទៅ៦០០ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិក រួមទាំងការបង្កើនការទិញថាមពល និងសម្ភារៈបរិក្ខាយោធារបស់អាម៉េរិកក្នុ ងចំនួនដ៏ច្រើនផងដែរ។
ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំបំផុតទាំងពីរនៅក្នុងពិភពលោកជាកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលលោកស្រីជឿថា នឹងនាំមកនូវស្ថិរភាព និងភាពដែលអាចព្យាករបានសម្រាប់ស្ថានភាពសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម