អឺរ៉ុប-អាមេរិក-អតិផរណា

អឺរ៉ុបកំពុងស្វែងរកការរួបរួមគ្នាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ទប់ទល់នឹងច្បាប់កាត់បន្ថយអតិផរណាអាមេរិក


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសបារាំងលោក ព្រូណូ ឡឺ មែរ (Bruno Le Maire) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងអាចនឹងព្យាយាមចរចាពីការលើកលែងពន្ធ និងការដាក់កម្រិតមួយចំនួន ដែលកំណត់ដោយច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ប៉ុន្តែអឺរ៉ុបក៏ត្រូវតែធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្លុកនេះដូចគ្នា ខណៈដែលសហភាពអឺរ៉ុបកំពុងមានក្ដីបារម្ភកាន់តែខ្លាំងចំពោះគោលប្រយុទ្ធប្រឆាំងការកើនឡើងអតិផរណា របស់អាមេរិកដែលបានដាក់ចេញថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
អឺរ៉ុបកំពុងស្វែងរកការរួបរួមគ្នាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ទប់ទល់នឹងច្បាប់កាត់បន្ថយអតិផរណាអាមេរិក

លោក ឡឺ​ មែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​បារាំង នឹង​អម​ដំណើរ​ជា​មួយ​ប្រធានាធិបតី​បារាំង​លោក ​អេម៉ាញូអែល​ ម៉ាក្រុង ​ទៅ​បំពេញ​ទស្ស​នកិច្ច​ផ្លូវ​រដ្ឋដ៏​កម្រ​មួយ​​​នៅ​សហរដ្ឋ​អាមេរិក​នៅក្នុង​​សប្ដាហ៍​នេះ​​​ក្នុងគោលបំណង​បង្ហាញ​ពី​​ការ​រឹត​ចំណង​មិត្តភាព​បារាំង-អាមេរិក​​​ជាជាង​ការប្រកួតប្រជែងសេដ្ឋកិច្ច​ដ៏ជូរចត់​រវាង​ភាគី​ទាំង ២ ​នេះ​។​

រយៈ​ពេល​ជាងមួយឆ្នាំ​មក​នេះ​​បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងកង់បេរ៉ា​ ​បាន​ផ្ដាច់កិច្ចសន្យា​​ទិញ​នាវាមុជទឹកបារាំងដ៏ធំមួយ​នោះ វា​ជំ​រុញឱ្យ​ទំនាក់ទំនង​បារាំង-អាមេរិកហាក់មានភាព​ល្អក់កករខ្លះៗនឹងគ្នា​ដែរ ប៉ុន្ដែ​​​​ប្រទេសទាំង២​នេះ​ត្រូវគេរំពឹងថា នឹងបង្ហាញការរួបរួម​គ្នា​ទប់​ទល់​ការ​គំរាមកំហែង​ពីប្រទេស​រុស្ស៊ី និងចិន។

ប៉ុន្តែ​បញ្ហា​សំខាន់​ដែលត្រូវ​ជជែក​រវាង​ភាគី​បារាំង ​និង​អាមេរិក​នេះ ​គឺ​ជា​អ្វី​ដែល​សហ​ភាព​អឺរ៉ុប​ហាក់​ក្រែង​ចិត្ត​​មិន​ចង់​និយាយ​នោះ​ឡើយ​ នោះ​គឺ​​ច្បាប់កាត់បន្ថយ​អតិផរណារបស់សហរដ្ឋអាមេរិក (IRA) ​​។

ប្រទេស​អឺរ៉ុប​បាន​និយាយថា កញ្ចប់ឧបត្ថម្ភធន​ដ៏ធំសម្បើម ​ដើម្បីការពារក្រុមហ៊ុនផលិត​កម្ម​របស់សហរដ្ឋអាមេរិកនៅក្នុងច្បាប់កាត់បន្ថយអតិផរណា​នេះ ​អាចជា​បន្ទុក​ដ៏​ធ្ងន់​​មួយ​ដែល​បាន​បន្ថែម​ទៅ​លើ​ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលកំពុងធ្លាក់ចុះរួចទៅហើយនោះ ដោយ​សារ​តម្លៃថាមពលកើន​ខ្ពស់ ដែល​​​​​បណ្តាល​មកពីការឈ្លានពានរបស់រុស្ស៊ី​ទៅ​លើអ៊ុយក្រែន។​

លោក ឡឺ មែរ ​​បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍​បារាំង​មួយថា​ ប្រទេស​បារាំងអាចស្នើសុំការលើកលែងចំពោះកាតព្វកិច្ច និងដែនកំណត់មួយចំនួន ​ដែលកំណត់ដោយរដ្ឋបាល​សហរដ្ឋអាមេរិក។ ប៉ុន្តែ សំណួរពិតប្រាកដដែល​ពួកគេ​ត្រូវសួរខ្លួនឯង​នោះ​ គឺថា​​តើសកលភាវូបនីយកម្មប្រភេទណា​ ដែល​កំពុង​ស្ថិត​​នៅចំពោះ​មុខ​ពួកគេ​?។​

លោក ឡឺ​ មែរ ​បាន​បន្ថែម​ថា ប្រទេស​ចិន​គាំទ្រ​​ផលិតកម្ម​​របស់​ខ្លួន​ ហើយ​​អាមេរិក​ក៏​គាំទ្រ​​ផលិតកម្ម​របស់​ខ្លួន​​ដែរ​ដូច្នេះ​ហើយ ​វា​ដល់​ពេលដែលអឺរ៉ុប​ត្រូវ​ចេះ​គាំទ្រ​ផលិតកម្ម​អឺរ៉ុប​ខ្លួន​ឯង​ផង​ដែរ​។​ រដ្ឋអឺរ៉ុបទាំងអស់ត្រូវតែយល់ថា បច្ចុប្បន្ន​​នៅ​ក្នុង​ពេល​​ប្រឈមមុខ​នឹងការសម្រេចចិត្តរបស់អាមេរិក​នោះ​ ​ពួកគេ​ត្រូវរៀនគាំពារ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ​ឱ្យកាន់តែប្រសើរឡើង​។

នៅក្នុង​សេចក្ដីរាយការណ៍មួយ ដោយ​សារព័ត៌មាន Fox News បានឲ្យដឹងដែរថា មន្ត្រីអឺរ៉ុប​កំពូលៗមួយចំនួនបាននាំគ្នាវាយប្រហារទៅលើ​សកម្មភាព​របស់ប្រធានាធិបតីអាមេរិកចូបៃឌិន នៅចំពេលដែល​សង្គ្រាម​នៅអ៊ុយក្រែនបន្ដអូសបន្លាយ ដោយ​ចោទប្រកាន់អាមេរិក គឺជាអ្នកទទួលបាន​ផលចំណេញពីសង្គ្រាមនេះ ហើយ​មន្ត្រីអឺរ៉ុបទាំងនោះ ថែមទាំបានរិះគន់​សហរដ្ឋអាមេរិកចំៗ ចំពោះ​ច្បាប់​កាត់បន្ថយអតិផរណា​ដែលទើបដាក់ចេញថ្មីៗនេះផងដែរ ដោយលើកឡើងថា វាបានធ្វើឲ្យទំនាក់ទំនង​រវាង​អាមេរិក និងអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននោះ កាន់តែយ៉ាប់យ៉ឺនឡើង។

សូមបញ្ជាក់ថា ច្បាប់​កាត់បន្ថយអតិផរណានៅអាមេរិក គឺមានការចំណាយដល់ទៅប្រមាណជិត ៣៧០ពាន់លានដុល្លារ ក្នុងការ​ឧបត្ថម្ភធន ក៏ដូចជាបន្ថូរបន្ថយពន្ធសម្រាប់​ឧស្សាហកម្មក្នុងស្រុក​ពិសេស​ឧស្សាហកម្មទាក់ទងនឹងការមិនប៉ះពាល់ដល់បរិស្ថាន ហើយវា ត្រូវបានគេមើលឃើញថា ហាក់មិនសូវស្មើភាពនោះឡើយ​សម្រាប់​ការប្រកួតប្រជែង​របស់​រោងចក្រឧស្សាហកម្ម​បរទេស​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ក្រុមហ៊ុន Chevron បន្តបូមប្រេងនៅប្រទេសវេណេស៊ុយអេឡាវិញហើយ ក្រោយអាមេរិកដកទណ្ឌកម្ម

រដ្ឋបាលរបស់លោក ចូ បៃដិន បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនប្រេង Chevron Corp ដើម្បីបន្តការផលិតប្រេងឡើងវិញនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញហើយ…

តើចិននឹងបញ្ចប់វិធានការសូន្យកូវីដមុនការគ្រោងទុកឬយ៉ាងណា ខណៈបាតុកម្មតវ៉ាកំពុងរីករាលដាលកាន់តែខ្លាំង?

ស្ថាប័នធនាគារហិរញ្ញវត្ថុរបស់អាមេរិកដ៏ធំ Goldman Sachs បានប៉ាន់ស្មានថា ប្រទេសចិនទំនងជាបិទបញ្ចប់វិធានការកូវីដ១៩ស្មើសូន្យដ៏តឹងតែងរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ