សំណង់​និង​អចលនទ្រព្យ

ក្រសួង​សេដ្ឋកិច្ច​ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​កាន់​តែ​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន


ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ចាប់​ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំង​អស់​នៅ​កម្ពុជា ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច ត្រូវ​បន្ថែម​ការ​ចូលរួម​អនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​វិស័យ​នេះ​កំពុង​រីក​ចម្រើន និង​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។
ផ្ទះគំរូ នៃ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ឌឹ ផាម
ដោយ

នេះ​ជា​ការ​លើក​ឡើង​របស់​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ នៅ​ក្នុង​សិក្ខា​សាលា​លើក​ទី១ ស្តីពី​ទិដ្ឋភាព​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា។

ក្រុមអ្នក​ជំនាញ​និង​អ្នក​អភិវឌ្ឍ​អចលន​ទ្រព្យ​នៅ​កម្ពុជា សុទ្ធតែ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ចូល​រួម​គោរព​និង​អនុវត្ត​ច្បាប់​នេះ ដោយ​​បាន​ចាត់​ទុក​បទដ្ឋាន​​គតិយុត្តិ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​ជា​វិថី​មួយ​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CL Realty អះអាង​ថា ការ​រឹត​បន្តឹង​ប្រព័ន្ធ​ច្បាប់ ពង្រឹង​គុណភាព​អ្នក​អភិវឌ្ឍ និង​ពង្រឹង​នូវ​ភាព​ស្រប​ច្បាប់ គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នក​ទិញ​អចលន​ទ្រព្យ ផង​ដែរ។

ដោយ​ឡែក​លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​លើក​ឡើង​ដែរ​ថា នេះ​ជា​ការ​បោះជំហាន​មួយ​ទៀត​សម្រាប់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ដើម្បី​ឲ្យ​មាន​ចីរភាព​ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន ដែល​នឹង​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​ផ្សេងៗ​របស់​រដ្ឋាភិបាល​បាន​ដាក់​ជូន​ផង​ដែរ។ 

ឯកឧត្តម ឡៅ ទិព្វ​សីហា មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា អ្នក​វិនិយោគ​អចលន​ទ្រព្យ​ពិត​ណាស់​នឹង​ទទួល​បាន​ចំណេះដឹង និង​យល់​កាន់​តែ​ច្បាស់ លើ​នីតិ​វិធី​នៃ​ការ​ស្នើសុំ​អាជ្ញា​ប័ណ្ណ​អភិវឌ្ឍ​អចលនវត្ថុ និង​គ្រប់គ្រង​អចលន​វត្ថុ​ និង​ក៏​ជា​ឱកាស​ល្អ​មួយ​ថែម​ទៀត ដែល​មន្រ្តី​ជំនាញ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​អភិវឌ្ឍ​ក្នុង​ដំណើរការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​វិស័យ​សំណង់​កម្ពុជា។ 

លោក ភូ សម្បត្តិ ជំនួយការ​អគ្គនាយក​បុរី​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹង​ថា ការ​រឹត​បន្តឹង​នេះ មាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន នូវ​ការ​យល់ដឹង​បន្ថែម​ពី​នីតិ​វិធី​នៃ​ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​អភិវឌ្ឍ ហើយ​ការ​រៀបចំ​ឯកសារ​កន្លង​មក ក៏​មិន​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ប៉ុន្មាន​ដែរ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​បារម្ភ​នោះ គឺ​សំណុំ​ឯកសារ​ដែល​តម្រូវ​ឲ្យ​អ្នក​អភិវឌ្ឍ​​ទិញ​ធានា​រ៉ាប់រង។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ឆ្នាំ​២០១០ រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ផ្តល់​អាជ្ញា​ប័ណ្ណ ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន សរុប​ចំនួន ២១៣​គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៣​ពាន់ ៣៧៥​លាន​ដុល្លារ​អាមេរិក។ ក្នុង​ចំណោម​គម្រោង​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ក្នុងនោះ គម្រោង​បុរី​មាន​ចំនួន ១៣២ គម្រោង ស្មើនឹង​ជាង ៣​ម៉ឺន​ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន ចំនួន ៨១​គម្រោង ស្មើនឹង​ជិត ៣​ម៉ឺន​យូនីត៕




អត្ថបទបន្ទាប់


កម្ពុជា​​ស្វាគមន៍​«វីរបុរស»​​កណ្តុរ​ហិត​មីន​ចំនួន​១៦​បន្ថែម​ទៀត

ព័ត៌មាន
កម្ពុជា​​ទើប​តែ​​បាន​​ទទួល​​កណ្តុរ​ហិត​មីន​ចំនួន​១៦​ក្បាល​បន្ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​ការ​រាវ​រក​មីន​ក្រោម​ដី​ក្នុង​កិច្ចការ​ខំ​ប្រឹង…

សៀ ឫទ្ធី៖ អ្នក​អភិវឌ្ឍ​​វិស័យ​សំណង់​ត្រូវ​គិត​ពី​ចំណត បើ​មិន​ចង់​ឈឺ​ក្បាល​នៅ​ពេល​អនាគត

ព័ត៌មាន
នៅ​រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ ខណៈ​ដែល​វិស័យ​សំណង់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់ៗ អគារ​ខុនដូ អាផាតមិន រីកលូត​លាស់​ខ្លាំង គេ​ឃើញ​មាន​បញ្ហា​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ