អូស្ត្រាលីប្រាប់ចិនប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី

អូស្ត្រាលីប្រាប់ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី


អូស្ត្រាលីបានលើកឡើងចំៗថា ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទប្រាប់ទៅកាន់ ប្រទេសចិនថា ត្រូវតែធ្វើសកម្មភាពលើសេចក្តីប្រកាសរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាពពិភពលោក និងចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយព្រមានថា ពិភពលោកកំពុងស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំងហើយនាពេលនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។
លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី

លោក Scott Morrison នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រទេស​ចិន​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ខ្លួន​មាន​តួនាទី​ជា​មហាអំណាច​មួយ​ក្នុង​ពិភពលោក និង​ជា​អ្នក​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​។ ប្រទេស​អូស្ត្រាលី​កន្លង​មកនេះ បាន​ប៉ះទង្គិច​ជាមួយ​ដៃគូ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ខ្លួន គឺ ប្រទេស​ចិន​ជុំវិញ​បញ្ហា​ជា​ច្រើន​ទាំង​ផ្នែក​ការទូត និង​ពាណិជ្ជកម្ម​។ ហើយ​ថ្មី​នេះ លោក Scott Marrison បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង ចំពោះ​រដ្ឋាភិបាល​ចិន ដែល​នៅ​ពេល​ដែល មាន​ប្រទេស​ធំ​ៗ​ជា​ច្រើន​ចេញ​មុខ​ថ្កោលទោស​រុ​ស្ស៊ី ជុំវិញ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ រដ្ឋាភិបាល​ចិន​បែរជា​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​។

ប្រទេស​ចិន​បាន​បដិសេធ​មិន​ហៅ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ថា​ជា ការ​ឈ្លានពាន ខណៈ​ចិន​បាន​ស្នើ​ឱ្យ​ប្រទេស​លោក​ខាងលិច​គោរព និង ខ្វាយខ្វល់​ពី​សុវត្ថិភាព​ស្របច្បាប់​របស់​រុ​ស្ស៊ី​។ ទន្ទឹម​នឹង​នេះ ទីក្រុង​ប៉េ​កាំ​ង​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ ចំពោះ​វិបត្តិ​នេះ​តាម​រយៈ​ការ​ចរចា​ដោយ​សន្តិវិធី​។

ក៏​ប៉ុន្តែ លោក Morrison បាន​ហៅ​ថា​ទ​ង្វើ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ថា ជា​ការ​រំលោភច្បាប់​អន្តរជាតិ​ទាំងស្រុង និង បាន​លើក​ឧទាហរណ៍​សកម្មភាព​នៃ​ស្ថានភាព​បច្ចុប្បន្ន​តាម​រយៈ​ការ​គំរាមកំហែង និង​អំពើ​ហិង្សា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

សូម​ជម្រាប​ថា ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី Morrison គឺ​បង្ហាញ​ពី​ការ​រិះគន់​របស់​អូស្ត្រាលី​ទៅ​លើ​ប្រទេស​ចិន​យ៉ាង​ចំ​ៗ ហើយ​បាន​បន្ថែម​ថា ភាព​ស្ងៀមស្ងាត់​របស់​ចិន​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ផ្ទៃក្នុង​ជាមួយនឹង​រុ​ស្ស៊ី ដែល​ផ្តល់​ឥទ្ធិពល​កាន់តែ​អាក្រក់​។ លោក​បាន​ព្យាករណ៍​ថា ការ​តស៊ូ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​អូស​បន្លាយ​រយៈពេល​វែង​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន ដែល​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម ប្រទេស​ចំនួន​៣៥ ដែល​បាន​បោះ​ឆ្នោត​អនុប្បវាទ ចំពោះ សេចក្ដីសម្រេច​របស់​សន្និបាត​អង្គការសហប្រជាជាតិ ដែល​បោះ​ឆ្នោត​ទាមទារ​ឲ្យ​រុ​ស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រទេស​ចំនួន​១៤១​ប្រទេស​បាន​បោះ​ឆ្នោត​គាំទ្រ និង​មាន​ប្រទេស​ចំនួន​ត្រឹមតែ ៥​ប៉ុណ្ណោះ បោះ​ឆ្នោត​ប្រឆាំង​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងសាងសង់ស្ពានចំនួន២ភ្ជាប់ពីម្តុំផ្សាររាត្រីបន្ដឆ្ពោះទៅអរិយក្សត្រនៅឆ្នាំ២០២៣

ព័ត៌មាន
នៅទីបំផុត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ហើយ ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុន…

ប្រធានាធិបតីរុស្ស៊ីបើកផ្លូវឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្រោយការវាយប្រហាររបស់ខ្លួន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកចំហឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ប៉ុន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ