គម្រោងការថ្មីដែលសហភាពអឺរ៉ុបបានសម្រេចបង្កើតឡើងនេះ ត្រូវបានគេឲ្យឈ្មោះជាភាសាអង់គ្លេសថា «A Globally Connected Europe» មានន័យជាភាសាខ្មែរយើងថា «ការ ភ្ជាប់ទំនាក់ទំនង ជាសកល ជាមួយអឺរ៉ុប»។
ទោះបីជាឈ្មោះគម្រោងនេះ មិនបានបង្ហាញពីចេតនាក្នុងការប្រកួតប្រជែងជាមួយមហាយក្សចិនយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកតាមដាននយោយបាយ និង សេដ្ឋកិច្ចពិភពលោក សុទ្ធតែបានកត់សម្គាល់ឃើញនៅក្នុងសេចក្តីព្រាងគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុបដែលមានកម្រាស់ ៨ទំព័រ បានរៀបរាប់ ដោយបានបញ្ចូលនូវន័យសេចក្តីជាច្រើន ក្នុងអត្ថន័យប្រើប្រាស់គម្រោងខាងលើនេះគឺដើម្បីប្រកួតប្រជែងនឹងប្រទេសចិន។
បើតាមការបញ្ជាក់ពីអ្នកការទូតរបស់សហភាពអឺរ៉ុបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ទីភ្នាក់ងារ Reuters ថា ការជ្រើសរើសយក ការប្រកួតប្រជែងនឹងមហាអំណាចចិន ដោយប្រើប្រាស់គម្រោងខាងលើនេះ អាចបង្កជាហានិភ័យដល់ប្រទេសអាល្លឺម៉ង់ ដែលជាបងធំជាងគេនៅក្នុងទឹកដីតំបន់អឺរ៉ុប។ ហានិភ័យ គឺនៅត្រង់ថា រថយន្តម៉ាកប្រណិតៗ របស់អាល្លឺម៉ង ដែលបានផលិត និងលក់ទៅកាន់ទីផ្សារប្រទេសចិនជាច្រើនគ្រឿងជារៀងរាល់ឆ្នាំ ពោលគឺច្រើនជាងលក់នៅក្នុងស្រុករបស់ខ្លួនទៅទៀត។ទាក់ទងទៅនឹងការប្រឈមមុខដាក់គ្នាជាមួយនឹងមហាយក្សចិននេះ មន្ត្រីជាន់ខ្ពស់ការទូតសហអឺរ៉ុបរូបនេះ ថែមទាំងបានលើកយកប្រទេសអូស្ត្រាលីជាគំរូផងដែរ។
យ៉ាងណាមិញ ក្រោយការសម្រេចខាងលើរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហីកូ ម៉ាស់ (Heiko Maas) បានស្រែកក្តែងៗថា ៖ យើងបានមើលឃើញពីការពង្រីកឥទ្ធិពលនយោបាយរបស់ប្រទេសចិនទៅពាសពេញពិភពលោក តាមរយៈការប្រើប្រាស់វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដូច្នេះហើយ យើងត្រូវតែបង្កើតអ្វីមួយដែរ ដើម្បីជំនួស ឬ ក្លាយជាជម្រើសមួយទៀតសម្រាប់ពិភពលោក។
សូមរំឭកបន្តិចថា កាលពីខែមិថុនាកន្លងទៅ ក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7 ក៏បានបង្កើតនូវគម្រោងមួយស្រដៀងគ្នាទៅនឹងគម្រោងរបស់សហភាពអឺរ៉ុបនេះដែរ ដោយគម្រោងនោះ មានឈ្មោះថា គំនិតផ្តួចផ្តើមកសាងពិភពលោកឲ្យប្រសើរឡើងវិញ ឬហៅកាត់ថា B3W ហើយគោលដៅរបស់គម្រោងដែលផ្ដួចផ្ដើមឡើងដោយក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ ឬ G7 នេះ ក៏មិនខុសគ្នាទៅនឹងគម្រោងរបស់សហភាពអឺរ៉ុបប៉ុន្មានដែរ ដោយពួកគេមានគោលដៅរួមគ្នាមួយ គឺចង់ប្រកួតប្រជែងវាយសន្ធប់ទៅលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់មហាយក្សចិនហ្នឹងឯង។យើងរង់ចាំមើល ថាតើចិនអាចនឹងទ្រាំទ្របានកម្រិតណា? ហើយចិនអាចនឹងថមថយឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោកតាមរយៈគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយដែរឬយ៉ាងណា?
សូមជម្រាបជូនថា ប្រទេសចិនបានចាប់ផ្តើមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយបានសាងសង់ឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសអស់ជាច្រើនមកហើយ នៅជាង ៦០ប្រទេស ជុំវិញពិភពលោក រាប់ចាប់តាំងពីតំបន់មជ្ឈឹមបូព៌ា ទី្វបអាស៊ី ទ្វីបអឺរ៉ុប និង ទ្វីបអាហ្វ្រិចជាដើម៕