វិស័យសេដ្ឋកិច្ច

តើកម្ពុជាអាចសម្រេចគោលដៅប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានដែរទេ? ហើយត្រូវកែប្រែ និងពង្រឹងលើចំណុចអ្វីខ្លះ?


ទោះបីមកទល់ពេលនេះស្ថានភាពសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាសក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានផ្លាស់ប្តូរមហិច្ឆិតាក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ នោះឡើយ។
វិស័យសេដ្ឋកិច្ច
ដោយ

ស្របពេលស្ថានភាពកំណើនសេដ្ឋកិច្ចមានសម្ទុះខ្សោយជាងមុន តើប្រទេសកម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់អ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០? តើកម្ពុជាត្រូវកែប្រែ និងពង្រឹងលើវិស័យសក្តានុពលអ្វីខ្លះ ដើម្បីសម្រេចគោលដៅមួយនេះ?

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញថា នៅមិនយូរទៀតនោះទេសម្រាប់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយដើម្បីសម្រេចបាននូវចក្ខុវវិស័យនេះ រាជរដ្ឋាភិបាលគួរផ្ដោតសំខាន់ទៅលើកត្តាមួយចំនួន ជាពិសេសផ្ដោតសំខាន់លើចចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា តែម្ដង។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ តាមពិតទៅ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចជាការកែទម្រង់ក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់យុវជន និងការដើរកៀគរអ្នកវិនិយោគិនបរទេស ជាដើម។

លើសពីនេះ តាមរយៈចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការងាកចេញពីវិស័យសេវាកម្ម ហើយមកផ្ដោតសំខាន់លើវិស័យផលិតកម្មវិញ ក៏ជាកត្តាសំខាន់ជួយជ្រោមជ្រែងឲ្យកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យនេះផងដែរ​។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ នឹងកាន់តែធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកលូតលាស់កាន់តែប្រសើរ ហើយលោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបាននូវចក្ខុវិស័យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ដោយឡែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា គូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកពិតជាមានសារសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយរំពឹងថា វិស័យនេះ ក៏នឹងរួមចំណែកដ៏សំខាន់នៅក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីកន្លងមក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍ​ជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន វិស័យនេះហាក់នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ ដូចជាហេដ្ឋារចនាសម្ព័ន្ធរឹង និងការរៀបចំនីតិវិធីជាដើម។ សម្រាប់ឧកញ៉ា ស៊ិន ចន្ធី ចាត់ទុកការអភិវឌ្ឍ​វិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកនៅកម្ពុជា គឺជាកត្តាចម្បងដែលជួយធ្វើឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិកាន់តែរស់រវើក។

ធនាគារពិភពលោកបានលើកឡើងកាលពីពេលថ្មីៗថា ដើម្បីឲ្យប្រទេសកម្ពុជា អាចឈានទៅសម្រេចចក្ខុវិស័យក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់រក្សាកំណើនប្រកប​ដោយ​ចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់។ បើតាមធនាគារពិភពលោក គន្លឹះសំខាន់ៗ ដើម្បីសម្រេចបានគោលដៅនេះ គឺត្រូវការអនុវត្តទៅលើកត្តាអាទិភាពសំខាន់ៗចំនួន៤ រួមមាន ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក, ការពង្រឹងជំនាញ និងវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនជំនាញកសិកម្មឈានមុខគេមួយនៅអាស៊ីបានបង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មន…

អ្នកជំនាញអះអាងថា ជនបរទេសចាប់ផ្ដើមនាំមុខទិញខុនដូឡើងវិញ ជាសញ្ញាល្អសម្រាប់វិស័យខុនដូរនៅកម្ពុជា

ព័ត៌មាន
អ្នកជំនាញកត់សម្គាល់ឃើញថា មកទល់ពេលនេះស្ថានភាពទីផ្សារទិញលក់ខុនដូរនៅកម្ពុជា មានសញ្ញាល្អឡើងវិញខ្លះៗហើយ ដោយសារវិនិយោគិនបរទេស បានចាប់ផ្ដើមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ