ធនាគារកណ្តាលអឺរ៉ុប បានសម្រេចកាត់បន្ថយអត្រាការប្រាក់០,១៥% ទោះបីជាមានការព្រួយបារម្ភពាក់ព័ន្ធនឹងផលវិបាកសេដ្ឋកិច្ចមួយចំនួន ដែលជះឥទ្ធិពលដល់អ្នកទិញផ្ទះ អ្នកសន្សំប្រាក់នៅធនាគារ និងអ្នកវិនិយោគក៏ដោយ។ អត្រាការប្រាក់គោលនៅអឺរ៉ុប ត្រូវបានទម្លាក់ពី៤%មកនៅត្រឹម៣,៧៥% ក្រោយធនាគារកណ្តាលអឺរ៉ុប បានកោះប្រជុំក្រុមប្រឹក្សាកំណត់អត្រាការប្រាក់ ដែលមានសមាជិក២៦ប្រទេសនៅទីក្រុង Frankfurt កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លោកស្រី គី្រស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប បាននិយាយថា អត្រាអតិផរណាបានធូស្រាលគ្រប់គ្រាន់សម្រាប់ធនាគារកណ្តាលចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ហើយ ទោះបីកាលពីខែឧសភា អតិផរណាស្ថិតក្នុងកម្រិត២,៦% លើសអត្រាអតិផរណាដែលអឺរ៉ុប ចង់បានត្រឹមកម្រិត២% ក៏ដោយចុះ។ លោកស្រីបានសង្កត់ធ្ងន់ថា ធនាគារកណ្តាលអឺរ៉ុបនឹងបន្តតាមដានលើសូចនាករសេដ្ឋកិច្ចបន្តទៀត ដើម្បីធានាប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ចនៅទូទាំងអឺរ៉ុប។
ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ លោក ខាស្តេន ប្រ៊ីស្គី (Carsten Brzeski) ប្រធានផ្នែកម៉ាក្រូសកលនៅក្រុមហ៊ុនហិរញ្ញវត្ថុ ING ដែលជាក្រុមហ៊ុនធនាគារហូឡង់ បាននិយាយថា វាមិនមែនជាការសម្រេចចិត្តថ្មីរបស់អឺរ៉ុបនោះទេ។ អត្រាអតិផរណានៅអឺរ៉ុប បានផ្ទុះកក្រើកឡើងដល់ទៅ១០,៦% នៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែវាបានស្រុតចុះមកនៅ២,៤% នៅក្នុងខែមេសា និងឡើងបន្តិចវិញដល់២,៦% នៅខែឧសភា ប៉ុន្តែអត្រាអតិផរណានេះ ស្ថិតក្រោមការគ្រប់គ្រងបាន។
ក្រោយធនាគារកណ្តាលអឺរ៉ុប សម្រេចចិត្តទម្លាក់អត្រាការប្រាក់បែបនេះ អ្នកវិភាគកំពុងរង់ចាំមើលការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក ដែលមកដល់ពេលនេះ គឺនៅបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិត៥,២៥% ទៅ៥,៥%ដដែល។ ក្រុមអ្នកវិភាគបានអះអាងថា ការប្រែប្រួលអាចនឹង កើតឡើងនៅក្នុងអំឡុងពេលក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក បើកកិច្ចប្រជុំសម្រេចនៅសប្តាហ៍ក្រោយ៕
ដោយៈ សរ សុជាតិ