ក្រុមមន្ត្រីនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានផ្តល់សញ្ញាថា ពួកគេនឹងបញ្ចុះអត្រាការប្រាក់ជាលើកទី២ បន្ទាប់ពីបញ្ចុះអត្រាម្ដងកាលពីខែកក្កដា។ បណ្ដាវិនិយោគិននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះតម្រុយអំពីការកែប្រែគោលនយោបាយដែលអាចកើតមានឡើងនៅពេលអនាគត ដោយតាមការរំពឹងទុកនឹងមានការបញ្ចុះអត្រាការប្រាក់យ៉ាងតិចក៏មួយលើកទៀតដែរ នៅក្នុងឆ្នាំ២០២៤ នេះ។
កំណើនប្រាក់ឈ្នួលយឺតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំនេះ បានធ្វើឱ្យក្រុមអ្នកបង្កើតគោលនយោបាយកាន់តែមានទំនុកចិត្តក្នុងការចាត់វិធានការបញ្ចុះអត្រាការប្រាក់។ នៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរ របាយការណ៍ ស្ដីពីតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាម៉េរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍មុន អាចធ្វើឱ្យមន្ត្រីធនាគារកណ្តាលអាម៉េរិក មានទំនុកចិត្តថា អតិផរណាកំពុងមានស្ថិរភាព ក្រោយពីទិន្នន័យកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបង្ហាញថា អត្រាកំណើនឱកាសការងារនៅសហរដ្ឋអាម៉េរិក យឺតជាងការរំពឹងទុក។
លោក ដេវីដ ផូវ៉ែល (David Powell) សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័នសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បាននិយាយថា តាមការរំពឹងទុក ធនាគារកណ្តាលអឺរ៉ុប អាចនឹងបញ្ចុះអត្រាការប្រាក់០,២៥% បន្ថែមទៀត នៅក្នុងខែធ្នូ ឆ្នាំនេះ។
លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប បានថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា លោកស្រីទំនងជានឹងផ្ដោតការយកចិត្តទុកដាក់លើទស្សនវិស័យកំណើនជាពិសេស ដោយសារទិន្នន័យថ្មីបង្ហាញថា កំណើននៅក្នុងត្រីមាសទី២ យឺតជាងក្នុងត្រីមាសទី១៕
ដោយៈ សរ សុជាតិ