បន្ទាប់ពីជាងមួយខែនៃករណីឆ្លងកូវីដ១៩ធ្លាក់ចុះនៅទូទាំងទ្វីបអឺរ៉ុប ឥឡូវនេះ ប្រទេសជាច្រើននៃតំបន់នេះ ដូចជាប្រទេស អង់គ្លេស បារាំង អាឡឺម៉ង់ និងអ៊ីតាលី សុទ្ធតែបានរកឃើញការឆ្លងឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្នុងនោះនៅប្រទេសបារាំង ករណីឆ្លងបានកើនឡើងជាងមួយភាគបីក្នុងមួយសប្តាហ៍ ចាប់តាំងពីរដ្ឋាភិបាលបានបញ្ចប់ការរឹតបន្តឹងកូវីដ១៩ភាគច្រើនកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។ ខណៈនៅប្រទេសអាឡឺម៉ង់ឯណោះវិញ ទោះបីជាមានករណីឆ្លងថ្មីៗប្រចាំថ្ងៃ កាលពីថ្ងៃសុក្រសប្ដាហ៍មុនត្រូវបានកត់ត្រារហូតដល់ទៅជិត ៣០ម៉ឺនករណីក៏ដោយ តែរដ្ឋាភិបាលនៅតែប្រកាសថា នឹងបិទបញ្ចប់ការរឹតបន្តឹងវិធានការកូវីដ១៩នៅចុងសប្តាហ៍នេះដដែល។
ដោយឡែក នៅក្នុងប្រទេសអ៊ីតាលី រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនក៏នឹងលុបចោលការរឹតបន្តឹងស្ទើរតែទាំងអស់នៅត្រឹមថ្ងៃទី ១ ខែឧសភាខាងមុខនេះ ទោះបីជាមានករណីឆ្លងកូវីដ១៩កើនឡើងខ្ពស់ក៏ដោយ។ ហើយនៅក្នុងប្រទេសអង់គ្លេសវិញ បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់ក្នុងចំណោម ២០ នាក់បានឆ្លងកូវីដ១៩នាពេលថ្មីៗនេះ ខណៈរដ្ឋាភិបាលបានលុបចោលការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
យ៉ាងណាមិញ ប្រឈមមុខនឹងករណីកើនឡើងខ្ពស់ជាថ្មីម្ដងទៀតនេះដែរ ប្រទេសអូទ្រីសបានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងដាក់ចេញនូវច្បាប់រឹងបន្ដឹងឡើងវិញ ដែលតម្រូវឱ្យពលរដ្ឋពាក់ម៉ាសការពារ។ គួរកត់សម្គាល់ថា ស្របពេលដែលមនុស្សមួយចំនួនបានស្តីបន្ទោសរដ្ឋាភិបាលចំពោះការបន្ធូរបន្ថយការរឹតបន្តឹងលឿនពេក ក្រុមអ្នកជំនាញខាងរោគរាតត្បាតក៏ព្រមានផងដែរ អំពីមេរោគអូមីក្រុងប្រភេទ BA.2 ដោយហេតុថា វាពិបាកក្នុងការធ្វើតេស្តរកមេរោគប្រភេទថ្មីនេះ។ BA.2 ត្រូវបានគេប៉ាន់ប្រមាណថា មានល្បឿនឆ្លងប្រហែល ៣០% លឿនជាងអូមីក្រុងប្រភេទ BA.1។ ដូច្នេះការដកវិធានការរឹតបន្តឹងបានជំរុញឱ្យមានការរីករាលដាលនៃមេរោគប្រភេទ BA.2 ហើយក៏អាចនាំទៅរកការបង្កើតនូវមេរោគប្រភេទផ្សេងទៀតផងដែរ។
សូមជម្រាប ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គេឃើញមានប្រទេសនៅអឺរ៉ុបមួយចំនួនដូចជា ប្រទេស បារាំងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងទីដូសបួនហើយ ខណៈនៅក្នុងប្រទេសអង់គ្លេសឯណោះវិញ ការចាក់វ៉ាក់សាំងបង្ការលើកទី ៤ នឹងត្រូវបានផ្តល់ជូនសម្រាប់ មនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំ និងអ្នកដែលមានភាពស៊ាំចុះខ្សោយតែប៉ុណ្ណោះ៕
អត្ថបទ៖ ស៊ើង និមល់