វិបត្តិថាមពលនៅអឺរ៉ុប

វិបត្តិថាមពលនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឈើអុសឡើងថ្លៃ ខណៈដែលមានការព្រួយបារម្ភពីអំពើចោរកម្មលួចអុសកើនឡើង


ខណៈដែលអឺរ៉ុបកំពុងតែជួបវិបត្តិថាមពលចំពេលរដូវរងារខិតជិតមកដល់នៅក្នុងពេលខាងមុខនេះដូច្នេះហើយគេបានឃើញពលរដ្ឋអឺរ៉ុបមួយចំនួនបែកគំនិតទៅកាប់ឈើធ្វើជាអុសទុកសម្រាប់ដុតកម្ដៅនៅក្នុងរដូវត្រជាក់ និងសម្រាប់លក់ដែលធ្វើឱ្យតម្លៃឈើអុសនេះឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹងនឹងនោះប្រជាពលរដ្ឋ ឬក្រុមឈ្មួញនៅអឺរ៉ុបក៏ព្រួយបារម្ភពីអំពើចោរកម្មលួចយកអុសពីកន្លែងស្តុកទុករបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP។
វិបត្តិថាមពលនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឈើអុសឡើងថ្លៃ

វិបត្តិថាមពលនៅអឺរ៉ុបដោយសារ​​រុស្ស៊ី​បាន​កាត់បន្ថយលំហូរឧស្ម័ន​ធម្មជាតិចំពេលមានសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន​នោះ ​បានបង្ខំឱ្យប្រជា​ពល​រដ្ឋ​មួយចំនួនងាកទៅរកប្រភពកម្ដៅ​ដែលមាន​តម្លៃថោកដូចជាការកាប់ឈើមកធ្វើអុសដុត​ជា​ដើម ​​នៅពេលរដូវ​ត្រជាក់​ខិត​កាន់តែជិត​ចូល​មក​ដល់​នៅ​អឺរ៉ុប​។

ត្រូវបានស្រង់សម្ដីដោយ​ទីភ្នាក់ងារព័ត៌មាន AP ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ទូដូ ប៉ូផេស្គូ (Tudor Popescu)​ បានអះអាងថា រូបគេ​បាន​ជញ្ជូន​វា​យក​អុសទៅគរ​នៅក្នុង​​ផ្ទះរបស់គាត់ក្នុងរដ្ឋធានី​នៅ​ប្រទេស​ម៉ុលដូវី ​ដើម្បី​ត្រៀម​ទុក​​ដុត​កម្ដៅ​ខ្លួន​សម្រាប់​រដូវ​រងារ​ក្នុង​ពេល​ខាង​មុខ​នេះ​។

កាលពីមុន លោក​ ប៉ូផេស្គូ បាន​​ពឹងផ្អែកលើឧស្ម័នធម្មជាតិដើម្បីរក្សាកម្ដៅ​នៅពេលព្រឹក​ និង​ដុត​អុស​នៅពេលល្ងាច ​ប៉ុន្តែ​ឧស្ម័ន​ឥឡូវ​នេះ​​មាន​ការ​ផ្គត់ផ្គង់ឧស្ម័ន​​តិច​ជាង​មុន ដែល​​បង្ក​ឱ្យ​​មាន​វិបត្តិ​​នៅ​ក្នុង​ប្រទេសដ៏​​តូច​របស់​គាត់​ដែល​ស្ថិត​​នៅ​អឺរ៉ុប​ខាង​កើត​​មួយ​នេះ​។

នៅពេលដែលមនុស្សទៅ​កាប់​អុស​ដើម្បី​​ស្តុកទុក និង​ដុត​អុស​​កាន់​តែ​ច្រើន​ឡើង​នេះ​ វា​បាន​ធ្វើ​ឱ្យ​តម្លៃ​អុស​បានកើនឡើងខ្ពស់​ ហើយ​កង្វះខាតអុស​ និងចោរកម្ម​ក៏​ត្រូវបានរាយការណ៍ថា​ មាន​ការ​កើន​ឡើង ហើយ​​ការបោកប្រាស់តាម​អ៊ីន​ធឺណិត​ក៏​កំពុងកើតឡើង​ផង​ដែរ​។ ក្រុម​អ្នកអភិ​រក្ស​ព្រៃឈើ​កំពុងដាក់​ប្រព័ន្ធ​តាម​ដាន​ GPS ​បង្កប់​នៅ​ក្នុង​ឈើ​​​ដើម្បីតាមដានពី​​ស្តុក​តម្លៃ​​មួយ​ចំនួន​ ហើយក៏​មាន​ការភ័យខ្លាចផង​ដែរ ​ពីផលប៉ះពាល់បរិស្ថាន​បណ្ដាល​មក​ពី​ការបំពុលខ្យល់​ និងការកាប់ឈើ​​​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុងប្រទេសតូចៗមួយចំនួននៅអឺរ៉ុប​។

តម្រូវ​ការ​ឈើ​​អុស​​មិន​មាន​កំណត់​ចំពោះ​ប្រទេស​ក្រីក្រ​​ដូច​ជា​ប្រទេស​ម៉ូលដូវី​នេះ​ទេ​ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​មាន​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​​​នៅ​​ទូទាំង​តំបន់​អឺរ៉ុប​​​ត្រូវ​ការ​អុស​នេះ​ផងដែរ​។​ តួយ៉ាង​​ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណ​រដ្ឋ​ឆេក​ជាដើម ​​កំពុងមើលឃើញតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ឈើ​គុប​ដែលគេលក់ជាផ្នែកមួយ ​នៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពរបស់ពួកគេ។

នៅក្នុង​ប្រទេសប៉ូឡូញ តម្រូវការអុសតូចៗពីក្នុង​ព្រៃធម្មជាតិ​​​បានកើនឡើង ៤៦% ហើយអុសធំៗ​​បានកើន​ឡើង ៤២% បើគិតត្រឹមចុងខែសីហា​កន្លងទៅ ធៀបទៅនឹងឆ្នាំមុន ហើយ​​នេះ​គឺជា​​តម្រូវ​ការឈើ​​អុសដែល​មាន​​កម្រិត​ខ្ពស់​បំផុត។

ទន្ទឹម​នឹងហាង​ឆេង​​អុស​ឡើង​ថ្លៃ​នេះ​ ប្រជា​ពលរដ្ឋ​ក៏​​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ផង​ដែរ​ចំពោះ​ក្រុម​ចោរ​ដែល​លួច​យក​អុស​​របស់​ពួកគេ​ និង​មាន​ការ​បោក​ប្រាស់​តាម​អ៊ីន​ធឺណិត​កាន់​តែ​កើន​ឡើង​។​​​ មន្ត្រី​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ឈ្មោះ​ នីកូឡេ ហ្វ៊ី​គ្លើ​ (Nicole Fiegler)​ បាននិយាយថា ដើម្បី​ទប់​ស្កាត់​អំពើ​ចោរ​កម្ម​នេះ នាយកដ្ឋានព្រៃឈើក្នុងរដ្ឋ​មួយ​នៅ​ប្រទេស​នេះ កំពុង​សាក​ល្បង​ដាក់​ឧបករណ៍តាមដាន GPS នៅក្នុងកំណាត់​ឈើ​ថែមទៀតផង៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ធនាគារ អេស ប៊ី អាយ លីហួរ ត្រៀមឱកាសការងាររហូត១០០កន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារ

នៅឆ្នាំនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ២០២២ បាននាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងមុខជំនាញផ្សេងៗ គ្នាជាច្រើន មកពីក្រុមហ៊ុន អង្គក…

IMF បន្ទាបការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី ក្រោយមើលឃើញពីការថយចុះកំណើនសេដ្ឋកិច្ចមហាយក្សចិន

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៨ ខែតុលា បានកាត់បន្ថយការព្យាករសេដ្ឋកិច្ចរបស់តំបន់អាស៊ីទាំងមូល ខណៈដែលការរឹតបន្តឹងរូបិយវត្ថុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ