មហិច្ឆតា​នាំចេញវៀតណាម

ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ!


ប្រមុខរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ បានអះអាងពីមហិច្ឆតារបស់ខ្លួន ដោយកំណត់នៅឆ្នាំ២០២០នេះ នឹងរកចំណូលពីការនាំចេញទំនិញលក់ទៅក្រៅប្រទេសឲ្យបានដល់ ៣០០ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ បើទោះបីជាប្រទេសនេះ កំពុងបារម្ភអំពីឱនភាពពាណិជ្ជកម្ម ចំពេលដែលសេដ្ឋកិច្ចសកលមានការថយចុះក៏ដោយ។
ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ! (រូបភាព៖ www.china-briefing.com)
ដោយ

បើតាម សារព័ត៌មាន​ VN Express របស់វៀតណាម​បាន​រាយការណ៍ថា គោលដៅ​នាំចេញ​ដ៏ធំនេះ ត្រូវបាន​ប្រកាសឡើង​ដោយ​លោកនាយករដ្ឋមន្ត្រីវៀតណាម​លោក ក្វៀន សៀនហ្វុក នៅក្នុងកិច្ចប្រជុំ​តាមអនឡាញ​មួយ ជាមួយនឹង​ថ្នាក់ដឹកនាំ​នៅតាមទីក្រុង​និងបណ្ដាខេត្ត​នានា កាលពីថ្ងៃពេល​ថ្មីៗនេះ។ ក្នុងនោះ លោក នាយករដ្ឋមន្ត្រីវៀតណាម បាន​បញ្ជាក់ទៀតថា នឹងជំរុញ​ការនាំចេញ​ឲ្យបាន​កើនឡើង​ខ្ពស់ជាងឆ្នាំ២០១៩ រហូតដល់ទៅ ១៣,៨% ទើបអាច​សម្រេចបាន​ការនាំចេញ​៣០០ ពាន់លាន​ដុល្លារអាមេរិកបាន ខណៈដែល​កាលពីឆ្នាំ២០១៩ វៀតណាម​សម្រេចបាន​ការនាំចេញ​២៦៣,៥ ពាន់លាន​ដុល្លារអាមេរិក ដែលមានកំណើន​៨% ធៀបនឹង​ឆ្នាំ២០១៨។

លោក ក្វៀន សៀនហ្វុក និយាយថា «បន្ទាប់ពីស្ថិត​នៅក្នុង​អំឡុងពេល​ឧបត្ថម្ភធន​មួយរយៈ​ ប្រទេសវៀតណាម បាន​ប្រែក្លាយខ្លួនជា​អ្នកនាំចេញសកលដ៏ធំមួយ។ ប្រទេស​វៀតណាម​ឥឡូវនេះ មាន​ផលិតផល​ភាគច្រើន​មានលើសពីតម្រូវការ និងអាច​ស្វែងរក​ទីផ្សារ​ដើម្បី​លក់ចេញ​ទៅកាន់​ពិភពលោក»។

បើទោះបីជា​កាលពីឆ្នាំ២០១៩ ប្រទេសវៀតណាម​ទទួលបាន​អតិរេក​ពាណិជ្ជកម្ម ៩,៩៤ ពាន់លាន​ដុល្លារ ដែលជា​អតិរេក​ខ្ពស់៤ឆ្នាំជាប់គ្នាក៏ពិតមែន ប៉ុន្ដែ រដ្ឋាភិបាល​ប្រទេសនេះ នៅបារម្ភ​នឹង​ឱនភាព​ពាណិជ្ជកម្ម ដែលអាច​នឹង​កើតមានឡើង​នៅឆ្នាំ២០២០នេះ។

លោក​ Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម បានប្រាប់​ទៅកាន់​រដ្ឋសភាជាតិ​​កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៩ថា ដោយសារតែ​ការនាំចេញវៀតណាម​នឹង​ថយចុះ​មកនៅ ៦ ទៅ៧% នៅក្នុងឆ្នាំ២០២០នេះ ហើយការនាំចូល​នឹងកើនឡើងលឿន​ក្នុងកម្រិត​៨ទៅ១០% ហេតុនេះហើយ វាអាចនឹង​មាន​ឱនភាពពាណិជ្ជកម្ម​តិចតួច។

ការចូលជាធរមាន​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអឺរ៉ុប-វៀតណាម (EVFTA) និងផលប៉ះពាល់​កាន់តែអាក្រក់ នៃសង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន វានឹងអាច​នាំមកនូវ​ការកើនឡើង​នៃការ​នាំចូល​នៅក្នុង​ប្រទេសវៀតណាម នៅឆ្នាំក្រោយនេះ។ នេះបើតាម​របាយការណ៍មួយ​របស់រដ្ឋាភិបាល។ 

នាយករដ្ឋមន្ត្រីវៀតណាម ទាមទារ​ឲ្យ​ មន្ត្រីរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងពាក់ព័ន្ធ​ឲ្យ​បង្កើត​នូវ​លក្ខខណ្ឌអំណោយផល​សម្រាប់​អ្នកនាំចេញ និង​បញ្ឈប់​រាល់សកម្មភាព​ការិយាធិបតេយ្យ (ការបង្កើតនូវប្រព័ន្ធរដ្ឋបាល​សាំញ៉ាំ) ដែលរាំងស្ទះ​ដល់​ដំណើរការ​នាំចេញ។

លោកនាយករដ្ឋមន្ត្រី​បន្ថែមថា ប្រទេសវៀតណាម ក៏ត្រូវការ​កាត់បន្ថយ​ថ្លៃដឹកជញ្ជូន ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់ការនាំចេញ។ តួយ៉ាង​ក្នុងករណី​ការនាំចេញ​ផ្លែស្វាយ ដែលបាន​នាំចេញហើយនោះ នាពេលនេះ មានការចំណាយ​លើថ្លៃដឹកជញ្ជូន​រហូតដល់ទៅ​៥០% នៃតម្លៃ​របស់ផ្លែស្វាយនោះ។

សូមបញ្ជាក់ថា​នៅឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ សេដ្ឋកិច្ចវៀតណាម​មានកំណើន​ខ្ពស់​រហូតដល់ទៅ ៧,០២% ដែលជាកំណើន​ខ្ពស់ជាងគោលដៅ​ដែល​រដ្ឋាភិបាល​ប្រទេសនេះបាន​កំណត់ ៦,៦% ទៅ៦,៨% ក៏ដូចជា​ស្ថាប័នអន្តរជាតិ​ធំៗ ក៏បាន​ព្យាករ​ដូច​រដ្ឋាភិបាលវៀតណាមដែរ។

ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់វៀតណាម​បាន​ឈានដល់ ៥១៧ ពាន់លាន​ដុល្លារអាមេរិកជាលើកដំបូង​នៅឆ្នាំ២០១៩ កើនឡើង៨% ធៀបនឹង​ឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្លើងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចយក្សអាមេរិក-ចិន ក្តៅងំ ស្ទើរពេញមួយឆ្នាំ ២០១៩

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចចិន និងអាមេរិក ដែលជាសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយពេលអស់ជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៩កន្លងទ…

មនុស្ស​ស្លាប់​យ៉ាង​ហោច ៤​នាក់​ និងរបួស ១៦​នាក់ ពី​ការ​បាក់​ស្រុត​អគារ​នៅ​ក្រុង​កែប

ព័ត៌មាន
អគារ​មួយ​កម្ពស់ ៧ជាន់ ដែល​កំពុង​សាងសង់ នៅ​ក្រុង​កែប បាន​បាក់​ស្រុត កាល​ពី​ថ្ងៃ​សុក្រ ទី៣ ខែ​មករា ឆ្នាំ២០២០ ដោយ​បាន​សម្លាប់​កម្មករ​យ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ