
ក្រុមហ៊ុនខ្នាតយក្សរបស់អឺរ៉ុប CTP គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារអាម៉េរិក សាងសង់សួនឧស្សាហកម្មនៅប្រទេសវៀតណាម ដើម្បីទាក់ទាញគម្រោងវិនិយោគដែលរើផលិតកម្មចេញពីប្រទេសចិន ចំពេលមហាយក្សចិន កំពុងមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ លោក ម៉ាទីន អូតេ (Maarten Otte) ប្រធានផ្នែកទំនាក់ទំនងវិនិយោគនៅក្រុមហ៊ុនសាងសង់សួនឧស្សាហកម្មខ្នាតយក្ស CTP ដែលមានទីស្នាក់ការកណ្ដាលនៅសាធារណរដ្ឋឆេក បានទម្លាយឱ្យដឹងពីផែនការវិនិយោគនេះ អំឡុងពេលផ្ដល់បទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានជប៉ុន Nikkei Asia។
លោក ម៉ាទីន បាននិយាយថា ដើម្បីចៀសវាងការបង់ពន្ធគយបដិការខ្ពស់ រោងចក្រជាច្រើនដែលជាអតិថិជនរបស់ក្រុមហ៊ុនសាងសង់សួនឧស្សាហកម្មខ្នាតយក្ស CTP នៅអាស៊ី កំពុងផ្លាស់ប្តូរទីតាំងទៅកាន់អឺរ៉ុប ដោយចាកចេញពីបណ្ដាប្រទេស ដែលរងផលប៉ះពាល់ដោយពន្ធគយបដិការខ្ពស់ដាក់ដោយប្រធានាធិបតី ដូណាល់ ត្រាំ ដូចជាប្រទេសចិន ជាដើម ហើយរោងចក្រទាំងនោះ ក៏ចាប់អារម្មណ៍ចង់រើទីតាំងមកកាន់ប្រទេសវៀតណាម ផងដែរ។ លោកបានអះអាងថា នេះជាលើកទី១ហើយ ដែលក្រុម CTP ជ្រើសរើសយកប្រទេសវៀតណាម ធ្វើជាទីតាំងសាងសង់សួនឧស្សាហកម្មនៅខាងក្រៅតំបន់អឺរ៉ុប ខណៈដែលក្រុមហ៊ុនផលិតឈីប ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនរកស៊ីក្នុងវិស័យផ្សេងៗទៀតមានតម្រូវការជួលទីតាំងក្នុងសួនឧស្សាហកម្មកើនឡើង។
ទម្រាំតែឈានដល់ការសម្រេចចិត្តបោះទុនវិនិយោគ១ពាន់លានដុល្លារនេះ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនសាងសង់សួនឧស្សាហកម្មខ្នាតយក្ស CTP បានចុះមកពិនិត្យ និងសិក្សានៅប្រទេសវៀតណាម រហូតដល់ទៅ៥លើកនៅក្នុងឆ្នាំ២០២៥ នេះ។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីការបរិច្ឆេទចាប់ផ្ដើមការសាងសង់ និងបញ្ចប់ការសាងសង់នោះទេ៕
ដោយ: តែម សុខុម