រដ្ឋាភិបាលសហភាពអឺរ៉ុប នឹងធ្វើការពិភាក្សាគ្នាក្នុងចំណោមរដ្ឋមន្ត្រីការបរទេសនៅថ្ងៃចន្ទនេះ ពោលគឺ នៅមុនពេលលោកចូ បៃដិន ទៅដល់ទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តចំនួន ៣០ របស់ណាតូ ក៏ដូចជាសហភាពអឺរ៉ុប និងក្រុមប្រទេសរីកចម្រើនទាង G7 រួមទាំងប្រទេសជប៉ុនផងដែរ។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ វិមានក្រឹមឡាំង មិនបានផ្លាស់ប្តូរគៅលដៅនៅក្នុងការវាយសង្គ្រាមដណ្ដើមយករដ្ឋធានី និងផ្ដួលរដ្ឋាភិបាលប្រទេសអ៊ុយក្រែននៅឡើយទេ ទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនជុំរួចមកហើយពីសហភាពអឺរ៉ុបក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ រួមទាំងទណ្ឌកម្មលើជនជាតិរុស្ស៊ី និងបេឡារុស្សចំនួន ៦៨៥ នាក់ទៀត ក៏ដូចជាលើស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់រុស្ស៊ីផងដែរ។
ទោះយ៉ាងណាមិញ ការដាក់ទណ្ឌកម្មបានធ្វើឱ្យប្លុកអឺរ៉ុបមួយនេះ កាន់តែលំបាកទាក់ទងផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការដាក់ទណ្ឌទៅលើរុស្ស៊ី ក៏ត្រូវឈឺខ្លួនឯងដែរ។ ដូច្នេះហើយ ទើបសហភាពអឺរ៉ុប កំពុងពិចារណាថាតើត្រូវកំណត់គោលដៅទណ្ឌកម្មទៅប្រេងរបស់រុស្ស៊ី ដូចដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើឬយ៉ាងណា? ព្រោះថាសហភាពអឺរ៉ុបគឺពឹងផ្អែកប្រេង និងឧស្ម័នពីរុស្ស៊ីយ៉ាងច្រើន សម្រាប់ប្រើប្រាស់។
សូមជម្រាបថា ទីក្រុងមូស្គូបានព្រមានថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រេងរបស់ខ្លួន អាចជំរុញឱ្យរុស្ស៊ី បិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយទៅកាន់អឺរ៉ុប។ សហភាពអឺរ៉ុបពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ ៤០% នៃឧស្ម័នប្រើប្រាស់ក្នុងស្រុក ដោយប្រទេសអាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសដែលពឹងផ្អែកខ្លាំងបំផុត។
យ៉ាងណាមិញ រាល់ការសម្រេចចិត្តដាក់ទណ្ឌកម្មរបស់អឺរ៉ុបតែងតែទាមទារឱ្យមានការយល់ស្របពីសមាំជិកទាំងអស់ ទើបអាចធ្វើទៅបាន។ ក្នុងនោះប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗក្នុងប្រទេសអ៊ុយក្រែន ដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈមនុស្សជាង ៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងទីក្រុងមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយការបាញ់ផ្លោង នោះវាមិនគួរមានការហាមឃាត់ទាក់ទងនឹងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះទេ។
សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនេះ គឺសំដៅបង្ខំលោកប្រធានាធិបតីពូទីន ពិចារណាឡើងវិញ ដើម្បីបញ្ឈប់ការលុកលុយលើអ៊ុយក្រែនបន្ដទៀត។ ប៉ុន្ដែ គេមិនទាន់ដឹងថា តើទណ្ឌកម្មនេះ នឹងអាចធ្វើឲ្យលោកពូទីនដកថយពីសង្គ្រាម ឬក៏អត់នោះទេ ដ្បិតថា ទោះបីជាមកទល់ពេលនេះ មានទណ្ឌកម្មបានដាក់ជាច្រើនរួចទៅហើយក្ដី ប៉ុន្ដែរុស៊ីនៅតែបន្ដសង្គ្រាមយ៉ាងក្ដៅគគុកជាមួយអ៊ុយក្រែនដដែល៕
អត្ថបទ ស៊ើង និមល់