សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បង្កផលប៉ះពាល់ពាណិជ្ជកម្មចិន?

តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចប៉ះពាល់ដល់ពាណិជ្ជកម្មរបស់មហាយក្សចិនយ៉ាងណាខ្លះ?


សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយពេលជិត១ខែមកហើយ ដែលមិនត្រឹមតែសម្លាប់មនុស្សនិងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាច្រើនប៉ុណ្ណោះទេប៉ុន្តែវាក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកផងដែរជាពិសេសគឺឧស្ម័ននិងប្រេងតែម្ដង ខណៈដែលប្រទេសលោកខាងលិចបន្ដដាក់ទណ្ឌកម្ម និងសម្ពាធកាន់តែខ្លាំងទៅលើក្រុងម៉ូស្គូ។
How could the Russia-Ukraine war affect China's trade?
ដោយ

តើ​សង្គ្រាម​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ចិន​ដោយ​កម្រិត​ណា ដ្បិតថា​រុ​ស្ស៊ី និង​ចិន​ក៏​ជា​ប្រទេស​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ចាក់ទឹកមិនលិច​ដែរ​នោះ ?

អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ខូ​វី​ដ​១៩ ខណៈ​ដែល​មនុស្ស​បាន​ប្រើ​ទំនិញ​ច្រើន​ជាង​មុន ប៉ុន្តែ​ក្រុម​អ្នកវិភាគ​និយាយ​ថា សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​អាច​នឹង​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​របស់​ចិន​មានការ​ប្រែប្រួល​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន CNBC​។

អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​២​ក្នុង​ពិភពលោក​មួយ​នេះ អាច​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២៣៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ពោល​គឺ​មាន​ប្រហែល ៣៥% ប៉ុណ្ណោះ នៃ​ទំហំ​ទឹកប្រាក់​ចំនួន ៦៧៦ ពាន់​លាន​ដុល្លារ​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​ពី​ក្រុម​ស្រាវជ្រាវ ANZ Research នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​។

លោក ជូ​លៀន អេ​វ៉ា​ន ព្រី​ត​ឆា​ដ (Julian Evans-Pritchard) សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ប្រទេស​ចិន​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ Capital Economics បាន​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​ចាប់ផ្តើម​ប៉ះពាល់​ពាណិជ្ជកម្ម​សុទ្ធ​របស់​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយសារ​តម្រូវការ​បរទេស​ធ្លាក់​ចុះ​និង​ការ​នាំ​ចូល​កើនឡើង​។

តើ​ពាណិជ្ជកម្ម​របស់​ចិន​នឹង​អាច​រង​ប៉ះពាល់​អ្វីខ្លះ​ពី​សង្គ្រាម​នៅ​រុ​ស្ស៊ី​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន?

ផល​ប៉ះពាល់​ទី​១ គឺ​វា​ប៉ះពាល់​ដល់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ចិន​ជា​ពិសេស​គឺ សហភាព​អឺរ៉ុប​តែ​ម្ដង​ព្រោះ សង្គ្រាម​នេះ​អាច​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ជា​ពិសេស​នៅ​ទ្វីបអឺរ៉ុប​។

លោក បេ​តទី វ៉ាង (Betty Wang) សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ក្រុម​ស្រាវជ្រាវ ANZ Research បាន​និយាយ​ថា សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២​របស់​ចិន​ដែល​មាន​ចំណែក ១៥% នៃ​ការ​នាំ​ចេញ​សរុប​របស់​ចិន ហើយ​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​កើនឡើង ១៦%​ថែម​ទៀត​កាលពី​ឆ្នាំ​មុន ដែល​បាន​ជួយ​ឱ្យ​ចិន​មាន​កំណើន​នាំ​ចេញ​៣០​ភាគរយ​។

ប៉ុន្តែ​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​អឺរ៉ុប​ធ្លាក់​ចុះ ដោយសារ​សង្គ្រាម​នេះ វា​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​ទៅ​កាន់​អឺរ៉ុប​ក៏​ធ្លាក់​ចុះ​ផង​ដែរ ហើយ​បើ​តាម​ក្រុម​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា កំណើន​នាំ​ចេញ​សរុប​របស់​ចិន​អាច​នឹង​ធ្លាក់​ចុះ ០,៣ ពិន្ទុ​ភាគរយ​នៅ​ឆ្នាំ​នេះ​។

ផល​ប៉ះពាល់​ទី​២ គឺ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​គ្រឿង​បច្ចេកវិទ្យា ដូច​ជា​បន្ទះ​ឈី​ប​ជាដើម​។ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ខ្វះខាត​ខ្លាំង​នូវ​គ្រឿង​បន្ទះ​ឈី​ប​ឬ​ហៅ​ថា semiconductors នេះ​រួច​ស្រាប់​ទៅ​ហើយ ហើយ​សង្គ្រាម​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នេះ វា​រឹតតែ​រំខាន​ដល់​សង្វា​ក់​ផ្គត់ផ្គង់​បន្ថែម​ទៀត​។

ក្រុម ANZ Research បាន​និយាយ​ថា សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​កាន់តែ​អាក្រក់​ទៅ​ៗ​នូវ​កង្វះខាត​បន្ទះ​ឈី​ប ឬ​បន្ទះ​សៀគ្វី​ជាស​កល​ដែល​ប្រទេស​ចិន​ពឹងផ្អែក​យ៉ាង​ខ្លាំង​សម្រាប់​បម្រើ​ដល់​ការ​ផលិត និង​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន​។ ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​រួមចំណែក ជាង​១៧ % ដល់​កំណើន​នាំ​ចេញ​៣០% របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១​។

ផល​ប៉ះពាល់​ទី​៣ គឺ​ប៉ះពាល់​ដល់​តម្លៃ​ថាមពល​តែ​ម្ដង​។ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ក៏​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់​បំផុត​កាលពី​ស​ប្តា​ហ៍​មុន ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន​ព្រោះ​វា​ជា​ប្រទេស​នាំ​ចូល​ប្រេង​ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក​។

សេដ្ឋវិទូ​របស់​ធនាគារ​សិង្ហ​បុរី DBS លោក Nathan Chow និង​លោក Samuel Tse បាន​និយាយ​ថា ប្រទេស​ចិន​បាន​នាំ​ចូល​ថាមពល​ក្នុង​តម្លៃ​សរុប ៤២៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ដែល​ក្នុង​នោះ​ទឹកប្រាក់ ២៥៣ ពាន់​លាន​ដុល្លារ គឺ​សម្រាប់​ទិញ​ប្រេង​ឆៅ​។

អ្នក​សេដ្ឋកិច្ច​ទាំងនេះ​បាន​បញ្ជាក់​ទៀត​ថា GDP បឋម​របស់​ចិន​នឹង​ត្រូវ​កាត់​បន្ថយ ០,៨% ប្រសិនបើ​តម្លៃ​ប្រេង​ជា​មធ្យម​កើនឡើង​ពី​ចន្លោះ ៧១ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ទៅ ១១០ ដុល្លារ​នៅ​ឆ្នាំ​នេះ​។

ទោះ​យ៉ាងណា អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា ប្រទេស​ចិន អាច​នឹង​សម្រាល​ផល​ប៉ះពាល់​របស់​ខ្លួន​បាន​ពី​សេស បញ្ហា​ថាមពល​ឡើងថ្លៃ ប្រសិនបើ​ពួក​គេ​ងា​យក​ទៅ​រក​ការ​ពឹងផ្អែក​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ក្នុង​តម្លៃ​ទាប​។

ក៏​ប៉ុន្ដែ​វា​មិន​ងាយស្រួល​ទេ ដែល​ចិន​អាច​ងាក​ទៅ​ការ​ពឹងផ្អែក​ពាណិជ្ជកម្ម​ជាមួយនឹង​រុ​ស្ស៊ី ព្រោះ​បើ​ធ្វើ​ដូច្នេះ ចិន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​លោក​ខាងលិច​ពិសេស អា​មេ​រិ​ក និង​អឺរ៉ុប​បន្ថែម​ទៀត ព្រោះ​កន្លង​មក​អា​មេ​រិ​ក និង​អូស្ត្រាលី​ជាដើម ក៏​បាន​ព្រមាន​ចំ​ៗ​ទៅ​ចិន​រួច​ហើយ​ថា ប្រសិនបើ​ចិន​ហ៊ាន​ចេញ​មុខ​ជួយ​រុ​ស្ស៊ី​លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ​។ ប៉ុន្ដែ សម្រាប់​អ្នកជំនាញ​វិភាគ​នយោបាយ​តំបន់​វិញ បាន​ព្រមាន​ថា ប្រសិនបើ​លោក​ខាងលិច​ហ៊ាន​ប្រើ​ទណ្ឌកម្ម​ទៅ​លើ​ចិន​កាន់តែ​ខ្លាំង នោះ​វា​នឹង​ដូច​ជា​រុញ​ឲ្យ​ចិន​ងាក​ទៅ​រក​រុ​ស្ស៊ី​កាន់តែ​ខ្លាំង​ដូច​គ្នា​ដែរ ដូច្នេះ ស្ថានការណ៍​នឹង​កាន់តែ​លំបាកទៅ​ៗ​។ ដូច្នេះ មាន​តែ​ការ​ចូលរួម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គ្រាម ដោយ​ការ​ចរចា​ស្វែងរក​សន្ដិភាព​ប៉ុណ្ណោះ​ទេ ទើប​ជា​ជម្រើស​ប្រសើរ​៕

អត្ថបទ សុខ ជា 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យរុស្ស៊ីផ្តើមកិច្ចចរចាសន្តិភាព

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវកាលពីចុងសប្តាហ៍នេះ ដើម្បីឲ្យទីក្រុងមូស្គូឲ្យផ្តើមកិច្ចចរចាសន្តិភាពមួយ បញ្ចប់សង្គ្រ…

មេដឹកនាំកំពូលជប៉ុន និងឥណ្ឌាប្តេជ្ញាប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់ ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi បាននិយាយព្រមព្រៀងគ្នាកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា ពួកគេនឹងមិនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ