
នៅក្នុងពិធីការពារសារណាកម្រិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី៥ ខែវិច្ឆិកា លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) បានលើកឡើងថា បើទោះបី អំឡុងវិបត្តិកូវីដ-១៩ ក្រសួងអប់រំ យុវជននិងកីឡា បានផ្លាស់ប្ដូរកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយចុះ សម្រាប់វិទ្យាស្ថាន AIB ការបង្រៀនតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហានោះទេ ហើយក៏មិនបានបង្កជាផលរំខានដល់ដំណើរការសិក្សារបស់និស្សិតឡើយ។ ផ្ទុយទៅវិញ អំឡុងការរៀនតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យសិស្សនិស្សិតនៅវិទ្យាស្ថាន AIB កាន់តែមានភាពជោគជ័យក្នុងការសិក្សារៀនសូត្ររបស់ខ្លួន។
នាយកវិទ្យាស្ថាន AIB លោកបណ្ឌិត ផុន ណារិន បានបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់និស្សិតនៃវិទ្យាស្ថាន AIB បើទោះបីរៀនតាមប្រព័ន្ធអនឡាញ ក៏ប៉ុន្តែនិស្សិតគ្រប់រូប បានយកចិត្តទុកដាក់រៀនសូត្រ និងប្រែក្លាយឱកាសនេះ ដើម្បីសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែម រហូតទទួលបានភាពជោគជ័យ។ លោកបណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា តាមរយៈការបង្ហាញស្នាដៃការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកមានក្ដីរំពឹងយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សានិស្សិតមានសម្ថតភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ជាមួយគ្នានោះ ក្រុមនិស្សិតនៃវិទ្យាស្ថាន AIB ដែលទើបបញ្ចប់ការធ្វើបទបង្ហាញរបស់ខ្លួន ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនផងដែរ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថាន AIB និងត្រៀមខ្លួន ដើម្បីចូលរួមប្រឡូកការងារក្នុងវិស័យធនាគារ។ ដោយឡែក អំឡុងកូវីដ-១៩ សិស្សនិស្សិតត្រូវសិក្សាតាមប្រព័ន្ធអនឡាញ ក៏ពិតមែន ប៉ុន្ដពួកគេអះអាងថា មិនបានក្លាយជាឧបសគ្គរារាំង ដល់ការបញ្ចប់ការសិក្សារបស់និស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាឡើយ។
ដើម្បីឱ្យស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជននិងកីឡា វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានរៀបចំការបង្រៀនតាមបែបគន្លងថ្មី ដូចជា ការរក្សាគម្លាត និងកំណត់ចំនួនសិស្សជាដើម។ សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឱ្យសាលារៀនទាំងអស់ទូទាំងប្រទេស ដំណើរការបង្រៀនក្នុងថ្នាក់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល៕



