ពាក់ព័ន្ធនឹបញ្ហាខាងលើនេះ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី៧កក្កដានេះថា ការជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃនេះ គឺដោយសារក្រុមជញ្ជីងចល័តក្រសួងសារធារការ បានចុះត្រួតពិនិត្យលើឡានដឹកទំនិញលើសចំណុះ ហើយជាក់ស្តែងពិនិត្យឃើញថា ឡានដឹកកសិផលទាំងនោះ ដឹកលើសទម្ងន់ផ្ទុកយ៉ាងតិច៣០តោន ទៅ ៥០តោនឯណោះ។ ទោះយ៉ាងណា មកដល់ពេលនេះ បញ្ហាទាំងនោះបានដោះស្រាយរួចហើយ ហើយចំពោះសៃឡូទាំងអស់ក៏ដំណើរការប្រមូលទិញគ្រាប់ពោតពីកសិករឡើងជាធម្មតាឡើងវិញផងដែរ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី៧ ខែកក្កដាថា ក្រោយពីមានការភ្ញាក់ផ្អើលក្រុមជញ្ជីងចល័តក្រសួងសារធារការចុះត្រួតពិនិត្យលើឡានដឹកទំនិញលើសចំណុះ ដែលជាក់ស្តែងបានពិនិត្យឃើញ ឡានដឹកកសិផលគ្រាប់ពោតទាំងនោះមានការដឹកលើសទំងន់ផ្ទុកយ៉ាងតិច៣០តោន រហូតដល់៥០តោនឯណោះ ដែលប្រការនេះធ្វើឲ្យមានការកកស្ទះរយៈពេលខ្លី សម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗរួមទាំងគ្រាប់ពោតពីកម្ពុជាកាន់ប្រទេសថៃ។
ក្រោយពីត្រួតពិនិត្យរួច ក្រុមសម្ថតកិច្ច ធ្វើការសម្របសម្រួល ដោះស្រាយ ណែនាំ និងផាកពិន័យហើយ ក៏បានដោះលែងវិញ ហើយម្ចាស់ឡានដឹកទំនិញទាំងនោះ ក៏បានដឹកតាមការកំណត់តាមការណែនាំរបស់ក្រុមសម្ថតកិច្ចផងដែរ។ ឯកឧត្ដម បញ្ជាក់បន្ថែមថា ខាងក្រុមជញ្ជីងចល័តក្រសួងសារធារការបានសំណូមពរដល់ ម្ចាស់ឡានដឹកទំនិញទាំងអស់សូមកុំដឹកលើសទម្ងន់ដែលក្រសួងបានកំណត់ ដែលអាចនាំឲ្យខូចផ្លូវ ដែលនាំឲ្យខាតបង់ទាំងអស់គ្នា។ មួយវិញទៀត ក្រោយពីមានការសម្របសម្រួលរួច គ្រប់សៃឡូទាំងអស់ ក៏បានដំណើរការទទួលទិញពោតឡើងវិញផងដែរ។
ឯកឧត្ដម គឹម ហួត បានបញ្ជាក់ឲ្យដឹងដែរថា ទិន្នផលពោតក្រហមនៅខេត្តបាត់ដំបងពេលបច្ចុប្បន្ន ប្រមូលផលដើមដៃបានប្រមាណ ៣០% ។ ចំពោះបរិមាណនៃការប្រមូលផលឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការអំណោយផលពីទឹកភ្លៀង ហើយចំពោះតំលៃពោតឆ្នាំនេះ ដើមដៃមានតម្លៃល្អ ពោលគឺតម្លៃពោតថ្លឹងយកទាំងស្នូលមានតម្លៃបានដល់៦,៣បាត ឬប្រមាណ៧០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែក្រោយមានបាតុភាពកើតមាន ពាក់ព័ន្ធនឹងការជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃ ហើយដល់រដូវប្រមូលផលពោតព្រមៗគ្នាផង និងខាងថៃក៏ដល់រដូវប្រមូលដូចគ្នាដែរនោះ បានធ្វើឲ្យតម្លៃធ្លាក់ចុះមកត្រឹមតែ ៥,៣បាត ឬស្មើនឹងប្រមាណ ៦០០រៀលវិញក្នុងមួយគីឡូក្រាម៕