ការវិនិយោគនៅកម្ពុជា

អ្នកជំនាញ៖ការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស គឺជាមេដែកស្រូបទាញការវិនិយោគមកកម្ពុជាកាន់តែច្រើន


ក្រុមអ្នកជំនាញ និងជំនួញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញការសាទរយ៉ាងខ្លាំង ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបើកទទួលអ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងរួច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលនេះ វានឹងក្លាយមេដែកក្នុងការស្រូបទាញវិនិយោគិនបរទេស ឲ្យមកសំឡឹងមើលឱកាស និងបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់ច្រើនថែមទៀត។ ជាពិសេសវានឹងធ្វើឲ្យចរន្តទិញលក់ និងតម្លៃអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពីរដូសរួច ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ គាំទ្រ ក៏ដោយសារ លោកឧកញ៉ា យល់ថា យន្តការនេះនឹងជួយជំរុញឲ្យវិនិយោគិនជាតិមានទំនុកចិត្តក្នុងការបន្តបោះទុនវិនិយោគលើវិស័យអចលនទ្រព្យឡើងវិញ។ ជាពិសេស វានឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជា ដែលនឺងធ្វើឲ្យវិស័យអចលនទ្រព្យរបស់កម្ពុជាដែលរងផលប៉ះដោយសារវិបត្តិកូវីដ-១៩ កន្លងមកមានភាពល្អប្រសើរឡើងវិញ។

អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះ វាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជាអាចនឹងមានកំណើនចន្លោះពី១០ទៅ១៥% នៅឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ដែលកំណើននេះ គឺមានប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ។ សម្រាប់ឧកញ៉ា ចេង ខេង វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស ព្រោះតម្លៃអចលនទ្រព្យនៅមានអត្រាទាបនៅឡើយបើធៀបនឹងតម្លៃអចលនទ្រព្យជាមួយបណ្តាប្រទេសនៅអាស៊ាន និងក្នុងតំបន់។ 

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជឿជាក់ថា វិនិយោគិនជាតិ និងអន្តរជាតិ នឹងចាប់ផ្តើមសំឡឹងមើលឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញ ក្រោយរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័យលើអ្នកដំណើរចូលកម្ពុជា និងការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យជាបណ្តើរៗកាលពីពេលថ្មីៗ។ លើសពីនេះ វានឹងធ្វើឲ្យចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមមានសកម្មភាពល្អប្រសើរឡើងវិញ ហើយតម្លៃក៏អាចនឹងមានការកើនឡើងផងដែរ។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ ត្រូវបានគេចាត់ទុកថា គឺជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនៅអំឡុងពេលវិបត្តិមេរោគកូវីដ១៩រីករាលដាលខ្លាំង បើទោះបីវិស័យនេះ ហាក់នៅមានសភាពទ្រឹងក៏ដោយចុះ ប៉ុន្ដែ បើតាមអ្នកជំនាញអះអាងថា តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយបើកប្រទេសបាន២សប្ដាហ៍ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកំណើនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ ទ…

ដុំពពកខ្មៅនៃវិស័យអចលនទ្រព្យនៅចិនកាន់តែអាក្រក់ ក្រោយតម្លៃផ្ទះដាំក្បាលចុះទាបបំផុតមិនធ្លាប់មានក្នុង៦ឆ្នាំចុងក្រោយ

ព័ត៌មាន
ស្ថានភាពវិស័យអចលនទ្រព្យរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែចុងក្រោយនេះដោយសារតែតម្លៃផ្ទះបានបន្តធ្លាក់ចុះ ទាំងផ្ទះសាងសង់ថ្មីៗ និងផ្ទះដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ