លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា យល់ឃើញថា ទោះបីមានការព្យាករពីភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដោយ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកបមុខរបររបស់ពលរដ្ឋទូទៅនៅពុំទាន់ល្អដូចមុននៅឡើយទេ ដោយសារកំណើនសេដ្ឋកិច្ចនៅពុំទាន់មានការរាយប៉ាយ និងពុំទាន់ផ្ដល់ផលដល់ពលរដ្ឋបានគ្រប់គ្នា។ កត្តានេះហើយដែលធ្វើពលរដ្ឋ ដែលអ្នកជាអ្នករកស៊ីក្នុងវិស័យ ដែលមិនទាន់មានភាពរីកចម្រើនដូចជាវិស័យអចលនទ្រព្យ និងទេសចរណ៍ជាដើមតែងប្រតិកម្មនៅពេលមានការព្យាករពីកំណើនសេដ្ឋកិច្ចម្តងៗ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះសង្កេតឃើញថា បច្ចុប្បន្នការនាំចេញរបស់កម្ពុជា មានភាពប្រសើរជាងមុន ប៉ុន្តែវិស័យនេះទទួលបានការងារប្រមាណ២០%ប៉ុណ្ណោះនៃការងារទាំងអស់ ខណៈភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ក៏ពុំទាន់ល្អទាំងស្រុងនៅឡើយដែរ។ ទន្ទឹមនឹងនេះលោក លី សូដេត បានចាត់ទុកវិស័យកសិកម្ម ជាវិស័យដែលផ្ដល់ផលដល់ពលរដ្ឋច្រើនដោយសារតែវិស័យនេះត្រូវបានដាំដុះ និងផលិតក្នុងស្រុក ប៉ុន្តែត្រូវទាមទារឱ្យមានការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់បន្ថែមទៀត។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ហាក់ភាពល្អប្រសើរឡើងវិញជាបណ្តើរៗ ក្រោយរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។ មន្រ្តីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ ព្រមទាំងវិស័យទេសចរណ៍នៅពុំទាន់មានភាពប្រសើរដូចមុនឆ្នាំ២០២១៩ នៅឡើយទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋពុំសូវទទួលបានផលប្រយោជន៍ពីភាពល្អប្រសើរនៃសេដ្ឋកិច្ចបច្ចុប្បន្ន។
តែយ៉ាងណាឯកឧត្តមកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ក្នុងនោះវិស័យឧស្សាហកម្មចាប់ផ្ដើមហក់ឡើងខ្លាំងជាងវិស័យសេវាកម្ម។
ជុំវិញការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាឥរិយាបថនៃការចំណាយរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ការប្រែប្រួលនៃសេដ្ឋកិច្ចរបស់កម្ពុជា មានទម្រង់ផ្សេងៗពីគ្នា ក្នុងនោះអាចមានការកើនឡើងក្នុងវិស័យឧស្សាហកម្មសម្រាប់នាំចេញ ប៉ុន្តែមានការធ្លាក់ចុះសម្រាប់វិស័យសេវាកម្មលក់រាយ និងលក់ដុំ ហើយការធ្លាក់ចុះក្នុងវិស័យសេវាកម្មលក់រាយ និងលក់ដុំបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាអ្នកប្រកបអាជីវកម្មខ្នាតតូច មធ្យម និងមុខរបរក្រៅប្រព័ន្ធជាច្រើន។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានវាយតម្លៃថា កម្ពុជាអាចត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឱ្យវិស័យសេវាកម្មលក់រាយ និងលក់ដុំមានដំណើរការល្អឡើងវិញ។ ការធ្លាក់ចុះវិស័យលក់រាយ និងដុំនៅកម្ពុជានេះ ត្រូវបានលោកបណ្ឌិតវាយតម្លៃថា អាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ការធ្លាក់ចុះអត្រាការប្រាក់ជាសកល និងការងើបឡើងយឺតនៃវិស័យទេសចរណ៍។ តែយ៉ាងណាលោករំពឹងថា វិស័យនេះអាចនឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២៥ ខាងមុខ។
ធនាគារពិភពលោកប្រចាំកម្ពុជា បានព្យាករកាលពីពេលថ្មីៗថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤ នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៣% មុនឡើងដល់៥,៥% នៅឆ្នាំ២០២៥។ កំណើននេះទាបជាងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែមានការកើនឡើងបន្តិចម្ដងៗក្រោយការបិទបញ្ចប់ជំងឺកូវីដ-១៩៕
អត្ថបទ៖ បូ ដូឡា