តម្លៃស្បៀងអាហារ ពិសេសប្រភពអាហារសំខាន់ៗជាច្រើន រាប់ចាប់ពីស្រូវសាលី គ្រាប់ធញ្ញជាតិ សាច់ និងប្រេងឆា បាននិងកំពុងឡើងថ្លៃខ្ពស់។ កត្តាចំបង ដែលធ្វើឲ្យវាឡើងថ្លៃនោះ គឺដោយសារតែកំណើនតម្លៃជីកសិកម្ម និងតម្លៃថាមពលកើនឡើងខ្ពស់ ក្នុងឆ្នាំកន្លងមក ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងថែមទៀត ក៏បានរុញឲ្យពិភពលោកកំពុងប្រឈមនឹងវិបត្តិខ្វះខាតស្បៀងអាហារកាន់តែខ្លាំងឡើង។
អ្វីដែលកាន់តែធ្វើឲ្យ តម្លៃស្បៀងចេះតែបន្តកើនឡើងទៀតមិនថយចុះសោះ ក៏ដោយសារតែការរួមចំណែក ពីការហាមប្រាមការនាំស្បៀងអាហារចេញពីប្រទេសអ្នកផលិត និងប្រទេសអ្នកនាំចេញមួយចំនួន ដូចជាប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញស្រូវសាលី, ម៉ាឡេស៊ីបិទការនាំចេញមាន់ និងប្រទេសឥណ្ឌូនេស៊ី បិទការនាំចេញដូងប្រេងជាដើម។
ស្បៀងអាហារសំខាន់ៗភាគច្រើន សុទ្ធតែបានឡើងថ្លៃអស់ហើយ នៅឡើយតែស្រូវអង្ករ, ស្រូវអង្ករដែលជាប្រភពអាហារចម្បងមួយយដែររបស់តំបន់អាស៊ី។ យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកឃ្លាំមើលទីផ្សារអះអាងថា អង្ករអាចជាស្បៀងអាហារបន្ទាប់ដែលនឹងកើនតម្លៃក្នុងពេលឆាប់ៗ។
ជាក់ស្តែង សន្ទស្សន៍តម្លៃស្បៀងរបស់អង្គការស្បៀងអាហារនិងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញរួចហើយថា តម្លៃអង្ករអន្តរជាតិបាននិងកំពុងស្ថិតក្នុងទំនោរកើនឡើងបន្តិចម្តងៗក្នុងរយៈពេលប្រាំខែជាប់ៗគ្នា និងកំពុងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១២ខែចុងក្រោយ។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតកាលពីខែឧសភា ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
យ៉ាងណាមិញ អ្នកជំនាញបានអះអាងហើយថា ផលិតកម្មស្រូវនៅតែមានច្រើន ដូច្នេះបើទោះបីជាតម្លៃស្រូវអង្ករឡើងថ្លៃ ក៏វាមិនឡើងថ្លៃខ្លាំងគួរឲ្យព្រួយបារម្ភដែរ។ ម្យ៉ាងវិញទៀត ខុសប្លែកពីស្បៀងផ្សេងៗដូចជាស្រូវសាលី មានប្រទេសជាច្រើននៅតំបន់អាស៊ី ដែលសុទ្ធសឹងតែជាប្រទេសមានការដាំដុះស្រូវ។ ដូច្នេះ គេមិនបារម្ភខ្លាំងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ឡើយ។
ទោះបីជាបែនេះក្តី អ្នកជំនាញផ្តល់អនុសាសន៍ថា គេនៅតែត្រូវបន្តតាមដានពីនិន្នាការស្រូវអង្ករនេះឱ្យបានជាប់លាប់ ដោយហេតុថា ការចំណាយថ្លៃដើមលើការធ្វើកសិកម្មជាទូទៅ បានកើនឡើងរួចទៅហើយ។ ហេតុនេះចង់ ឬមិនចង់ តិចក្តីច្រើនក្តី វានឹងជះឥទ្ធិលពលដល់ការដាំដុះ និងតម្លៃរបស់វា។
សូមជម្រាបថា ក្រោយមើលឃើញពីតម្រូវការស្បៀងអាហារសកល និងការកើនតម្លៃស្រូវអង្ករ ប្រទេសថៃ និងវៀតណាម កាលពីពេលថ្មីៗនេះ បានសម្លឹងឃើញលទ្ធភាពធ្វើការរួមគ្នា ក្នុងការដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចចរចារបស់ពួកគេនៅក្នុងទីផ្សារអង្ករពិភពលោក។ ភាគីទាំងពីរក៏បានអះអាងដែរថា ការធ្វើបែបនេះ នឹងជួយបង្កើនចំណូលសម្រាប់ប្រជាកសិកររបស់ខ្លួន។ សូមបញ្ជាក់ថា ប្រទេសដែលនាំចេញអង្ករធំៗនៅអាស៊ីរួមមាន ឥណ្ឌា ថៃ វៀតណាម ប៉ាគីស្ថាន និងកម្ពុជាជាដើម។ ថ្មីៗនេះដែរ ថៃ និងវៀតណាម ក៏មានបំណងធ្វើការរួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ ដ្បិតថា តម្លៃថ្លៃដើមដូចជាជីកសិកម្ម ប្រេងឥន្ធនៈ និងកម្លាំងពលកម្មកំពុងបន្ដឡើងថ្លៃខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករជាច្រើន៕