ពន្ធគយបដិការ

អ្នកជំនាញជឿថា ពន្ធគយរបស់លោក ត្រាំ នឹងពិបាកលុបចោលវិញណាស់


អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) ជឿជាក់ថា ពន្ធគយដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ទំនងជាអាចមានសុពលភាពវែងជាងរដ្ឋបាលរបស់លោកទៅទៀត ដោយសារមានការព្រួយបារម្ភថា ការលុបបំបាត់ពន្ធនេះនឹងធ្វើឱ្យកម្មករលែងគាំទ្រ ព្រោះពួកគេខ្លាចបាត់បង់ការងារដោយសារតែការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនអាម៉េរិក និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
ពន្ធគយបដិការ
ដោយ

នៅក្នុងវេទិកាសេដ្ឋកិច្ចរបស់សារព័ត៌មាន Bloomberg ក្នុងប្រទេសសិង្ហបុរី លោកស្រី ហ្គីណា រ៉ៃម៉ុនដូ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក បានលើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា ពន្ធគយរបស់លោក ដូណាល់ ត្រាំ អាចនឹងមានអាយុវែងជាងរដ្ឋបាលរបស់លោក ព្រោះគ្មានគណបក្សណាមួយហ៊ានលុបចោលពន្ធនេះឡើយ នៅពេលពួកគេក្លាយជាប្រធានាធិបតីនៅអាណត្តិ​ក្រោយ ដោយសារព្រួយបារម្ភថា ការលុបចោលពន្ធនេះនឹងធ្វើឱ្យកម្មករ លែងគាំទ្រគណបក្សរបស់ពួកគេ។

អ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មរូបនេះជឿជាក់ថា ពន្ធគយដែលដាក់ឱ្យអនុវត្តហើយ គឺពិបាកនឹងដកចេញវិញខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់ចង់ក្លាយជាប្រធានាធិបតីអាម៉េរិក រងការចោទប្រកាន់ថា បានធ្វើឱ្យកម្មករអាម៉េរិកខកចិត្តនោះឡើយ ខណៈពន្ធគយបានជួយការពារកម្មករអាម៉េរិក។

យ៉ាងណាមិញអតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ក៏បានរក្សាពន្ធបន្តពីអាណត្តិដំបូងរបស់លោក ត្រាំ ផងដែរ ដើម្បីជៀសវាងធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មក្នុងស្រុក ទោះបីជាលោកស្រី រ៉ៃម៉ុនដូ ជំរុញឱ្យកាត់បន្ថយពន្ធមួយចំនួនក៏ដោយ។

តែយ៉ាងណា លោកស្រី រ៉ៃម៉ុនដូ បានសម្តែងការសង្ស័យអំពីឥទ្ធិពលពន្ធក្នុងការជួយជំរុញវិស័យផលិតកម្មរបស់សហរដ្ឋអាម៉េរិក ដោយនិយាយថា ពន្ធគយបានជួយការពារវិស័យយុទ្ធសាស្ត្រតែមួយចំនួនប៉ុណ្ណោះដូចជាបន្ទះឈីប និងឱសថជាដើម ប៉ុន្តែវាក៏ជាឧបសគ្គ ដែលបង្កើនថ្លៃដើមសម្រាប់ក្រុមហ៊ុនផលិតរបស់អាម៉េរិក ដែលពឹងផ្អែកលើសមាសធាតុនាំចូលមួយចំនួនផងដែរ។

ពាក់ព័ន្ធនឹងផ្នែកភូមិសាស្ត្រនយោបាយវិញលោកស្រី រ៉ៃម៉ុនដូ រំពឹងថា ទំនាក់ទំនងរវាងអាម៉េរិក និងចិននឹងនៅតែស្ថិតក្នុងស្ថានភាពបែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយលោកស្រីបានអះអាងថា ដោយសារតែចិន មានឥទ្ធិពលលើការគ្រប់គ្រងរ៉ែកម្រ ដូច្នេះការពឹងពាក់គ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរនៅតែមិនអាចចៀសបានឡើយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងវិស័យរ៉ែមាស នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត

ស្របពេលមាសបានក្លាយជាឧបករណ៍ដ៏មានសុវត្ថិភាព ហើយត្រូវបានធនាគារធំៗនៅលើពិភពលោកទិញស្តុកទុកយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើជាទុនបម្រុងអន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ