អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៤


ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការគ្មានកូវីដ-១៩ របស់ប្រទេសចិន កំពុងធ្វើឲ្យការបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងភាពស្រពេចស្រពិល។ បើតាមការគូសបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គម្រោងនេះ អាចពន្យារពេលបញ្ចប់ការសាងសង់ដំណាក់កាលទី១ទៅដល់ឆ្នាំ២០២៤ ខណៈតាមផែនការគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់ព្រលានយន្តអន្តរជាតិ ដែលអាចឲ្យយន្តឆ្លងទ្វីបខ្នាតធំចុះចតបានមួយនេះ សម្រេចបានជាង៣០% ហើយ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងត្រូវយឺតជាងផែនការ ដែលបានគ្រោងទុក។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដំណាក់កាលទី១ អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤ ខណៈតាមផែនការគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៣។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ទើបសម្រេចបានការសាងសង់បានជាង៣០% ប៉ុណ្ណោះ បន្ទាប់ពី​បើកការសាងសង់កាលពីអំឡុងឆ្នាំ២០១៩។

បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​រូបនេះ ការអូសបន្លាយ​នៃការបញ្ចប់ការសាងសង់នេះ គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការគ្មានកូវីដ-១៩ ដ៏តឹងរឹងរបស់ចិន។ ព្រោះការអនុវត្តវិធានការគ្មានកូវីដ​ដ៏តឹងរឹងរបស់ចិនបានធ្វើឲ្យរាំងស្ទះ​ដល់ការដឹកជញ្ជូនសម្ភារៈមួយចំនួន និងបានរារាំង​ដល់ការធ្វើដំណើររបស់អ្នក​ជំនាញ​ជនជាតិចិ​ន ដែលក្រុមហ៊ុនជួល ដើម្បីចូលរួមសាងសង់​គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា វិបត្តិនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកលនេះក៏បានធ្វើឲ្យរាំងស្ទះដល់ការបើកដំណើរការសាកល្បង​អាកាសយានដ្ឋានអន្តរជាតិតារា​សាគរខេត្តកោះ​កុងផងដែរ។ តាមគម្រោង ព្រលានយន្តហោះនេះ គ្រោងបើកទ្វារឲ្យហោះហើរសាកល្បង​នៅអំឡុងខែកក្កដា ខាងមុខនេះ តែក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន សុំពន្យារពេលដល់ចុងឆ្នាំនេះ ឬអាចដើមឆ្នាំ២០២៣។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ឬអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញថ្មី សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្តហោះដែលមានតម្លៃវិនិយោគជាង ១ពាន់៥រយលានដុល្លារអាមេរិកនេះ ជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្ស​ដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា ចុះហត្ថលេខាជាដៃគូ ផ្តល់ឥណទាន រហូតដល់៩០% នៃតម្លៃគេហដ្ឋាន

ព័ត៌មាន
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា បានធ្វើការចុះហត្ថលេខាជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជូនដល់…

ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ត្រូវបានបង្កើតឡើង សម្រាប់ជួយមើលថែកុមារដែលមានឪពុកម្ដាយជាកម្មកររោងចក្រ

ព័ត៌មាន
ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ សម្រាប់ជួយមើលថែទាំកុមារ ដែលមានឪពុកម្ដាយជាកម្មកររោងចក្រនៅកម្ពុជា ត្រូវបានអង្គការពិភពកុមារ និងអភិវឌ្ឍន៍ ដា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ