ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ CPL និងជាអ្នកជំនាញចាស់វស្សាមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ជារួមក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ៣៥% បើធៀបនឹងឆ្នាំ២០២២ ក្រោយវិស័យនេះបន្តញាំញីដោយវិបត្តិសកលផ្សេងៗ ពិសេសការជាប់គាំងក្នុងវិស័យអចលនទ្រព្យនៅចិនតែម្តង។ តែយ៉ាងណាការធ្លាក់ចុះចរន្តទិញលក់ជួលក្នុងវិស័យអចលនទ្រព្យនេះ មិនមែនកើតមានឡើងតែក្នុងប្រទេសកម្ពុជានោះទេ ពោលគឺផ្សេងៗផ្សេងៗក្នុងតំបន់ និងលើពិភពលោកក៏ជួបបញ្ហានេះដូចគ្នា។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤ ខាងមុខនឹងមានភាពល្អប្រសើរជាតិឆ្នាំ២០២៣ ក្រោយសង្ឃឹមស្ថានការណ៍មួយចំនួនមានភាពល្អប្រសើរ។
មិនខុសគ្នានោះទេ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងមានភាពល្អប្រើសើរឡើងវិញនៅឆ្នាំក្រោយ បើទោះបីជាវិបត្តិសកលនានាដូចជាសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅហ្កាហ្សា ភាពតឹងភូមិសាស្ត្រនយោបាយសកល និងធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅតាមប្រទេសធំៗ នៅតែជាកត្តាប្រឈមសម្រាប់វិស័យនេះក៏ដោយ។ ការរំពឹងបែបនេះ ក្រោយអ្នកជំនាញរូបនេះសង្ឃឹមការហូរចូលអ្នកវិនិយោគបរទេសមកកាន់តំបន់អាស៊ី វានឹងជួយពាំនាំសាច់ប្រាក់ចូលមកដល់តំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ផងដែរ។
សម្រាប់លោក សន សៀប ទីផ្សារអចលនទ្រព្យកម្ពុជាបានវិវត្តន៍ឡើងចុះទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក ពោលគឺប្រសិនបើសេដ្ឋកិច្ចសកលមានភាពល្អប្រសើរ នោះវិស័យអចលនទ្រព្យរបស់កម្ពុជាក៏នឹងមានភាពល្អប្រសើរទៅតាមនឹងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤ នឹងកើនឡើងក្នុងសភាពយឺតៗប៉ុណ្ណោះ ប៉ុន្តែវានឹងក្លាយជាឱកាសល្អសម្រាប់ផ្ដល់ប្រាក់ចំណេញដល់អ្នកវិនិយោគលើផ្នែកអចលនទ្រព្យ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ មានកំណើនតិចតួចបើធៀបនឹងកំណើននៅឆ្នាំ២០២៣ ដែលរំពឹងទទួលបាន៥,៥% ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥៕