តម្លៃជី-ថ្នាំកសិកម្មកើនឡើងកាន់តែខ្ពស់

ក្រុមអ្នកជំនាញកសិកម្មបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ខណៈតម្លៃជី-ថ្នាំកសិកម្មកើនឡើងកាន់តែខ្ពស់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន


ក្រុមអ្នកជំនាញកសិកម្មបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ខណៈតម្លៃជី-ថ្នាំកសិកម្មកើនឡើងកាន់តែខ្ពស់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ តាំងពីមានវិបត្តិកូវីដ១៩មក តម្លៃជីកសិកម្មបានកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ដែលបង្កផលប៉ះពាល់ដល់ថ្លៃដើមផលិតនៃវិស័យកសិកម្មនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកជំនាញកសិកម្មបានព្រមានថា បច្ចុប្បន្នការផលិតកសិកម្មកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំងថែមទៀត ក្រោយរងឥទ្ធិពលអាក្រក់ពីវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដោយសារតែវាបានបង្ក តម្លៃជី-ថ្នាំកសិកម្ម ហក់ឡើងខ្ពស់ថែមមួយកម្រិតទៀត។
តម្លៃជី-ថ្នាំកសិកម្មកើនឡើង

យ៉ាងណាក៏ដោយចុះ អ្នកជំនាញជំរុញលើកទឹកចិត្តឲ្យកសិករជំនះឆ្លងកាត់បញ្ហាលំបាកនេះ បន្ដធ្វើកសិកកម្ម ពិសេសការដាំដុះស្រូវ ដ្បិតអ្នកជំនាញជឿជាក់ថា តម្លៃទីផ្សារស្រូវអង្ករឆ្នាំនេះ នឹងប្រសើរជាងឆ្នាំមុនៗ ព្រោះពិភពលោកកំពុងមានជួបបញ្ហាកង្វះខាតស្បៀងអាហារ។

លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន ស៊ិកនេតឈ័រ អហ្វអេស៊ា ខូអិលធីឌី បានគូសបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ តម្លៃជី-ថ្នាំកសិកម្ម បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យថ្លៃដើមផលិតកើនឡើង ហើយបញ្ហានេះ ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរ។ អ្នកជំនួញក្នុងការនាំចូលជី និងថ្នាំកសិកម្មមកកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន កាន់តែធ្វើឲ្យតម្លៃជី និងថ្នាំកសិកម្ម កើនថ្លៃបន្ថែមទៀត ខណៈអំឡុងវិបត្តិកូវីដ១៩ កសិករបានជួបបញ្ហានេះ រួចស្រាប់ទៅហើយ។ បើតាមឧកញ៉ា ចាន់ សុឃាំង វិបត្តិកូវីដ១៩ បានធ្វើឲ្យថ្លៃជី និងថ្នាំកសិកម្ម ឡើងចន្លោះពី៧០% ទៅ៨០% ទៅហើយ ប៉ុន្ដែបញ្ហាសង្រ្គាមរុស្សី និងអ៊ុយក្រែន ក៏បានធ្វើឲ្យថ្លៃជី និងថ្នាំកសិកម្ម បន្តហក់ឡើងថ្លៃពាក់កណ្ដាលថែមទៀត ដោយសារប្រទេសដែលផ្គត់ផ្គង់ធំៗ មួយចំនួនក៏បានផ្អាកក្នុងការនាំចេញ។

ក្រុមអ្នកជំនាញនិងអ្នកជំនួញធំៗក្នុងវិស័យកសិកម្ម រួមទាំងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងឧកញ៉ា ចាន់ សុឃាំង នាយកប្រតិបត្តិក្រុមហ៊ុន ស៊ិកនេតឈ័រ អហ្វអេស៊ា ខូអិលធីឌី សុទ្ធតែបានយល់ឃើញថា បញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម គឺជាបញ្ហាចម្បងក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្មកម្ពុជា និងអាចប៉ះពាល់ដល់ការផលិត និងទិន្នផលកសិកម្ម ពិសេសផលិតកម្មស្រូវនាឆ្នាំនេះតែម្ដង។ ដ្បិតថា តម្លៃជី និងថ្នាំកសិកម្ម បន្តឡើងថ្លៃ ក៏ដោយចុះ តែអ្នកជំនាញនៅតែបន្តលើកទឹកចិត្តឲ្យកសិករ បន្តការងារដាំដុះរបស់ខ្លួន ខណៈតម្រូវការស្បៀងអាហារលើពិភពលោកក៏កាន់តែមានតម្រូវការខ្ពស់ ដោយអ្នកជំនាញជំរុញឲ្យកសិករប្រើប្រាស់ជីធម្មជាតិ ក្នុងស្រុកជំនួសការប្រើប្រាស់ជីគីមីវិញ។

ដ្បិតកម្ពុជា មិនបាននាំចូលជី និងថ្នាំកសិកម្ម ពីប្រទេសផ្គត់ផ្គង់ធំៗ ដូចជា រុស្សី និងឥណ្ឌា ក៏ពិតមែន តែវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យបណ្ដាប្រទេសផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម ទាំងនេះ ផ្អាកសកម្មភាពនាំចេញរបស់ខ្លួន ដោយវាបានជះឥទ្ធិពលដល់បណ្ដាប្រទេសចែកចាយជី និងថ្នាំកសិកម្ម ទើបធ្វើឲ្យតម្លៃជី និងថ្នាំកសិកម្មនៅកម្ពុជា កាន់តែបន្តកើនឡើងជាបន្តបន្ទាប់។ បើតាមការគូសបញ្ជាក់ របស់អ្នកជំនាញ បច្ចុប្បន្ននេះ តម្លៃជីធម្មជាតិ មួយបេដែលមានទម្ងន់៥០គីឡូក្រាម មានតម្លៃ ១២ម៉ឺនរៀល ទៅ១៦ម៉ឺន៨ពាន់រៀល ខណៈមុនពេលមិនទាន់មានការផ្ទុះឡើងនៃសង្រ្គាមរុស្សី និងអ៊ុយក្រែន ជីប្រភេទនេះមានតម្លៃប្រមាណ ១០ម៉ឺនរៀល ទៅ១១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះក្នុងមួយបេ។ រីឯ ជីគីមី មួយបេទម្ងន់៥០គីឡូក្រាម បច្ចុប្បន្ន មានតម្លៃជិត២០ម៉ឺនរៀល ខណៈពីមុនមានតម្លៃ ប្រមាណ១២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយបេ៕

None



អត្ថបទបន្ទាប់


កម្ពុជារំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយវៀតណាម និងថៃ

កម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយពីមានការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាង…

តៃវ៉ាន់បញ្ជាឲ្យយន្ដហោះខ្លួនហោះព្រមានយន្ដហោះចិន៣០គ្រឿង ដែលបើកចូលដែនអាកាសតៃវ៉ាន់

កោះតៃវ៉ាន់បានរាយការណ៍នៅថ្ងៃទី៣០ឧសភាថា ប្រទេសចិនបានរំលោភបំពានដែនអធិបតេយ្យរបស់ខ្លួនជាថ្មីម្តងទៀតគិតចាប់តាំងពីខែមករាមក ដោយក្រុងតៃប៉ិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ